ឈ្មួញយកគ្រឿងចក្រអេស្កាវ៉ាទ័រទៅជីកកកាយភ្នំ ដឹកលក់យ៉ាងគគ្រឹកគ្រេង ខណ:មន្ត្រីជំនាញ និង អាជា្ញធរអះអាងថាមានច្បាប់ត្រឹមត្រូវចេញពីមន្ទីរជំនាញ

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

ខេត្តប៉ៃលិន ៖ ប្រជាពលរដ្ឋបានរាយការណ៍ឱ្យដឹងថា មានឈ្មួញម្នាក់ ឈ្មោះ វណ្ណ ធី បាន យកគ្រឿងចក្រអេស្កាវ៉ាទ័រ ទៅជីកកកាយដីភ្នំ ដឹកតាមរថយន្ត លក់តាមភូមិយ៉ាងគគ្រឹកគគ្រេង ខណ:អះអាងថា គេមានច្បាប់ទម្លាប់ត្រឹមត្រូវ ចេញពីមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ។ តែពេលភ្នាក់ងារសារព័ត៌មាន បានសួរនាំបែរជាអាជ្ញាធរមូលដ្ឋាន និងខាងមន្ទីរពាក់ព័ន្ធឆ្លើយដាក់គ្នាទៅវិញ ទៅមកយករួចខ្លួន ជាហេតុនាំឱ្យមានការងឿងឆ្ងល់ខ្លះៗ ។
ហេតុការណ៍ក្រុមឈ្មួញយកគ្រឿងចក្រទៅជីកកកាយដីភ្នំដឹកលក់នេះ បានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២១ ស្ថិតនៅជាប់នឹងបណ្តោយផ្លូវជាតិលេខ ៥៧ ក្នុងភូមិបឹងព្រលិត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ប្រភពព័ត៌មានបានឱ្យដឹងថា ក្រុមឈ្មួញ ដែលយកគ្រឿងចក្រទៅជីកកកាយដីភ្នំដឹកលក់យ៉ាងរលូនខាងលើមិនមានការរំខានដល់មន្រ្តីជំនាញ មាន ឈ្មោះ វណ្ណ ធី ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិក្ងោក ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយជីកកកាយដីភ្នំដឹកលក់នៅតាមភូមិជាយូរមកហើយ ។ ប្រភពបន្តទៀតថា ដីខាងលើគឺជាកម្មសិទ្ធិរបស់អនុភូមិទឹកចេញ ដោយអះ អាងថា មានប្លង់ត្រឹមត្រូវអស់ហើយ រីឯការជីកកកាយនេះ ក៏បានសុំច្បាប់ចេញពីមន្ទីរជំនាញរ៉ែ និងថាមពលខេត្ត ព្រមទាំងអាជ្ញាធរមូលដ្ឋានផងដែរ ។
បើតាមសម្តីលោក វណ្ណ ធី ម្ចាស់គ្រឿងចក្រខាងលើ បានរៀបរាប់ឱ្យដឹងដែរថា ៖ រូបគេបានសុំច្បាប់ខាងមន្រ្តីជំនាញអស់ហើយ ថែមទាំងមានអ្នកទៅយកលុយពេលគ្រឿងចក្រកំពុងជីកកកាយផងដែរ តែអត់បានចេញលិខិតអនុញ្ញាតឱ្យកាន់នឹងដៃនោះទេ ។ ចំណែកឯម្ចាស់ដីដែលខាងលោកជីកកកាយ ក៏គេមានប្លង់ និងមានការសុំច្បាប់ចេញពីមន្ទីរជំនាញអស់ហើយដែរ ។
ពាក់ព័ន្ធទៅនឹងបញ្ហានេះ លោក សុខ សួន ប្រធានមន្ទីររ៉ែ និងថាមពលខេត្តប៉ៃលិន បានឱ្យដឹងថា ៖ នៅឆ្នាំ២០២១ ខាងក្រសួងរបស់លោក បានបង្វែរការសុំច្បាប់ជីកកកាយដីនេះ ដោយឱ្យម្ចាស់គ្រឿងចក្រ និងម្ចាស់ដី ទៅសុំច្បាប់ចេញពីខាងអាជ្ញាធរ ស្រុក ក្រុង វិញ មិនពាក់ព័ន្ធនឹងមន្ទីររបស់លោកនោះឡើយ ។ លោកបន្តទៀតថា បើចង់ដឹងច្បាស់ អាចទាក់ទងទៅលោក សំ សារ៉េត អភិបាលស្រុកសាលាក្រៅ នោះទើបដឹងច្បាប់ជាងនេះ ។
ចំណែកលោក សំ សារ៉េត អភិបាលស្រុកសាលាក្រៅ បានបញ្ជាក់ឱ្យដឹងដែរថា ៖ ការសុំច្បាប់ ជីកកកាយដីដឹកលក់ មិនអាចអនុញ្ញាតឱ្យជីកកកាយដីភ្នំរបស់រដ្ឋបានឡើយ បើទោះបីជាម្ចាស់ដីកម្មសិទ្ធិនោះ មានប្លង់រឹងក៏ដោយ ព្រោះប៉ះពាល់ដល់បរិស្ថាន ។ លោកបន្តទៀតថា គ្រឿងចក្រខាងលើជីកកកាយដីភ្នំ ខាងលោកមិនបានអនុញ្ញាតិនោះទេ ហើយបើសិនជាមានករណីជីកកកាយ មែន ខាងលោក នឹងចាត់ឱ្យមន្ត្រីក្រោមឱវាទចុះទៅពិនិត្យមើល ៕ ដោយ ៖ នីយ៉ា

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

រំលង​ទៅ​របារ​ឧបករណ៍