ភ្ញៀវទេសចរចូលមកលេងកម្សាន្តក្នុងខេត្តប៉ៃលិននាឱកាសបុណ្យចូលឆ្នាំចិនជាង២ម៉ឺននាក់

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

(ខេត្តប៉ៃលិន)៖ នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិចិនវៀតណាមនេះ គេសង្កេតឃើញភ្ញៀវទេសចរជាតិ និងអន្តរជាតិបាននាំគ្នាចូលមកលេងកម្សាន្តក្នុងខេត្តប៉ៃលិនជាង២ម៉ឺននាក់ខណ:ដែលប្រជាពលរដ្ឋ និងអាជីវករលក់ដូរដាច់គួរឱ្យកត់សម្គាល់ផងដែរ។ លើសពីនេះ មុននឹងពួកគេចូលទៅលេងនៅតាមរមណីយដ្ឋានផ្សេងៗ ពួកគេតែងតែចូលទៅក្នុងរមណីយដ្ឋានប្រវត្តិសាស្រ្តភ្នំយ៉ាតដែលមានរូបសំណាកយាយយ៉ាតសម្រាប់ដុតធូបទៀន បន់ស្រន់សុំសេចក្តីសុខតាមដងផ្លូវផងដែរ។

ប្រភពព័ត៌មានពីភ្ញៀវទេសចរមកពីខេត្តបាត់ដំបងម្នាក់បានរៀបរាប់ឱ្យដឹងថា នាពេលបុណ្យចូលឆ្នាំចិននេះពួកគាត់បាននាំប្រពន្ធកូន និងបងប្អូន ធ្វើដំណើរមកកាន់រមណីយដ្ឋាននានាក្នុងខេត្តប៉ៃលិនដោយជួលបន្ទប់ផ្ទះសំណាក់សម្រាក១យប់ លុះព្រឹកឡើងនាំគ្នាទៅលេងរមណីយដ្ឋានចំការខ្នុរ រមណីយដ្ឋានម្លប់សាវម៉ាវ រមណីយដ្ឋានស្ទឹងត្រជាក់ចិត្ត រមណីយដ្ឋានផ្ទះបៃតង ជាពិសេសគឺចង់ទៅលេងទឹកជ្រោះនៅរមណីយដ្ឋានទឹកធ្លាក់ភ្នំខៀវដែលមានទឹកថ្លាយប់ដូចកញ្ចក់តែម្តង។ ពេលនាំគ្នាចុះងូតលេង ទឹកជ្រោះនេះ ពិតជាត្រជាក់កាយសប្បាយចិត្ត បំបាត់នូវទុក្ខកង្វល់ផ្សេងៗ ដែលធ្លាប់មិនកន្លង ទៅផងដែរ។

បើតាមការរៀបរាប់ពីលោក លឹម វាសនា ប្រធានមន្ទីរទេសចរខេត្តប៉ៃលិនបានឱ្យដឹងថា ភ្ញៀវទេសចរដែលធ្វើដំណើរចូលមកទស្សនាកម្សាន្តនៅទូទាំងខេត្តប៉ៃលិន នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ (ថ្ងៃទី៣នៃពិធីបុណ្យចូលឆ្នាំចិន) មានច្រើនគួរឱ្យកត់សម្គាល់។ លោកបន្តទៀតថា ភ្ញៀវទេសចរជាតិសរុបមានចំនួន ២៦,៨៨២នាក់ និងភ្ញៀវទេសចរអន្តរជាតិសរុបមានចំនួន៨នាក់ ដោយសរុបភ្ញៀវទេសចរជាតិ និងអន្តរជាតិមានចំនួន ២៦,៨៩០នាក់។

សូមបញ្ជាក់ថា នៅក្នុងខេត្តប៉ៃលិនមានកន្លែងដើរលេងកម្សាន្តយ៉ាងច្រើនដែលអាជ្ញាធរខេត្ត បានរៀបចំតុបតែងដើម្បីទទួលភ្ញៀវទេសចរ ហើយក៏មានរមណីយដ្ឋានឯកជនរបស់ប្រជាពលរដ្ឋផងដែរ។

 

 

 

 

 

 

 

 

 

 

 

 

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

រំលង​ទៅ​របារ​ឧបករណ៍