ទីតាំងលេងល្បែង «ភ្នាល់តាមប្រព័ន្ធអនឡាញប្រភេទកាស៊ីណូ » កំពុងបើកដំណើរការឡើងវិញហើយ

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

 

(ភ្នំពេញ)៖ ទីតាំងបើកលេងល្បែង «ភ្នាល់បៀរ ភ្នាល់បាល់ ភ្នាល់មាន់ និងល្បែងស៊ីសងគ្រប់ប្រភេទផ្សេងៗជាច្រើនតាមប្រព័ន្ធអនឡាញ» «កាស៊ីណូ អនឡាញ» ដ៏ធំកំពុងតែបើកដំណើរការយ៉ាងរលូន សូមអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋានជួយមានវិធានការចុះបង្ក្រាបផងទីតាំងល្បែងសុីសងមួយកន្លែងនេះស្ថិតនៅតាមបណ្ដោយផ្លូវ 51សង្កាត់ផ្សារថ្មី 3 ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ទីតាំងមួយកន្លែងនេះកំពុងតែលួចបើកដំណើរការ អាជីវកម្មល្បែងស៊ីសងខុសច្បាប់ «ភ្នាល់បៀរ ភ្នាល់បាល់ ភ្នាល់មាន់ និងល្បែងស៊ីសងគ្រប់ប្រភេទផ្សេងៗជាច្រើនតាមប្រព័ន្ធអនឡាញ» «កាស៊ីណូ អនឡាញ» បើកយ៉ាងរលូនដោយមិនទាន់មានចំណាត់ការបង្ក្រាបពីអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានឡើយ។

តាមប្រភពពីប្រជាពលរដ្ឋសុំមិនបញ្ចេញឈ្មោះ បានប្រាប់ឱ្យអ្នកសារព័ត៌មានយើងខ្ញុំដឹងថា មានទីតាំងល្បែងស៊ីសងប្រភេទកាស៊ីណូស្ថិតនៅសង្កាត់ខាងលើដោយមិនទាន់មានសមត្ថកិច្ចនៅក្នុងមូលដ្ឋានចុះធ្វើការបង្ក្រាបឡើយ ។

យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា ទីតាំងអុីនធឺណិតបានបើកដំណើរការទទួលជនញៀនល្បែងយ៉ាងអនាធិបតេយ្យ (ពោលគឺ) ក្នុងមួយថ្ងៃបើក ២៤ម៉ោង និង៧ថ្ងៃក្នុងមួយសប្តាហ៍ និងសម្បូរដោយជនចម្លែកៗចូលទៅលេងចំណែកឯមន្ត្រីពាក់ព័ន្ធថ្នាក់មូលដ្ឋានបែរជាសម្ងំស្ងៀមទៅវិញ។

ប្រជាពលរដ្ឋដែលរស់នៅតំបន់នោះបានលួចបង្ហើបប្រាប់សារព័ត៌មានទាំងភ័យខ្លាចថា ទីតាំងខាងលើនេះ សម្បូរក្មេងស្ទាវចេញចូលយ៉ាងសស្រាក់សស្រាំដោយពួកគាត់មានការភ័យខ្លាចចំពោះសុខទុក្ខរបស់គាត់នៅពេលយប់ពោលគឺ ទីណាមានល្បែងទីនោះមានចោរលួច ចោរប្លន់ វ៉ៃកាប់ចាក់ គាស់ផ្ទះប្រជាពលរដ្ឋជាមិនខាន។

ប្រជាពលរដ្ឋរូបនោះបន្តថា ទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះប្រហែលជាមានបុណ្យបារមីខ្ពស់ទើបអាចបំបាំងកាយមិនឱ្យសមត្ថកិច្ចថ្នាក់មូលដ្ឋានមើលឃើញទីតាំងរបស់ខ្លួនឬក៏ត្រូវដងត្រូវផ្លែគ្នាហើយបានជាសម្ងំស្ងៀមមិនមានវិធានការចុះបង្ក្រាប។

ក្នុងនោះដែរក៏មានមហាជនជាច្រើនបានសូមសំណូមពរដល់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ស ថេត អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ សូមមេត្តាចាត់កម្លាំងជំនាញចុះត្រួតពិនិត្យនិងបង្ក្រាបទីតាំងបនល្បែងស៊ីសងខាងលើនេះផងទាន៕

 

 

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

រំលង​ទៅ​របារ​ឧបករណ៍