គណ:គ្រប់គ្រងសាលាប៉ាងរលឹមបានសម្ដែងសេចក្ដីត្រេកអរ និងសេចក្ដីថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់អគារសិក្សាដ៏ថ្មីស្រឡាង១ខ្នងដែលត្រៀមនឹងសម្ពោធនាពេលខាងមុខនេះ

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

(ខេត្តប៉ៃលិន)៖ កាលពីព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ បើស្តាប់ពីប្រវត្តិនៃអនុវិទ្យាល័យប៉ាងរ លឹមដែលមានទីតាំងជាប់នឹងផ្លូវជាតិលេខ៥៧ ស្ថិតក្នុងភូមិប៉ាងរលឹម សង្កាត់អូតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ហាក់ដូចជាកំសត់ខ្លាំងណាស់ លោកគ្រូ អ្នកគ្រូ លោកនាយកសាលាព្រមទាំងគណ:គ្រប់គ្រងសាលាមានប្រវត្តិតស៊ូមិនធម្មតាមែនដោយខិតខំប្រឹងប្រែងអភិវឌ្ឍន៍ខ្លួន ជម្នះរាល់ឧបសគ្គ ការលំបាកនានាខណ:ពេលដែលសាលារៀននេះកាលពីមុនគឺខ្វះខាតគ្រប់សព្វបែបយ៉ាងពោលគឺខ្វះអគារសិក្សា មានផ្ទៃដីតូចចង្អៀតតែរហូតមកដល់ពេលនេះបានវិវត្តន៍ខ្លួនយ៉ាងល្អប្រសើរដោយកាលពីឆ្នាំ១៩៩៧-១៩៩៨ ពោលគឺជាង២០ឆ្នាំមុនមានសិស្សត្រឹមតែ ៣១នាក់ប៉ុណ្ណោះ។

បើតាមការរៀបរាប់ពីលោក អន ប៊ុនធឿន នាយកអនុវិទ្យាល័យ ប៉ាងរលឹមបានរៀបរាប់ឱ្យដឹងថា លោកពិតជាសប្បាយរីករាយយ៉ាងខ្លាំងបន្ទាប់ពីឃើញសមិទ្ធផលនៃសាលារៀននាឆ្នាំ២០២៣នេះ ប្រែខ្លួនពីសិស្សតិចតួចមករៀនរហូតដល់មានសិស្សជិត១០០០នាក់ ទទួលបាននូវអគារស្កឹមស្កៃពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា កម្ពស់៣ជាន់ មាន៣០បន្ទប់ដែលជាចំណងដៃដ៏រកថ្លែងពុំបានធ្វើឱ្យប្រជាពលរដ្ឋក្នុងភូមិនានាក្បែរនេះសប្បាយរីករាយយ៉ាងខ្លាំង។ លោកនាយកអនុវិទ្យាល័យ ប៉ាងរលឹម បានឱ្យដឹងទៀតថា កាលពីដំបូងឡើយ សាលារៀនប៉ាងរលឹម ដំណើរការកកើតកាលពីឆ្នាំ ២០០៧-២០០៨ ដោយដីសាងសង់សាលារៀននេះ ជាអំណោយសប្បុរសជននៅក្នុងភូមិព្រោះអ្នកភូមិជួបការលំបាកក្នុងការបញ្ជូនកូនចៅទៅរៀននៅឯក្រុងប៉ៃលិន ដែលឆ្ងាយពីផ្ទះប្រហែល២០គីឡូម៉ែត្រ ខណ:ពួកគាត់ព្រួយបារម្ភពីសុវត្ថិភាពចរាចរណ៍របស់កូនចៅតាមដងផ្លូវ ហើយចង់ឃើញសាលារៀនក្បែរផ្ទះកើតឡើង ទើបនាំគ្នាបរិច្ចាគដីម្នាក់បន្តិចៗ ហើយអ្នកដែលហ៊ានលះបង់ដីធ្លីសម្រាប់ប្រគល់ជូនសាលារៀន ទុកជាសម្បត្តិរដ្ឋមានប្រាំគ្រួសាររួមមាន៖

ទី១.លោក ទេព អេង
ទី២.លោក ស៊ឹម អាង
ទី៣.កែវ ឆក
ទី៤.អ្នកស្រី អន ជាវ
ទី៥.លោក សុខ លឿន ជាអ្នករស់នៅមូលដ្ឋានក្នុងភូមិក្បែរសាលារៀនខាងលើតែម្តងសរុបផ្ទៃដីជិត២ហិកតា។ លោកបញ្ជាក់ទៀតថា ទោះបីជាយ៉ាងណាក៏ដោយរហូតមកដល់បច្ចុប្បន្ននេះទៅហើយពួកគាត់ម្នាក់ៗនៅតែបន្តលះបង់ដីធ្លីផ្ទាល់ខ្លួនបន្ថែមទៀតសម្រាប់ឱ្យសាលារៀនធ្វើផ្លូវចូលទៅក្នុងសាលាទោះបីជាដីមានការឡើងថ្លៃ ព្រោះពួកគាត់បានមើលឃើញពីសារសំខាន់នៃវិស័យអប់រំ។ លោកបន្ថែមទៀតថា ប្រវតិ្តសាលារៀននេះ មានសិស្សត្រឹម ៣១នាក់ប៉ុណ្ណោះ ស្រី៦នាក់ សិស្សរៀនចប់ធ្វើជាគ្រូបង្រៀនក្នុងសាលានេះមានតែម្នាក់គត់។ ដំបូងមានអគារសាលារៀន១ខ្នង ជាតំបន់ព្រៃឫស្សីក្រាស់ជុំវិញសាលាសុទ្ធតែគ្រាប់មីនជាទីលានប្រយុទ្ធប៉ុន្តែ ដោយសារនយោបាយ ឈ្នះ ឈ្នះ សម្តេចតេជោ ហ៊ុន សែន ទើបមានសន្តិភាពប្រែក្លាយជាទីលានអប់រំវិញ។ លោកបញ្ជាក់ថា បច្ចុប្បន្នសិស្សមត្តេយ្យមានចំនួន៧១នាក់ (ស្រី៣២នាក់) សិស្សបឋម និងអនុវិទ្យាល័យមានចំនួន ៩៥៧នាក់ (ស្រី៤៨៦នាក់) មានបុគ្គលិកសរុបចំនួន៤០នាក់ (ស្រី២២នាក់) មានថ្នាក់មត្តេយ្យចំនួន ២ថ្នាក់ បឋម១២ថ្នាក់ អនុវិទ្យាល័យ១០ថ្នាក់។ លោកពិតជាមានមោទនភាពខ្លាំងរយ:ពេល១៦ឆ្នាំ សិស្សកើនឡើងដល់ជិត១០០០នាក់ លោកក៏សូមថ្លែងអំណរគុណលោកជំទាវ បាន  ស្រីមុំ អភិបាលខេត្តដែលបានជួយស្នើសុំអគារសាលារៀននេះជូនកូនចៅសង្កាត់អូរតាវ៉ៅ ក៏សូមថ្លែងអំណរគុណសម្តេចតេជោ និងសម្តេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានសាងសង់អគារសាលារៀននេះមិនទាន់បានសម្ពោធនៅឡើយទេខណ:ទើបតែសាងសង់កាលពីឆ្នាំ២០២២ កន្លងទៅនេះទុកជាចំណងដៃជូនកូនចៅពលរដ្ឋក្នុងខេត្តប៉ៃលិន។ លោកសូមគោរពជូនពរសម្តេចទាំងទ្វេមានសុខភាពល្អ កម្លាំងមាំមួន បន្តដឹកនាំប្រទេសជាតិឱ្យមានការរីកចម្រើនជឿនលឿនថែមទៀត។

បើតាមការរៀបរាប់ពីស្រ្តីម្នាក់ ឈ្មោះ ទឹម គឹមឡាង មានកូនចំនួន២នាក់រៀននៅក្នុងសាលាខាងលើ តំណាងឱ្យមាតាបិតាសិស្សបានឱ្យដឹងដែរថា គាត់ពិតជាសប្បាយរីករាយខ្លាំងពេលទទួលបានសាលារៀនថ្មីស្រឡាង១ខ្នងដើម្បីឱ្យកូនរបស់គាត់ចូលរៀនចាប់តាំងពីថ្នាក់មតេ្តយ្យរហូតដល់អនុវិទ្យាល័យព្រោះនៅក្បែរផ្ទះងាយស្រួលជិះម៉ូតូមកដឹកកូនទៅរៀន និងដឹកត្រឡប់ទៅផ្ទះវិញតែអ្វីដែលពួកគាត់ចង់បានបន្ថែមនោះគឺស្នើសុំឱ្យខាងមន្ទីរអប់រំ យុវជននិងកីឡាខេត្តប៉ៃលិន ក៏ដូចជាអាជ្ញាធរខេត្តបានបន្តធ្វើបច្ចុប្បន្នភាពសាលារៀននេះឱ្យក្លាយទៅជាវិទ្យាល័យដើម្បីកុំឱ្យកូនៗរបស់ពួកគាត់បន្ទាប់ពីចប់អនុវិទ្យាល័យហើយត្រូវជិះម៉ូតូ ឬកង់ទៅរៀននៅវិទ្យាល័យក្នុងក្រុងប៉ៃលិនដែលមានរយ:ចម្ងាយឆ្ងាយខ្លាំងទើបពួកគាត់បារម្ភពីបញ្ហាគ្រោះថ្នាក់ដែលជាហេតុប្រឈមឱ្យកូនៗរបស់ពួកគាត់បោះបង់ការសិក្សាផងដែរ។

ចំណែកលោក ឆន ម៉េងគ្រុយ ប្រធានគណ:កម្មការសាលារៀនខាងលើបានឱ្យដឹងដែរថា ខាងលោកក៏ដូចជាលោកគ្រូ អ្នកគ្រូ និងគណ:កម្មការទាំងអស់ពិតជារំភើប និងសប្បាយរីករាយយ៉ាងខ្លាំងដោយរហូតមកដល់ពេលនេះអនុវិទ្យាល័យ ប៉ាងរលឹម មានអគារដ៏ខ្ពស់ស្កឹមស្កៃអាចឱ្យកូនៗរបស់ពួកគាត់ចូលរៀនសូត្ររហូតដល់ចប់ថ្នាក់ទី៩។ លោកបន្តទៀតថា តែអ្វីដែលប្រជាពលរដ្ឋចង់បានខ្លាំងបំផុតនោះគឺចង់ឱ្យអាជ្ញាធរខេត្តអភិវឌ្ឍន៍សាលារៀនខាងលើនេះទៅជាវិទ្យាល័យតែម្តងព្រោះពួកគាត់មានតម្រូវការចាំបាច់ខ្លាំងខណ:កូនៗរៀនចប់ថ្នាក់ទី៩ត្រូវបន្តទៅរៀននៅវិទ្យាល័យក្នុងក្រុងប៉ៃលិនគឺជួបនឹងការលំបាកជាច្រើនដោយឪពុកម្តាយត្រូវចំណាយថវិកាសម្រាប់ទិញម៉ូតូឱ្យកូនជិះទៅរៀន ចំណាយថ្លៃសម្ភារ:សិក្សា ថ្លៃម្ហូបអាហារ ថ្លៃសាំងប្រចាំថ្ងៃ។ ដូច្នេះគណ:កម្មការសាលាព្រមទាំងប្រជាពលរដ្ឋក៏បាននាំគ្នាស្នើសុំឱ្យខាងមន្ទីរអប់រំយុវជន និងកីឡាខេត្ត ព្រមទាំងរដ្ឋបាលខេត្តប៉ៃលិន សូមជួយឱ្យអនុវិទ្យាល័យខាងលើនេះ បានក្លាយទៅជាវិទ្យាល័យផងដែរព្រោះនៅជិតផ្ទះងាយស្រួលក្នុងការតាមដានសកម្មភាពកូនៗរបស់ខ្លួន កាត់បន្ថយការចំណាយ និងជៀសវាងអត្រាការបោះបង់ការសិក្សាបានច្រើនផងដែរ ដោយសព្វថ្ងៃ ក្រោយពេលកូនៗរបស់ពួកគាត់មួយចំនួនរៀនចប់អនុវិទ្យាល័យដោយសារវិទ្យា ល័យនៅឆ្ងាយ ឪពុកម្តាយភាគច្រើនគឺឱ្យកូនៗឈប់រៀនដោយលើកពីហេតុផលខាងលើ៕

 

 

 

 

 

 

 

 

 

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

រំលង​ទៅ​របារ​ឧបករណ៍