សិស្សានុសិស្សនិងលោកគ្រូ អ្នកគ្រូសប្បាយរីករាយពេលបានចូលរៀនថ្ងៃដំបូង ខណ:ដែលសាលារៀនត្រូវបិទទ្វារអស់រយ:ពេលជាយូរដោយសារបញ្ហាវិបត្តិជំងឺកូវីដ១៩

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

ខេត្តប៉ៃលិន ៖ រហូតមកដល់ព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ សិស្សានុសិស្សនិងលោ កគ្រូ អ្នកគ្រូមានការសប្បាយរីករាយយ៉ាងខ្លាំង ពេលឃើញសាលារៀនត្រូវបានបើកឱ្យដំណើរការឡើងវិញបន្ទាប់ពីបិទទ្វារអស់រយ:ពេលជាច្រើនខែកន្លងមកដោយសារការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ចូលក្នុងសហគមន៍ ។
បើតាមការរៀបរាប់របស់យុវជនម្នាក់ ឈ្មោះ រតន: ជាសិស្សរៀនថ្នាក់ទី៩ នៃអនុវិទ្យាល័យបរយ៉ាខា បានឱ្យដឹងថា ៖ តំណាងឱ្យសិស្សានុសិស្សទាំងអស់ ពួកគេពិតជាសប្បាយរីករាយយ៉ាងខ្លាំងដែលបានចូលរៀននាថ្ងៃដំបូងនេះក្រោយពីទទួលការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ លើកទី២ រួចរាល់ដោយត្រូវបានរដ្ឋបាលខេត្តប៉ៃលិនអនុញ្ញាតឱ្យពួកគេចូលរៀនសារជាថ្មីឡើងវិញ ។ បន្ទាប់ពីសាលារៀនទាំងអស់នៅក្នុងខេត្តក៏ដូចជាទូទាំងប្រទេសកម្ពុជា ត្រូវបានបិទទ្វារដោយសារតែការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ ។ ក្នុងការចូលរៀននេះ ពួកគេទាំងអស់គ្នាបានធ្វើតាមការណែនាំរបស់ប្រមុខរាជរដ្ឋភិបាល (៣ការពារ ៣កុំ) និងអនុវត្តតាមវិធានការនានារបស់ក្រសួងសុខាភិបាលដោយលាងដៃជាមួយសាប៊ូ ទឹកអាល់កុលឬជែល ពាក់ម៉ាសជាប់ជានិច្ច ព្រមទាំងរក្សាគម្លាតសុវត្ថិភាពផងដែរ ។ ពួកគេក៏សូមថ្លែងអំណរគុណដល់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុញ្ញាតឱ្យដំណើរការចូលរៀនឡើងវិញ ។
បើតាមលោកការរៀបរាប់ពីលោក ទាវ សាម៉ុន ជាគ្រូបង្រៀនគណិតវិទ្យានៃអនុវិទ្យាល័យបរយ៉ាខាបានឱ្យដឹងថា ៖ លោកបង្រៀនសិស្សចំនួន៣ថ្នាក់ សរុបចំនួន៦៤នាក់ ហើយនៅពេលនេះ លោកពិតជាសប្បាយចិត្តខ្លាំង ខណ:ដែលសាលារៀនបានបើកឱ្យដំណើរការឡើងវិញ ។ បន្ទាប់ពីបានបិទទ្វារអស់រយ:ពេលជាច្រើនខែ ដោយមានតែការបង្រៀនតាមប្រព័ន្ធអ៊ីនធើណេតប៉ុណ្ណោះ ។ លោកបន្តទៀតថា ការបង្រៀនតាមប្រព័ន្ធអនឡាញពិតជាជួបការលំបាកច្រើន ដោយជួនកាលសិស្សនៅតំបន់ពុំសូវមានសេវា សិស្សខ្លះពុំមានទូរស័ព្ទទំនើបប្រើទើបលំបាកក្នុងការមើលមេរៀនក៏ដូចជាលំបាកក្នុងការពន្យល់ ដើម្បីឱ្យសិស្សងាយយល់ជាដើម ។ លោកបញ្ជាក់ទៀតថា តែពេលសាលាបើកឡើងវិញ ការបង្រៀនផ្ទាល់បង្កភាពងាយស្រួលជាងព្រោះអាចពិនិត្យ និងស្ទង់មើលចំណេះដឹងសិស្សព្រមទាំងអាចសួរនាំត្រង់កន្លែងណាដែលឆ្ងល់និងធ្វើការពន្យល់បានក្បោះក្បាយថែមទៀត ។ លោកក៏សូមអរគុណដល់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដែលបានបើកឱ្យសាលារៀនមួយចំនួននៅក្នុងខេត្តប៉ៃលិនឱ្យដំណើរការចូលរៀនសារជាថ្មីឡើងវិញ ។ ទោះបីជាយ៉ាងណា នៅក្នុងសាលារៀនរបស់លោក មុននឹងចូលដល់បន្ទប់រៀនគឺមានអ្នកឈរចាំបាញ់អាល់កុលព្រមទាំងពិនិត្យកំដៅដើម្បីការពារកុំឱ្យឆ្លងរាលដាលនៃជំងឺកូវីដ១៩សារជាថ្មីឡើងវិញ ។
ចំណែកលោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និង កីឡាខេត្តប៉ៃលិន បានឱ្យដឹងដែរថា ៖ ខាងមន្ទីរបានដាក់បទបញ្ជាផ្ទៃក្នុងសុខភាពសិក្សាចំនួន៨ចំនុច:
ទី១. លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ ៣កុំ

ទី២. ត្រូវបានចាក់វ៉ាក់សាំងទាំងពីរលើករួច
ទី៣. ត្រូវពាក់ម៉ាសជាប្រចាំក្នុងបរិវេណសាលាក្នុងនិងក្រៅបន្ទប់រៀន
ទី៤. ត្រូវឆ្លងកាត់ការវាស់កំដៅមុននឹងចូលបរិវេណសាលានិងក្នុងបន្ទប់រៀន ។ ករណីរកឃើញមានកម្តៅចាប់ពី ៣៧.៥0 អង្សាសេឡើងទៅមិនត្រូវអនុញ្ញាតឱ្យចូលក្នុងគ្រឹះស្ថានសិក្សាឡើយ ។
ទី៥. ត្រូវបានអនុញ្ញាតឱ្យលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សឈប់សម្រាកក្នុងករណីមានអាការ:ដូចជា ៖ ក្តៅខ្លួន ក្អក ហៀរសំបោរ ឈឺបំពង់ក. ពិបាកដកដង្ហើមនិងមានរោគសញ្ញាផ្សេងៗ ទៀតនៃជំងឺឆ្លងឬប៉ះពាល់ជាមួយអ្នកជំងឺកូវីដ ១៩ អ្នកដែលបានធ្វើដំណើរចេញក្រៅខេត្ត និងអ្នកធ្លាប់ទៅតំបន់ហានិភ័យខ្ពស់ ។
ទី៦. ហាមលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សចេញក្រៅខេត្តឬទៅតំបន់មានហានិភ័យខ្ពស់ ។ ក្នុងករណីចាំបាច់ត្រូវសុំការអនុញ្ញាតប៉ុន្តែពេលត្រឡប់មកវិញត្រូវធ្វើចត្តាឡីស័ក ១៤ថ្ងៃនិងមានចំណាត់ការដ្ឋបាលពីប្រធានអង្គភាព ។
ទី៧. ហាមសកម្មភាពជួបជុំ លេងកីឡា ល្បែងកុមារក្នុងបរិវេណគ្រឹះស្ថានសិក្សា
ទី៨. ហាមការលក់នំចំណីអាហារទាំងនៅក្នុងនិងក្រៅរបងគ្រឹះស្ថានសិក្សា ។
លោកបន្តទៀតថា ថ្ងៃនេះនៅទូទាំងខេត្តបើកសាលារៀនចំនួន៣៦កន្លែងចាប់ពីបឋមសិក្សារហូតដល់អនុវិទ្យាល័យដោយមានសិស្សប្រមាណ១១០៦៧នាក់ ។ រីឯនៅតាមសាលារៀន ដែលជាតំបន់មានហានិភ័យទាបគឺនឹងបើកឱ្យដំណើរការជាបន្តបន្ទាប់នៅថ្ងៃខាងមុខ ៕

 

 

 

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

រំលង​ទៅ​របារ​ឧបករណ៍