សមាគម ស.ស.ស បានស្នើលិខិតទៅអភិបាលខេត្តស្ទឹងត្រែងដើម្បីសុំការអន្តរាគមន៍និងចាត់វិធានការទៅលើលោក សាយ សុក្រាបទ

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

 

(ខេត្តស្ទឹងត្រែង)៖ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ លោក ឆេង សុវីន ប្រធានសមាគមសម្ព័ន្ធអ្នកសារព័ត៌មានដើម្បីសេដ្ឋកិច្ចជាតិ ស.ស.ស បានស្នើលិខិតទៅឯកឧត្តម ម៉ុម សាវឿន អភិបាលខេត្តស្ទឹងត្រែងដើម្បីសុំការអន្តរាគមន៍និងចាត់វិធានការទៅលើលោក សាយ សុក្រាបទ មន្ត្រីប្រធានការិយាល័យ ក.ប.ប ខេត្តស្ទឹងត្រែងនិងបក្ខពួក ករណីកំហែងយក គំរាមកំហែងនិងញុះញង់ឲ្យប្រព្រឹត្តអំពើពុករលួយ (សូកប៉ាន់)។
សូមជម្រាបជូនថា កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១កន្លងទៅម្ចាស់ម៉ាត២៥០០៛បានដាក់ពាក្យស្នើសុំអន្តរាគមន៍មកសមាគមសម្ព័ន្ធអ្នកសារព័ត៌មានដើម្បីសេដ្ឋកិច្ចជាតិ ស.ស.ស ដើម្បីជួយសុំអន្តរាគមន៍ទៅក្រសួងស្ថាប័នពាក់ពន្ធ័ ក៏ដូចជារាជរដ្ឋាភិបាលក្នុងគោលបំណងជួយរកយុត្តិធម៌ចំពោះរូបគាត់ដែលជាអ្នករកស៊ីតូចតាច ក្រោយពីឈ្មោះ សាយ សុក្រាបទ និងបក្ខពួកចុះមកគំរាមកំហែង និយាយបំភិតបំភ័យនិងជំរិតទារប្រាក់ចំនួន២០លានរៀលជាថ្នូរបិទសំណុំរឿងមិនបញ្ជូនទៅតុលាការ។
គួរបញ្ជាក់ផងដែរថា កាលពីខែសីហា ឆ្នាំ២០២១ ឈ្មោះ សាយ សុក្រាបទ និងបក្ខពួកសរុបចំនួន០៦នាក់បានអះអាងថាជាមន្រ្តី ក.ប.ប. ខេត្តស្ទឹងត្រែងបានចូលទៅទីតាំងម៉ាត់២៥០០៛មួយកន្លែងស្ថិតនៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដោយខុសច្បាប់និងខុសនីតិវិធីថែមទាំងរុះរើអីវ៉ាន់ ពេញម៉ាតដោយគ្មានសុំការអនុញ្ញាតនិងបានធ្វើការដកហូតអាល់កុលសរុបចំនួន ១១កាន , ១ពីដុង និង ២២ដប ដោយចោទថាអាល់កុលក្លែងក្លាយ។ ឈ្មោះ សាយ សុក្រាបទ និងបក្ខពួក បានធ្វើការដកហូតអីវ៉ាន់យ៉ាងប្រញាប់ប្រញាល់ដោយគ្មានការបិទតែមត្រឹមត្រូវនៅលើវត្ថុតាងឡើយ ដែលវត្ថុតាងទាំងនោះអាចមួលគម្របដបអាល់កុលផ្លាស់ប្ដូរអង្គធាតុផ្សេងបានយ៉ាងងាយស្រួលទាំងនេះជាក្ដីបារម្ភរបស់ម្ចាស់ម៉ាតខ្លាចខ្លួនក្លាយជាជនខុសច្បាប់ពុំបានដឹងខ្លួន ដូច្នេះខ្លួនបានសម្រេចដាក់ពាក្យបណ្ដឹងទៅកាន់សាលាដំបូងខេត្តស្ទឹងត្រែងនិងស្នើសុំឲ្យសមាគមជួយអន្តរាគមន៍ទៅស្ថាប័នពាក់ពន្ធ័ជួយរកយុត្តិធម៌ផង។
ប្រជាពលរដ្ឋ អាជីវករនិងអ្នកវិនិយោគធំតូច សង្ឃឹមយ៉ាងមុតមាំថា រាជរដ្ឋាភិបាលក៏ដូចជាអភិបាលខេត្តស្ទឹងត្រែង ព្រមទាំងស្ថាប័នពាក់ព័ន្ធមិនបណ្ដែតបណ្ដោយឲ្យមន្ត្រីខិលខូចមួយក្ដាប់តូច បន្តសកម្មភាពបំផ្លាញសន្លឹកឆ្នោតរបស់រាជរដ្ឋាភិបាលនិងកិច្ចខិតខំប្រឹងប្រែងរបស់គណៈពង្រឹងខេត្តតែងតែចុះមូលដ្ឋានយកចិត្តទុកដាក់ស្វែងរកទីផ្សារលើកទឹកចិត្តចំពោះប្រពជាពលរដ្ឋអាជីករគ្រប់ប្រភេទ។ទង្វើរបស់ឈ្មោះ សាយ សុក្រាបទ និងបក្ខពួកមិនខុសពីអ្វីដែលហែកសន្លឹកឆ្នោតនោះឡើយព្រោះថាប្រាសចាកពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំខេត្តនិងក្រសួងពាណិជ្ជកម្មតែងគាំពារអាជីវករធំតូចគ្រប់វិស័យក្នុងគោលបំណងកាត់បន្ថយភាពក្រីក្របង្កើតការងារជូនប្រជាពលរដ្ឋ ប៉ុន្តែ ឈ្មោះ សាយ សុក្រាបទ និងបក្ខពួកបែរជាចុះមកធ្វើទុកបុកម្នេញ គៀបស៊ីក្រោមលេសអនុវត្តច្បាប់ទៅវិញ ធ្វើឲ្យប្រជាពលរដ្ឋបាត់បង់ជំនឿទៅលើការអនុវត្តច្បាប់៕

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

រំលង​ទៅ​របារ​ឧបករណ៍