បទល្មើសសម្រាស់កើតឡើងពេញផ្ទៃទឹកក្នុងស្រុកកំពង់លែង ពលរដ្ឋលើកឡើងថា មិនទាន់ឃើញសមត្ថកិច្ចពាក់ព័ន្ធចុះបង្ក្រាបនោះទេ

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

(ខេត្តកំពង់ឆ្នាំង)៖ ក្រុមឈ្មួញបទល្មើសនេសាទហ៊ុំសម្រាស់ចាប់ត្រីរាប់រយដុំ ពាសពេញផ្ទៃទឹកក្នុងភូមិសាស្រ្ត ឃុំផ្លូវទូក ស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង ដំណើរការយ៉ាងរលូនជារៀងរាល់ថ្ងៃហាក់បីដូចជាមិនមានរស៊ើបដល់អាជ្ញាធរ ឬសមត្ថកិច្ចមន្ត្រីជំនាញពាក់ព័ន្ធណាមួយធ្វើការបង្ក្រាបសោះឡើយ ប្រជាពលរដ្ឋដាក់ការសង្ស័យថា ប្រហែលជាមន្ត្រីជំនាញពាក់ព័ន្ធបានសើមមាត់ សើមកអស់ហើយមើលទៅបានជានៅស្ងៀមស្ងាត់ឱ្យចឺម។

កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមអ្នកសារព័ត៌មានបានចុះទៅដល់ទីតាំងបទល្មើសហ៊ុំសម្រាស់ជម្រកត្រីពងត្រង់ចំណុចចុងផ្លូវទូក , ក្បាលកោះអ្នកតា , ថ្នល់ឈើទាល , និងចំណុចសាលាថ្មរហូតដល់ចំណុចកោះខ្ចៅស្ថិតក្នុងភូមិសាស្រ្តឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ក្នុងនោះសម្រាស់មួយចំនួនបានហ៊ុំព័ទ្ធចាប់ត្រីរួចរាល់ ខ្លះកំពុងធ្វើសកម្មភាពហ៊ុំចាប់ត្រីដែលនៅសេសសល់ជាច្រើនរយដុំទៀតកំពុងត្រៀមចាប់ជាបណ្តើរៗ នៅតាមចន្លោះដងព្រែកក្នុងភូមិសាស្ត្រខាងលើហើយសងខាងព្រែកគឺទុកតែមួយចន្លោះកណ្ដាលសម្រាប់ចរាចរណ៍ ទូក កាណូតតែប៉ុណ្ណោះសល់ពីហ្នឹងគឺសុទ្ធតែសម្រាស់ទាំងធំទាំងតូចរាប់រយដុំ ។

បើយោងតាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្បែរនោះក្នុងលក្ខណៈសុំមិនបញ្ចេញឈ្មោះបានបានប្រាប់ឱ្យដឹងថា ការប្រព្រឹត្តបទល្មើសនេសាទខាងលើនេះតែងតែកើតមានឡើងជារៀងរហូតឡើងដុះស្លែហើយ ពុំដែលឃើញមានសមត្ថកិច្ចមន្ត្រីជំនាញពាក់ព័ន្ធណាមកធ្វើការចុះបង្ក្រាបនោះទេ ហើយក្រុមឈ្មួញដែលប្រព្រឹត្តបទល្មើសនេសាទនោះហាក់បីដូចជាមិនខ្លាចញញើតនឹងច្បាប់ ឬអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធណាសោះឡើយបែបជាបានសែនសំណែនហើយមើលទៅ។

ពោលគឺក្រុមឈ្មួញបទល្មើសនេសាទទាំងនោះបែរជាបានទទួលភាពកក់ក្តៅពីអ្នករត់ការសម្រាស់ឈ្មោះ ហួរ ដែលរស់នៅភូមិផ្លូវទូក ឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដែលគេបាននិយាយត្រូវរ៉ូវគ្នា ជាមួយសមត្ថកិច្ចជំនាញពីថ្នាក់លើដល់ថ្នាក់ក្រោមរួចរាល់អស់ហើយទើបមានការនេសាទទៅបានយ៉ាងរលូនបែបនេះ ជាពិសេសប្រហែលជាមានការជ្រោមជ្រែង បើកភ្លើងខៀវពីលោកនាយសង្កាត់ ឌុល ចាន់ឌី ថែមទៀតផងមើលទៅ។

ប្រជាពលរដ្ឋក៏បានបន្តទៀតផងដែរថា ពួកគាត់មានការងឿយឆ្ងល់ថា សព្វថ្ងៃនេះគ្រាន់តែពួកគាត់ចាប់ត្រីតូចតាចលក្ខណៈគ្រួសារបន្តិចបន្តួចគ្រាន់នឹងចិញ្ចឹមជីវិតក្នុងជីវភាពគ្រួសារប៉ុណ្ណោះ ភ្នែកនៅកញ្ចឹងកបាត់ហើយដោយសារតែពួកគាត់គ្មានលទ្ធភាពបង់ ឱ្យមន្ត្រីជំនាញពាក់ព័ន្ធដូចក្រុមឈ្មួញទាំងនោះទេ តើភាពខុសគ្នារវាងការនេសាទតូចតាចលក្ខណៈគ្រួសារ និងការនេសាទបែបអាជីវកម្មទ្រុងទ្រាយធំគួរបង្ក្រាបមួយណា?  បានជាពួកគាត់ពិបាកក្នុងការរកទទួលទានចិញ្ចឹមជីវិតដូចសព្វថ្ងៃនេះ?

ប្រជាពលរដ្ឋជាច្រើនគ្រួសារបានទទូចស្នើសុំដល់លោក ឌុល ចាន់ឌី នាយសង្កាត់ជលផល ស្រុកកំពង់លែង និងលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ជាពិសេស ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ  មេត្តាជួយចាត់វិធានការនូវបទល្មើសនេសាទ បែបយ៉ាងអាណាធិបតេយ្យរបស់ក្រុមឈ្មួញបទល្មើសនេសាទចំណុចទីតាំងខាងលើនេះផងទាន ។

ទាំងនេះជាការលើកឡើងមួយជ្រុងពីប្រជាពលរដ្ឋនៅទីនោះតែប៉ុណ្ណោះដោយឡែកលោកឌុល ចាន់ឌី អង្គភាពសារព័ត៌មានយើងពុំអាចសុំការបំភ្លឺបានទេ ពាក់ព័ន្ធករណីនេះ ដោយព្យាយាមខលតាមរយ:លេខទូរស័ព្ទ ០៩៧៤៨០៧១៧១ ចូលមិនលើក។

ដូចជាការលើកឡើងរបស់ប្រជាពលរដ្ឋពិតប្រាកដមែន លោកនាយសង្កាត់ម្នាក់នេះកំពុងតែគឃ្លើនលើបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលបង្ក្រាបរាល់បទល្មើសនេសាទដែលផ្ទុយពីច្បាប់ស្តីពីជលផលចូលរួមថែរក្សាធនធានធម្មជាតិជីវៈចម្រុះព្រៃលិចទឹកជុំវិញបឹងទន្លេសាបឱ្យមាននិរន្តរ៍ភាព។

បើយោងតាមប្រសាសន៍របស់នាយករដ្ឋមន្ត្រីពីអាណត្តិមុនបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ទៅលើការបង្ក្រាបបទល្មើសនេសាទគ្រប់ប្រភេទដែលផ្ទុយពីច្បាប់ហើយឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងជាគណៈបញ្ជាការឯកភាពខេត្ត បានមានប្រសាសន៍ថា លោកបានសន្យាជាមួយសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីថាចុះបង្ក្រាប បទល្មើសនេសាទខុសច្បាប់នេះឱ្យអស់បើមិនអស់ទេគឺប្រឈមមុខនឹងដកចេញពីការងារ។

 

 

 

 

 

 

 

 

 

 

 

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

រំលង​ទៅ​របារ​ឧបករណ៍