ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង លើកទឹកចិត្តកម្លាំងក្រោមឱវាទមុនឱកាសបុណ្យចូលឆ្នាំខ្មែរឈានមកដល់
នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញបានប្រមូលផ្តុំកងកម្លាំងក្រោមឱវាទទូទាំងរាជធានីមកជួបជុំគ្នានៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីជួបសំណេះសំណាល សួរសុខទុក្ខមុនឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរមកដល់ព្រមទាំងបានរៀបចំអំណោយរួមមានអាវយឺតបោះពុម្ពឡូកូអាវុធហត្ថ និងទឹកក្រូចដប ទឹកសុទ្ធ ទឹកដោះគោចំនួន ២,៥០០ឈុត ប្រគល់ជូនដល់បងប្អូន នាយទាហាន នាយទាហានរង និងពលទាហានចំណុះអង្គភាពអាវធហត្ថរាជធានីភ្នំពេញ ទាំងមូលជាអំណោយលើកទឹកចិត្ត និងអបអរសាទរបុណ្យចូលឆ្នាំថ្មី។
ក្នុងឱកាសជួបជុំនេះផងដែរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានមានប្រសាសន៍ពាំនាំនូវការសួរសុខទុក្ខ និងពាក្យជូនពររបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសជូនចំពោះកម្លាំងអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ព្រមទាំងក្រុមគ្រួសារផងដែរជាពិសេសលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានសម្តែងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះកងកម្លាំងក្រោមឱវាទទាំងអស់ដែលបានលះបង់កម្លាំងកាយកម្លាំងចិត្តបំពេញភារកិច្ចយ៉ាងហត់នឿយ ពេញមួយឆ្នាំទល់មួយឆ្នាំកន្លងមកក៏ដូចជាបានរួមសុខរួមទុក្ខជាមួយលោកផ្ទាល់រយៈពេល១២ឆ្នាំដែលលោកមកកាន់ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញរហូតដល់បច្ចុប្បន្ននេះហើយលោកក៏បានយល់ និងដឹងច្បាស់ថា ក្នុងនាមជាកងកម្លាំងគឺពិតជាមានពេលវេលាតិចតួចណាស់សម្រាប់គ្រួសារជាពិសេសនៅគ្រប់ពិធីបុណ្យជាតិ សាសនាដែលបងប្អូនប្រជាពលរដ្ឋជួបជុំគ្រួសារដើរលេងសប្បាយគឺជាពេលដែលកម្លាំងសមត្ថកិច្ច រឹតតែត្រូវយកចិត្តទុកដាក់លើកកម្ពស់ស្មារតីទទួលខុសត្រូវ លើការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនដល់ប្រជាពលរដ្ឋកាន់តែមមាញឹកជាងពេលធម្មតាដូច្នេះហើយទើបជារៀងរាល់ឆ្នាំ លោកតែងឆ្លៀតពេលរៀបចំពិធីជួបជុំនេះឡើងដើម្បីសំណេះសំណាលសួរសុខទុក្ខដោយភ្ជាប់ជាមួយអំណោយជាចំណងដៃលើកទឹកចិត្តព្រមទាំងរៀបចំពិធីជប់លៀងជូនដល់កម្លាំងអាវុធហត្ថ រាជធានីភ្នំពេញទាំងមូលបានចូលរួមសប្បាយមុនថ្ងៃចូលឆ្នាំថ្មីមកដល់ ដើម្បីជាការអបអរសាទរ និងទុកពេលវេលាការពារប្រជាពលរដ្ឋក្នុងថ្ងៃចូលឆ្នាំមកដល់ដោយអំណោយឆ្នាំនេះគឺក្នុងម្នាក់ៗ ទទួលបានទឹកក្រូចដប ០១កេស, អាវយឺតបោះពុម្ពឡូហ្គោអាវុធហត្ថ០១, ទឹកដោះគោបឺត ចំនួន ០២យួរព្រមទាំងទឹកសុទ្ធគ្រប់ៗគ្នារីឯពិធីជប់លៀងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ខាងមុខ។
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏បានរំលឹកផងដែរថា ទោះឋិតក្នុងកាលៈទេសៈណាក៏ដោយបងប្អូនត្រូវចងចាំជានិច្ចនូវវីរភាពលះបង់ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានយកជីវិតធ្វើដើមទុនឆ្ពោះទៅរកការរំដោះជាតិ រំដោះប្រជាជនកម្ពុជានាថ្ងៃ ៧ មករា ១៩៧៩ ឱ្យរួចផុតពីរបបវាលពិឃាតប្រល័យពូជសាសន៍សម្លាប់ប្រជាជនខ្មែរអស់ជាង៣លាននាក់គឺរបបកម្ពុជាប្រជាធិបតេយ្យ ប៉ុល ពត ហើយ សម្តេចតេជោ ជាស្ថាបនិក មគ្គុទ្ទេសក៍ឯកដែលបានដាក់ចេញនូវនយោបាយឈ្នះឈ្នះបញ្ចប់អង្គការចាត់តាំងនយោបាយ និងយោធាខ្មែរក្រហមទាំងស្រុងធ្វើឱ្យប្រទេសជាតិមាន សន្ដិភាព និងការឯកភាពជាតិពេញលេញមានស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យដល់សព្វថ្ងៃជាពិសេសសម្តេចតេជោបានជួយសង្គ្រោះប្រជាជនកម្ពុជា ជាលើកទី២ ក្នុងកាលៈទេសៈការរីករាលដាលនូវជំងឺឆ្លងកូវីដ-១៩ទូទាំងពិភពលោកដោយសម្តេចបានដាក់ចេញនូវវិធានការអន្តរាគមន៍ជាច្រើនយ៉ាងមានប្រសិទ្ធិភាពក្នុងការប្រឆាំងកូវីដ-១៩ ស្ដារស្ថានភាពកម្ពុជាឱ្យវិលមករកភាពប្រក្រតីយ៉ាងឆាប់រហ័ស និងមានឈ្មោះជាប្រទេសតូចបេះដូងធំ។ លើសពីនេះ យើងទាំងអស់គ្នាត្រូវបន្តប្រឹងប្រែងលះបង់កម្លាំងកាយកម្លាំងចិត្ត ប្តេជ្ញា បម្រើ ការពារ ជួយសង្គ្រោះប្រជាពលរដ្ឋ អនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានបន្តការដឹកនាំពីសម្តេចតេជោដោយដាក់ចេញនូវ យុទ្ធសាស្ត្រ ចក្ខុវិស័យ ជាបន្តបន្ទាប់ដែលមានជំហរមុតមាំបន្តថែរក្សាឲ្យបាននូវ សុខសន្តិភាព ស្ថិរភាព ការអភិវឌ្ឍន៍ និងការឯកភាពជាតិ។
នៅចុងបញ្ចប់កម្មវិធី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្តាំផ្ញើដល់បងប្អូន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ ត្រូវជៀសឆ្ងាយអំពី អំពើអបាយមុខ គ្រប់ប្រភេទជាពិសេស ជៀសឆ្ងាយពី គ្រឿងញៀន និងសូមអនុវត្តឲ្យបាននូវគោលការណ៍របស់លោកចំនួនពីរគឺ ទី១៖ ត្រូវចេះតាមដានសុខភាពខ្លួនឯងនិងក្រុមគ្រួសារឲ្យបានជាប់ជាប្រចាំ ក្នុង១ឆ្នាំត្រូវទៅមន្ទីរពេទ្យឆែកសុខភាពយ៉ាងហោចណាស់១ឬ២ដងឲ្យបានទៀងទាត់។ ទី២៖ ត្រូវចេះធ្វើផែនការសេដ្ឋកិច្ចក្នុងគ្រួសារ ធ្វើយ៉ាងណាឲ្យចំណាយតិចជាងចំណូល និងដកប្រាក់សន្សំត្រៀមទុកប្រើប្រាស់ក្នុងពេលចាំបាច់៕