
ឯកឧត្ដម ង៉ូវ បូរីណា អញ្ជើញជាអធិបតីបិទព្រឹត្តិការណ៍សង្ក្រាន្តអូររាំងឪ២០២៥
(អូររាំងឪ)៖ រយៈពេល៤ថ្ងៃនៃការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តអូររាំងឪដេីម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្ដស័ក ព.ស២៥៦៩ គ.ស២០២៥ ស្ថិតនៅភូមិថ្នល់កែង ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នៅរសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ម្សិលមិញនេះ ឯកឧត្ដម ង៉ូវ បូរីណា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្ដត្បូងឃ្មុំបានអញ្ជើញជាអធិបតីប្រកាសបិទព្រឹត្តិការណ៍សង្ក្រាន្តអូររាំងឪ២០២៥។
ក្នុងការអញ្ជើញជាអធិបតី ឯកឧត្ដម ង៉ូវ បូរីណា រដ្ឋលេខាធិការបានប្រារព្ធពិធីពូនភ្នំខ្សាច់ និងស្រង់ព្រះដែលជាកម្មវិធីសាសនានៃព្រះរាជាណាចក្រកម្ពុជាព្រមទាំងទស្សនាការប្រកួតបាល់ទះដណ្ដើមជ័យលាភី កម្រិតស្រុកផងដែរ។
ក្នុងឱកាសប្រកាសបិទសង្ក្រាន្តអូររាំងឪ២០២៥ ឯកឧត្ដម ង៉ូវ បូរីណា ក្នុងនាម ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងបរិស្ថានបានសម្ដែងនូវការអរគុណចំពោះក្រុមការងាររៀបចំសង្ក្រាន្តអូររាំងឪ អភិបាលនៃគណ:អភិបាលស្រុកអូររាំងឪ មេឃុំទាំង៧ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ នាយកសាលាវិទ្យាល័យទាំងបី សហភាពសហព័ន្ធយុវជនកម្ពុជា សមាគមរាជសីប្រចាំស្រុកអូររាំងឪ សិស្សានុសិស្ស និងប្រជាពលរដ្ឋទូទាំងស្រុកអូររាំងឪ និងភ្ញៀវទេសចរណ៍មកពីគ្រប់ទិសទីដែលបានមកកម្សាន្តព្រឹត្តិការណ៍សង្ក្រាន្តអូររាំងឪ២០២៥។
ឯកឧត្ដមបានបន្ដលេីកឡេីងទៀតថា កម្ពុជាទាំងមូលព្រមទាំងរាជធានី ខេត្ត ស្រុក ក្រុង បានរៀបចំពិធីអបអរសាទរសង្ក្រាន្តឆ្នាំថ្មី ក្រោមប្រធានបទ “ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី” បានគ្រប់ទីកន្លែងព្រោះប្រទេសកម្ពុជានៃយេីងមានសុខសន្ដិភាពពេញលេញ និងមានការអភិវឌ្ឍន៍ប្រកបដោយចីរភាព។
ក្នុងនោះ ឯកឧត្ដមបានស្នើសុំ និងលេីកទឹកចិត្ដឱ្យសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋ មន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់បន្ដចូលរួមថែរក្សាអនាម័យ ការពារបរិស្ថានកម្ពុជា ការកាត់បន្ថយការប្រេីប្រាស់ថង់ប្លាស្ទិក និងចូលរួមដាំដេីមឈេីឱ្យបានច្រើនសម្របតាមយុទ្ធសាស្ត្រចក្រាបរិស្ថានដែលមានសសរស្ដម្ភបី ភាពស្អាត ភាពបៃតង និងចីរភាព។
សូមបញ្ជាក់ផងដែរថា ក្នុងព្រឹត្តិការណ៍សង្ក្រាន្តអូររាំងឪ២០២៥ ដែលរៀបចំមានរយៈពេល៤ថ្ងៃគឺបានផ្ដល់នូវភាពសប្បាយរីករាយជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកអូររាំងឪ និងភ្ញៀវទេសចរណ៍ប្រមាណជិត ១៥ម៉ឺននាក់ ផងដែរ។