
ពលរដ្ឋចោទប្រកាន់លោកមេភូមិថា ឃុបឃិតជាមួយម្ចាស់រោងម៉ាសុីនផលិតទឹកកកអនាម័យ (ផេង យ៉ុន) បង្ហូរទឹកកខ្វក់មានសារធាតុគីមីចូលក្នុងប្រឡាយធ្វើឱ្យប៉ះពាល់ដល់បងប្អូនជិត៥០គ្រួសារក្នុងភូមិអូរខ្ជាយដែលប្រើប្រាស់ទឹកប្រឡាយជាប្រចាំថ្ងៃ
(បាត់ដំបង)៖ ប្រជាពលរដ្ឋប្រមាណជិត៥០គ្រួសាររស់នៅតាមបណ្ដោយប្រឡាយទឹកក្នុងភូមិអូរខ្ជាយ ឃុំអូរដំបង១ ស្រុកសង្កែ បាននាំគ្នាមិនពេញចិត្តយ៉ាងខ្លាំងចំពោះម្ចាស់រោងម៉ាស៊ីនផលិតទឹកកកអនាម័យដែលមានឈ្មោះថា (ផេង យ៉ុន) បានបង្ហូរទឹកកខ្វក់មានលាយឡំសារធាតុគីមីចូលទៅក្នុងប្រឡាយទឹកធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បងប្អូនប្រជាពលរដ្ឋរាប់សិបគ្រួសារទូទាំងភូមិ ដែលរស់នៅប្រាស្រ័យទឹកប្រឡាយមួយនេះជាប្រចាំថ្ងៃ។
ប្រជាពលរដ្ឋបានបន្តទៀតថា ពាក់ព័ន្ធនឹងករណីរោងម៉ាស៊ីនផលិតទឹកកកអនាម័យខាងលើដែលកំពុងបង្ហូរទឹកកខ្វក់ (ទឹកសំណល់លាយសារធាតុគីមី) ចូលប្រឡាយសាធារណៈដែលជាប្រឡាយទឹកដ៏វែងតភ្ជាប់ពីតំបន់មួយ ទៅតំបន់មួយខាងលើនេះ ពួកគាត់ធ្លាប់បានស្នើទៅដល់លោកមេភូមិជាច្រើនលើកច្រើនសារឱ្យជួយរកដំណោះ ស្រាយផ្ទុយទៅវិញលោកមេភូមិបានការពារដល់ប្រយោជន៍ឱ្យម្ចាស់រោងម៉ាសុីនតែមួយគ្រួសារហើយមេភូមិនិយាយមកកាន់ប្រជាពលរដ្ឋជិត៥០គ្រួសារតាមបែបខ្លួនលោកជាមន្ត្រីជំនាញថា ទឹកសំណល់ខាងរោងម៉ាសុីនផលិតទឹកកកអនាម័យបង្ហូរចូលក្នុងប្រឡាយខាងលើនេះមិនមែនជាទឹកកខ្វក់មានជាតិពុល ឬក៏សារធាតុគីមីដូចការលើកឡើងនោះទេទើបលោកមេភូមិរូបនេះហ៊ានអត្តនោម័តិឱ្យខាងរោងម៉ាសុីនទឹកកកអនាម័យបន្តបង្ហូរទឹកសំណល់ដែលសល់ពីការផលិតទឹកកកបង្ហូរចូលក្នុងប្រឡាយដដែល ។
ប្រជាពលរដ្ឋបន្តថា ទង្វើលោកមេភូមិខាងលើនេះធ្វើឱ្យប្រជាពលរដ្ឋប្រមាណជា ៥០គ្រួសារអស់ទំនុកចិត្ត និងខកចិត្តយ៉ាងខ្លាំងដូច្នេះទើបពួកគាត់ដែលរស់នៅអាស្រ័យទឹកតាមប្រឡាយក្នុងភូមិអូរខ្ជាយជិត៥០គ្រួសារបានស្នើសុំអង្គភាពសារព័ត៌មានជួយថតផ្ដិតយករូបភាពជាក់ស្ដែងដើម្បីផ្សព្វផ្សាយផង។
បញ្ហាខាងលើនេះយើងខ្ញុំមិនអាចសុំការពន្យល់ពីលោកមេភូមិអូរខ្ជាយ និងលោកមេឃុំអូរដំបង១បានទេនាព្រឹកថ្ងៃសៅរ៍ ៤រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥នេះ ដោយសារមិនមានលេខទូរស័ព្ទទំនាក់ទំនង។
ពាក់ព័ន្ធការចោទប្រកាន់ខាងលើ តំណាងសហគ្រាសធុនតូចផលិតទឹកកកអនាម័យ(ផេង យ៉ុន)បានឱ្យអង្គភាពសារព័ត៌មានដឹងថា ទឹកដែលបង្ហូរទម្លាក់ចូលទៅក្នុងប្រឡាយនោះមិនមែនជាទឹកកខ្វក់ក៏មិនមែនជាទឹកមានជាតិពុលផ្ទុកសារធាតុគីមីនោះដែរផ្ទុយទៅវិញជាប្រភេទទឹកដែលបានឆ្លងកាត់ប្រព័ន្ធសម្លាប់មេរោគម្តង ឬពីរដងរួចមកហើយ ឬជាជំនន់ទឹកភ្លៀង។ តំណាងសហគ្រាសធុនតូចផលិតទឹកកកអនាម័យបន្តថា ចំពោះមូលហេតុខាងលោកបង្ហូរទឹកទម្លាក់ចូលទៅក្នុងប្រឡាយខាងលើនេះជួនជាទឹកដែលឆ្លងកាត់ប្រព័ន្ធសម្លាប់មេរោគជួបនូវបង្ហូរទឹកដែលជន់លិចដោយសារជំនន់ទឹកភ្លៀងហើយការបង្ហូរទឹកនេះខាងលោកបានបូម ឬបង្ហូរទឹកទម្លាក់ជារយៈៗតែប៉ុណ្ណោះព្រោះជារដូវវស្សាចំណែកនៅរដូវប្រាំងវិញខាងសហគ្រាសធុនតូចផលិតទឹកកកអនាម័យរបស់លោកប្រសិនបើត្រូវបង្ហូរទឹកដែលសេសសល់ពីផលិតទឹកកកគឺបង្ហូរចូលទៅក្នុងស្រះដែលមានទំហំធំចំនួន០២ ស្ថិតនៅដីរបស់លោកខាងក្រោយរោងម៉ាសុីនតែម្ដង។
តំណាងសហគ្រាសបន្ថែមថា បញ្ហានេះលោកនឹងស្នើទៅមន្ត្រីជំនាញនៃមន្ទីរបរិស្ថាន និងជាពិសេសគឺអាជ្ញាធរមូលដ្ឋានរួមគ្នាពិនិត្យ និងជួយពន្យល់ដល់បងប្អូនអ្នកភូមិអូរខ្ជាយទាំងមូលឱ្យយល់ដឹងហើយឈប់ចោទប្រកាន់ថា សហគ្រាសធុនតូចផលិតទឹកកកអនាម័យរបស់លោកបង្ហូរទឹកខ្វាក់មានសារធាតុគីមី ឬជាតិពុលចូលប្រឡាយទឹកនោះព្រោះការប្រកបអាជីវកម្មដើម្បីរកកម្រៃទទួលទានខាងសហគ្រាសតូចតាចដូចពួកលោកគឺមិនចង់ឱ្យមានបញ្ហាណាមួយជាមួយបងប្អូនពិសេសអ្នកភូមិផងរបងជាមួយគ្នានោះទេ។
ទោះជាយ៉ាងណាក្តីបងប្អូនពលរដ្ឋមួយចំនួនក្នុងភូមិអូរខ្ជាយខាងលើមិនមានការរីករាយបន្ទាប់ពីបានស្តាប់ការលើកឡើងរបស់ម្ចាស់សហគ្រាសផលិតទឹកកកអនាម័យខាងលើថានឹងមានការជួបជុំគ្នាមួយរវាងមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋានជាមួយប្រជាពលរដ្ឋភូមិអូរខ្ជាយបកស្រាយពន្យល់បញ្ជាក់ដើម្បីឱ្យពួកគាត់បានយល់ដឹង៕