
មេអាវុធហត្ថភ្នំពេញបង្ហាញការគាំទ្ររាជរដ្ឋាភិបាលពេញទំហឹងក្នុងការដោះស្រាយបញ្ហាព្រំដែន
តាមរយៈផេកផ្លូវការរបស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញដែលបានបង្ហោះនៅរសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ បានបង្ហាញនូវការគាំទ្រពេញទំហឹងចំពោះសម្តេចបវរធិបតី និងសម្ដេចតេជោក្នុងការដោះស្រាយរាល់បញ្ហារបស់កម្ពុជាដោយសន្តិវិធី និងផ្អែកលើមូលដ្ឋានច្បាប់ ដោយក្នុងនោះលោកឧត្តមសេនីយឯក រ័ត្ន ស្រ៊ាង បានសរសេររៀបរាប់ថា៖
“ខ្ញុំបាទរួមជាមួយកម្លាំងក្រោមឱវាទទូទាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមគាំទ្រយ៉ាងពេញទំហឹង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមយន្តការការទូត និងច្បាប់អន្តរជាតិដើម្បីបុព្វហេតុបូរណភាពទឹកដី អធិបតេយ្យជាតិនៃព្រះរាជាណាចក្រកម្ពុជា។ សូមគាំទ្រយ៉ាងពេញទំហឹងរាល់ការសម្រេចចិត្ត និងការចង្អុលទិសដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សកាន់អំណាច។
ព្រឹត្តិការណ៍ការធ្វើដំណើរថ្មើរជើង (Solidarity March) របស់មហាជនគ្រប់ស្រទាប់វណ្ណៈ ប្រមាណ១៥ម៉ឺននាក់រួមមានខ្ញុំម្នាក់ដែរ នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ បានបង្ហាញពីស្មារតីសាមគ្គីភាពរបស់មហាជន និងយុវជនកម្ពុជាក្នុងក្របខ័ណ្ឌខឿនការពារជាតិ ប្រជាជនគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
សូមគាំទ្រយ៉ាងពេញទំហឹង ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាដែលបានដឹកនាំរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យនេះឡើងជាការបង្ហាញនូវមនោសញ្ចេតនាក្នុងលក្ខណៈជាមហាគ្រួសារខ្មែរ ពេលដែលប្រទេសជាតិត្រូវការយើងបង្ហាញនូវស្មារតីសាមគ្គីឯកភាពជាតិជាធ្លុងមួយជួយគាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធរបស់យើងក្នុងការការពារបូរណភាពទឹកដី”៕