
អាជ្ញាធរជាតិអប្សរា និងអង្គការ GIZ សម្ពោធគម្រោងចម្រោះទឹកស្អាតនៅប្រាសាទបន្ទាយស្រី
(ខេត្តសៀមរាប)៖ នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ អាជ្ញាធរជាតិអប្សរា និងអង្គការ GIZ បានរៀបចំកម្មវិធីសម្ពោធ និងប្រគល់ជូនប្រព័ន្ធចម្រោះទឹកស្អាតនៅបរិវេណខាងមុខប្រាសាទបន្ទាយស្រីក្នុងបំណងកាត់បន្ថយ កាកសំណល់ និងការបំពុលដោយសំរាមប្លាស្ទិកនៅតំបន់រមណីយដ្ឋានអង្គរ។
គម្រោងចម្រោះទឹកស្អាតនេះទទួលបានពីអង្គការ GIZ ដែលបានបំពាក់ម៉ាស៊ីនចម្រោះទឹកស្អាត ចំនួន២ទីតាំងនៅប្រាសាទបន្ទាយស្រី គឺទី១នៅក្នុងទីលានបដិសណ្ឋារកិច្ច និងទី២ នៅសាលបកស្រាយព័ត៌មានប្រាសាទបន្ទាយស្រីក្នុងបំណងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងការបំពុលដោយកាកសំណល់ប្លាស្ទិកនៅក្នុងបរិវេណប្រាសាទ។ មន្រ្តី-បុគ្គលិកអាជ្ញាធរជាតិអប្សរា បុគ្គលិកគ្រឹះស្ថានអង្គរ សមត្ថកិច្ចពាក់ព័ន្ធ អ្នកលក់ដូរ និងភ្ញៀវទេសចរអាចប្រើប្រាស់ទឹកស្អាតទាំងនោះបានដោយឥតគិតថ្លៃដោយគ្រាន់តែយកដបទឹកច្រកនៅតាមធុងចម្រោះខាងលើ។
លោក Frank Jattke ប្រធានក្រុមកាងារអាស៊ានប្រចាំប្រទេសកម្ពុជានៃទីភ្នាក់ងារសហប្រតិបត្តិការ អាល្លឺម៉ង់ (GIZ) លើកឡើងថា នេះជាគម្រោងសាកល្បងដែល GIZ សហការជាមួយអាជ្ញាធរជាតិអប្សរាបំពាក់ឧបករណ៍ចម្រោះទឹកស្អាតប្រើប្រាស់នៅប្រាសាទបន្ទាយស្រីនេះ។ លោកបន្តថា ឧបករណ៍នេះមានសារសំខាន់ណាស់ក្នុងការរួមចំណែកការកាត់បន្ថយការប្រើប្រាស់ដបប្លាស្ទិកដែលកំពុងបង្កគ្រោះថ្នាក់ដល់ភពផែនដីព្រោះវាមិនងាយរលាយឡើយ។ លោក Frank បន្ថែមថា ក្នុងរាល់មួយវិនាទីមានប្លាស្ទិកមួយលានដបដែលបានចរាចរលក់ និងកែច្នៃឡើងវិញដូច្នេះយើងត្រូវធ្វើការរួមគ្នា ចូលរួមក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកដែលជាជំហានទី១ ដោយជំនួសដបទឹក ឬសម្ភារៈណាដែលប្រើប្រាស់បានយូរ និងងាយរលាយ។
មន្រ្តីអង្គការ GIZ លោក Frank រំពឹងថា គម្រោងទឹកស្អាតខាងលើនឹងទទួលបានជោគជ័យហើយក្នុងនោះ GIZ មានគម្រោងបន្តសហការជាមួយអាជ្ញាធរជាតិអប្សរា ឬរដ្ឋបាលខេត្តក្នុងការដំឡើងឧបករណ៍ចម្រោះទឹកស្អាតនេះនៅតាមប្រាសាទ ឬក្នុងទីក្រុង ដើម្បីងាយស្រួលដល់ភ្ញៀវទេសចរ ឬអ្នកពាក់ព័ន្ធប្រើប្រាស់ដោយឥតគិតថ្លៃ និងកាត់បន្ថយការបំពុលប្លាស្ទិក។
ឯកឧត្តម ឡុង កុសល អគ្គនាយករង និងជាតំណាងឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរាបានថ្លែងអំណរគុណដល់អង្គការ GIZ ដែលសហការជាមួយអាជ្ញាធរជាតិអប្សរាដំឡើងឧបករណ៍ចម្រោះទឹកស្អាតនៅពេលនេះ។ ឯកឧត្តមរំពឹងថា គម្រោងនេះនឹងទទួលបានជោគជ័យ និងមានការគាំទ្រពីមន្រ្តី-បុគ្គលិកអាជ្ញាធរ អ្នកលក់ដូរ កម្លាំងសមត្ថកិច្ចពាក់ព័ន្ធពិសេសភ្ញៀវទេសចរដែលមកកម្សាន្តនៅប្រាសាទបន្ទាយស្រី។
ជាមួយគ្នានេះ ឯកឧត្តម ឡុង កុសល ក៏បានរំឭកដល់ការងាររបស់អាជ្ញាធរជាតិអប្សរា ដែលតែងតែយកចិត្តទុកដាក់ខ្ពស់លើការកាត់បន្ថយការបំពុលដោយសំរាមប្លាស្ទិកនៅតំបន់ប្រាសាទដូចជាមានការរៀបចំទុកដាក់ធុងសំរាម មានភ្នាក់ងារសម្អាត និងកែច្នៃសំរាមទាំងនោះឡើងវិញឱ្យអស់លទ្ធភាព។
បន្ថែមពីនេះ ឯកឧត្តម ឡុង កុសល សំណូមពរឱ្យអ្នកពាក់ព័ន្ធពិសេសអ្នកលក់ដូរ សូមចូលរួមសហការ និងញែកសំរាមឱ្យបានត្រឹមត្រូវដើម្បីងាយស្រួលដល់ការប្រមូលឱ្យកាន់តែមានប្រសិទ្ធិភាព។ ជាមួយគ្នានេះ ឯកឧត្តមក៏សង្ឃឹមថា GIZ នឹងបន្តជ្រោមជ្រែងកិច្ចសហការខាងលើនេះនៅតាមប្រាសាទនានាបន្ថែមទៀតក្នុងគោលដៅធ្វើយ៉ាងណាឱ្យតំបន់ប្រាសាទលែងមានការបំពុលដោយសំរាមប្លាស្ទិក៕