
រដ្ឋមន្រ្តីក្រសួងបរិស្ថានបានថ្លែងថា យុវជនតបស្នងគុណឪពុកម្តាយតាមរយៈការចេះរកលុយជាជាងសុំលុយពីឪពុកម្តាយ
(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានថ្លែងថា «ក្នុងនាមជាកូនម្នាក់ យើងមិនគួរណាសុំលុយពីឪពុកម្តាយនោះទេ» ក្នុងឃ្លាដែលជាន័យប្រៀបធៀបនេះ គឺឯកឧត្តមរដ្ឋមន្រ្តីចង់បង្រៀនឱ្យយុវជនខ្មែរ ដែលមានចំណេះ ជំនាញ និងសមត្ថភាព ចូលរួមចំណែកក្នុងកិច្ចការពារបរិស្ថាន ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុដែលជាបញ្ហាសកលតាមរយៈការរៀបចំឱ្យមានគម្រោងអភិវឌ្ឍន៍នានាដើម្បីកៀរគរថវិកាពីអន្តរជាតិមកជួយអភិវឌ្ឍ និងលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋខ្មែរជាជាងនៅរង់ចាំតែសុំលុយរដ្ឋយកទៅប្រើប្រាស់។
ចំពោះក្រសួងបរិស្ថានវិញនឹងគាំទ្រយ៉ាងពេញទំហឹងលើគម្រោងអភិវឌ្ឍ និងគម្រោងវិនិយោគទាំងឡាយណាដែលឆ្លើយតបនឹងបញ្ហាបរិស្ថានហើយជាគម្រោងដែលច្នៃប្រឌិតចេញពីគំនិតរបស់យុវជនខ្មែរ។ ការថ្លែងឡើងរបស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាននេះ គឺធ្វើឡើងនៅចំពោះមុខសិស្សនិស្សិតនៃសកលវិទ្យាល័យភូមិន្ទភ្នំពេញប្រមាណជាង ២,០០០នាក់ នៅក្នុងពិធីផ្តល់បាឋកថាស្តីពី យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាននាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានលើកយកឧទាហរណ៍ជាក់ស្តែងដែលយុវជនខ្មែរមួយក្រុមជាសិស្សនិស្សិតចេះឆ្នៃកាកអំពៅយកទៅធ្វើជាចានក្រដាសប្រើប្រាស់ជំនួសឱ្យប្លាស្ទិកបាន។ នេះហើយជាគំនិតច្នៃប្រឌិតរបស់កូនខ្មែរដែលអាចស្រូបទាញការវិនិយោគ គម្រោងអភិវឌ្ឍនានាពីអន្តរជាតិមកជួយដល់ប្រជាពលរដ្ឋខ្មែរនៅតាមសហគមន៍ជនបទ ជាពិសេសប្រជាសហគមន៍នៅតាមតំបន់ការពារធម្មជាតិដែលនេះជាទង្វើ និងជាបទពិសោធន៍ល្អរបស់ប្រទេសអភិវឌ្ឍន៍ដែលមានប្រជាពលរដ្ឋចេះជួយរកប្រាក់ចំណូលជូនប្រទេសហើយមិនរង់ចាំតែការជួយពីរដ្ឋនោះឡើយ។