
ទីតាំងល្បែងសុីសងឡូតូ BL2222 កំពុងតែលួចបើកវិញហើយដោយហ៊ានប្រឆាំងបទបញ្ជាសម្តេចបវរធិបតី ហ៊ុន ម៉ាណែត
(ភ្នំពេញ)៖ ទីតាំងបនល្បែងសុីសងឡូតូមួយកន្លែងកំពុងតែលួចបើកលេងយ៉ាងរលូននៅទល់មុខវិទ្យាល័យជាស៊ីមសាមគ្គីស្ថិតនៅភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
យោងតាមសេចក្តីរាយការណ៍ពីពលរដ្ឋល្អនៅក្បែរនោះបានផ្តល់ព័ត៌មានមកអង្គភាពសារព័ត៌មានយើងកាលពីព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ មកថា មានគេបើកល្បែងឡូតូខាងលើ បន្ទាប់ពីបានទទួលព័ត៌មាននេះហើយក្រុមការងារយើងក៏បានចុះទៅពិនិត្យផ្ទាល់ឃើញថា មានល្បែងសុីសងឡូតូដូចប្រជាពលរដ្ឋរាយការណ៍មកមែន។
ខណៈនោះក្រុមការងារយើងក៏បានផ្តិតនៅរូបភាពជាក់ស្តែងប្រយោជន៍ផ្សព្វផ្សាយព័ត៌មានទៅអាជ្ញាធរ និងសមត្ថកិច្ចព្រមទាំង លោក សេងគន្ធ អភិបាលខណ្ឌមានជ័យឱ្យបានជ្រាបជាព័ត៌មានដើម្បីមានវិធានការព្រោះទីណាមានបនល្បែងសុីសងគឺទីនោះតែងតែមានអំពើហិង្សាក្នុងគ្រួសារ និងអំពើចោរលួច ឆក់ ប្លន់គ្រប់ប្រភេទគឺប្រភពកើតចេញពីល្បែងសុីសងទាំងនោះឯង។ ដូច្នេះបើសិនជាអាជ្ញាធរ និងសមត្ថកិច្ចនៅតំបន់បានអនុញ្ញាតឱ្យបនល្បែងឡូតូ BL2222 បើកមែននោះជាការអនុវត្តផ្ទុយហើយផ្គើននឹងបទបញ្ជាសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ផងដែរ។
គួររលឹកថា កាលពីពេលថ្មីៗកន្លងទៅសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ពេលវេលានេះមិនមែនជាពេលវេលាយកចិត្តទុកដាក់ពង្រាយនៅទីតាំងល្បែងនោះទេទោះបីជាមានច្បាប់អនុញ្ញាតិក៏ដោយ កាលពីបីសប្ដាហ៍មុនសម្តេចបានឱ្យផ្អាករាល់ការចេញអាជ្ញាបណ្ណផ្តល់សិទ្ធិការបើកល្បែងផ្សងសំណាងបន្ថែមនៅតាមមូលដ្ឋាន។
ជាមួយគ្នានោះសម្ដេចក៏បានឱ្យគណ:កម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាចំណុះឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុត្រូវដឹកនាំប្រជុំជាបន្ទាន់ជាមួយសមត្ថកិច្ចអាជ្ញាធរពាក់ព័ន្ធពិនិត្យដើម្បីរៀបចំនិងមានវិធានការគ្រប់គ្រងល្បែងផ្សងសំណាងនានានៅទូទាំងប្រទេស។
សម្តេចបានដាក់បទបញ្ជាឱ្យអាជ្ញាធរ និងសមត្ថកិច្ចគ្រប់បណ្តាខេត្តក្រុង និងរាជធានីត្រូវមានវិធានការជាបន្ទាន់ដើម្បីត្រួតពិនិត្យទីតាំងល្បែងផ្សងសំណាងនៅតាមមូលដ្ឋានដែលមាននៅដែនសមត្ថកិច្ចរបស់ខ្លួន។
ក្នុងករណីនៅមានបើកល្បែងសុីសងបន្តទៀតសូមចុះចាត់វិធានការជាបន្ទាន់ហើយរាយការណ៍មកសម្តេចផ្ទាល់ដើម្បីឈានទៅដល់ការដកអាជ្ញាបណ្ណនៅក្នុងបណ្តាខេត្តនៅក្នុងទូទាំងប្រទេសតែម្តង។ សម្តេចបានបន្តថាពេលវេលានេះនឹងជាពេលវេលាទៅមុខត្រូវចូលរួមទាំងអស់គ្នាអនុវត្តនូវគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពទាំង៧ចំណុចរបស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាព។
អង្គភាពយើងខ្ញុំគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង និងព្រាបនាំសារជូនថ្នាក់ដឹកនាំ និងរាជរដ្ឋាភិបាលតែប៉ុណ្ណោះ អង្គភាពយើងខ្ញុំរង់ចាំការបកស្រាយបំភ្លឺជុំវិញភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការតាមច្បាប់របបអ្នកសារព័ត៌មាននៅកម្ពុជា។