
ដីគ្មានទិន្នន័យស្ថិតនៅក្នុងអាងទំនប់អូរក្រាំងអំបិលត្រូវបានថៅកែមានខ្នងជាមន្ត្រីប៉េអឹម ដាក់គ្រឿងចក្រជីកកាយគ្មានជំនាញពាក់ព័ន្ធណាចុះទប់ស្កាត់ទាល់តែសោះ
(ខេត្តកំពង់ស្ពឺ)៖ ដីដែលមិនមានទិន្នន័យក្នុងទំនប់អូរក្រាំងអំបិល ពេលនេះត្រូវបានប្រភពបង្ហើបថា ក្រុមឈ្មួញកំពុងសំរុកកាយអាចម៍ដីទៅចាក់តែមិនមានប្រភពបញ្ជាក់ថា គេចាក់ដើម្បីយកធ្វើអ្វីនោះទេ។ ក្រុមគ្រឿងចក្រដែលកំពុងធ្វើសកម្មភាពនោះត្រូវបានសង្ស័យថា ជាគ្រឿងចក្ររបស់ថៅកែ លឹម ចាន់ថុល ដែលមានសកម្មភាពជីកកាយស្តារអាងទំនប់អូរក្រាំងអំបិលនៅជិតនោះដែរ។ ករណីនេះធ្វើឱ្យមហាជនមានមន្ទិលសង្ស័យថា តើមានអាថ៌កំបាំងអ្វីនៅពីក្រោយរឿងនេះខ្លះ?។
រឿងរ៉ាវជីកស្តារអាងទំនប់អូរក្រាំងអំបិលនៅតែជាទីចាប់អារម្មណ៍របស់ប្រជាពលរដ្ឋចង់ដឹងចង់ឮថា តើមន្ទីរ និងក្រសួងពាក់ព័ន្ធអនុញ្ញាតិច្បាប់ត្រឹមណា? បានជាក្រុមគ្រឿងចក្ររបស់ថៅកែ លឹម ចាន់ថុល ដែលមានខ្នងបង្អែកជាមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺដ៏មានឥទ្ធិពលមួយរូបជីកកាយស្ទើរតែពេញផ្ទៃអាងទំនប់អូរក្រាំងអំបិលទៅហើយនោះ។
ប្រជាពលរដ្ឋដាក់ការសង្ស័យថាលោកថៅកែ លឹម ចាន់ថុល ជីកកាយស្តារអាងទំនប់អូរក្រាំងអំបិលនេះលើសច្បាប់កំណត់ និងខុសទីតាំង។ រឿងនេះ ពាក់ព័ន្ធជាមួយមន្ត្រីទទួលបន្ទុកជំនាញណាខ្លះជាពិសេសគឺមន្ទីរធនធានទឹក និងឧតុនិយម និងមន្ទីររ៉ែ និងថាមពលតែម្តង។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិស្លារ ឃុំវល្លិ៍សរ និយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ពួកគាត់មានដីអាស្រ័យផលម្នាក់បន្តិចៗតាំងពីអំឡុងឆ្នាំ១៩៨០មកម្ល៉េះ នៅក្នុងអាងទំនប់អូរក្រាំងអំបិលនោះ ដើម្បីអាស្រ័យផលដោយមានប្លង់ស្លាបមាន់(ប្លង់ចុងសន្លឹក) ហើយដោយរដ្ឋគេថាត្រូវការអភិវឌ្ឍន៍ក៏បង្ខំចិត្តយកដីពួកគាត់ដែលបានអាស្រ័យផល ដោះស្រាយគោលនយោបាលត្រឹម១ម៉ែត្រការ៉េ បាន៨កាក់ដុល្លារ (ថោកបំផុត) ខណៈដែលតម្លៃទីផ្សារដីតំបន់នោះមានតម្លៃចាប់ពី២០ដុល្លាររហូតទៅដល់៨០ដុល្លារក្នុង១ម៉ែត្រការ៉េឯណ្ណោះ។ កត្តានេះហើយដែលធ្វើឱ្យពួកគាត់មិនសប្បាយចិត្តនូវអ្វីដែលពួកគាត់ចង់បាននោះឡើយបើរដ្ឋត្រូវការអភិវឌ្ឍន៍មិនអីនោះទេប៉ុន្តែនេះគឺជាលេសរបស់នាយទុន លោកថៅកែ អ្នករត់ការ និងក្រុមមន្ត្រីខិលខូចមួយចំនួន(ថៅកែគ្រឿងចក្ររកសុីសោះ) ដែលយកលេសជីកស្តារអាងទំនប់ទឹកអូរក្រាំងអំបិលដើម្បីបានទឹកសម្រាប់ប្រើប្រាស់និងអាស្រ័យផលស្រោចស្រពដំណាំ។ ប៉ុន្តែអ្វីដែលធ្វើឱ្យពួកគាត់ហួសចិត្តនោះគឺ ក្រុមថៅកែគ្រឿងចក្របានឃុបឃិតជាមួយមន្ត្រីជំនាញខិលខូចយកលេសជីកស្តារអូរក្រាំងអំបិលដើម្បីយកអាចម៍ដីទៅចាក់បំពេញដីដែលមានប្លង់រឹងនៅខាងលិចជាប់និងរោងចក្រដើម្បីទុកសម្រាប់សាងសង់អ្វីក៏មិនដឹង។ មិនតែប៉ុណ្ណោះ ដឹកយកទៅចាក់បំពេញដីនៅខាងកើតឆៀងខាងជើងក្បែរវត្តរលាំងកំពូលដើម្បីសាងសង់រោងចក្រ។ ចំពោះដីប្រជាពលរដ្ឋសម្រាប់ប្រកបរបរធ្វើស្រែចំការ និងដំណាំផ្សេងៗនោះគឺថៅកែជីកកាយ អស់ទៅហើយមុនអាចធ្វើអ្វីបានទៀតទេ។
ប្រជាពលរដ្ឋដដែលបានបង្ហើបបន្តទៀតថារឿងនេះហើយទើបធ្វើឱ្យប្រជាពលរដ្ឋដាក់ការសង្ស័យថា ការជីកកាយស្តារអាងទំនប់អូរក្រាំងអំបិលរបស់ថៅកែ លឹម ចាន់ថុល ដែលអាងអំណាចបងថ្លៃជាមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺមួយរូបដ៏មានឥទ្ធិពលមហិមានេះ ជីកកាយលើច្បាប់របស់មន្ទីរក្រសួងដែលបានកំណត់នោះ តើមានមន្ត្រីមន្ទីរជំនាញណាខ្លះពាក់ព័ន្ធក្នុងរឿងនេះ? ហើយមានអាថ៌កំបាំងអ្វីខ្លះទើបការជីកកាយស្តារពាសពេញផ្ទៃអាងទំនប់អូរក្រាំងអំបិលស្រេចតែអំពើចិត្តបែបនេះនោះ? ប្រជាពលរដ្ឋពោលពាក្យសោកស្តាយដីរបស់ពួកគាត់ធ្លាប់អាស្រ័យផលគ្រប់ៗគ្នាប៉ុន្តែមិនដឹងថាទៅតវ៉ានៅឯណាតាមគ្នីតាមគ្នាទៅ បើជ្រុលទៅហើយនោះ។ នេះប្រហែលជាល្បិចរកសុីរបស់ក្រុមជនខិលខូចមួយចំនួន ដែលរិះរកគ្រប់មធ្យោបាយដើម្បីចំណេញពីប្រជាពលរដ្ឋហើយមើលទៅ ដីនៅក្នុងអាងទំនប់អូរក្រាំងអំបិលរាប់សិបហិកតាអត់មានទិន្នន័យមានសុំច្បាប់ធ្វើបែរជាមកធ្វើការអភិវឌ្ឍន៍ចំដីប្រជាពលរដ្ឋកាន់កាប់អាស្រ័យផលទៅវិញ។
ប្រភពព័ត៌មានបានឱ្យដឹងថា លោកថៅកែ លឹម ចាន់ថុល នេះបានធ្វើការសុំច្បាប់ធ្វើអាជីវកម្មជីកស្តារអាងទំនប់ទឹកអូរក្រាំងអំបិលមានទំហំជិត១០ហិកតាធ្វើការជីកកាយមានរយៈពេល២ឆ្នាំតែប៉ុណ្ណោះ។ ប៉ុន្តែពេលនេះសង្ស័យថៅកែរូបនោះធ្វើលើសច្បាប់កំណត់ ដោយកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ថៅកែ លឹម ចាន់ថុល បានយកគ្រឿងចក្រជីកកាយមកខាងកើតចំកណ្តាលផ្ទៃទំនប់អូរក្រាំងអំបិលទើបប្រជាពលរដ្ឋដាក់ការសង្ស័យថា ផុតព្រំប្រទល់ និងលើសច្បាប់កំណត់ដោយអាងអំណាចបងថ្លៃជាប៉េអឹមហើយមើលទៅទើបហ៊ានធ្វើបែបនេះបាន។
ពាក់ព័ន្ធនឹងការលើកឡើងខាងលើរបស់ប្រជាពលរដ្ឋសង្ស័យថៅកែ លឹម ចាន់ថុល ជីកកាយស្តារអាងទំនប់អូរក្រាំងអំបិលលើសច្បាប់កំណត់នេះដែរ អ្នកយកព័ត៌មានយើងបានទាក់ទងទៅលោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺតាមប្រព័ន្ធតេឡេក្រាមដើម្បីសួរនាំ ប៉ុន្តែលោកចូលមើលហើយមិនឆ្លើយតប។
ដោយឡែកលោក ប៊ិន ថេត ប្រធានការិយាល័យរ៉ែ និងថាមពលខេត្តកំពង់ស្ពឺបានឱ្យដឹងតាមទូរស័ព្ទថា ថ្ងៃមិញជំនាញលោកបានចុះទៅពិនិត្យវាស់វែងរួចហើយមិនខុសទីតាំងអីទេហើយខាងណាដែលនិយាយថាខុសទីតាំងនោះ សូមឱ្យជួយចុះពិនិត្យទាំងអស់គ្នាក្រែងលោសង្ស័យអីពីព្រោះគាត់មានអាជ្ញាបណ្ណពីក្រសួងរ៉ែ និងថាមពល ដូចជាទំហំជាង៨ហិកតា។
ប្រជាពលរដ្ឋធ្វើការស្នើសុំឱ្យមានមន្ត្រីជំនាញពាក់ព័ន្ធនានាជាពិសេសក្រសួងធនធានទឹកនិងឧតុនិយម និងក្រសួងរ៉ែនិងថាមពល មេត្តា ចុះធ្វើការអង្កេតស្រាវជ្រាវថា រឿងជីកស្តារអាងទំនប់អូរក្រាំងអំបិលរបស់លោកថៅកែ ឈ្មោះ លឹម ចាន់ថុល នេះផងដើម្បីឱ្យអស់មន្ទិលសង្ស័យ (កុំធ្វើការងារម៉ាម៉ាយកតែស៊ង)។ មួយវិញទៀត សូមអង្គភាពប្រឆាំងអំពើពុករលួយមេត្តាចាត់មន្ត្រីចុះពិនិត្យសង្កេតស្រាវជ្រាវផងថា តើរឿងជីកកាយស្តារអាងទំនប់អូរក្រាំងអំបិលនេះមានសុីសំណូកសូកប៉ាន់ មានលុយក្រោមតុដែលឬមួយយ៉ាងណា ?
អង្គភាពសារព័ត៌មានយើងខ្ញុំផ្សព្វផ្សាយគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគន់ក្នុងន័យស្ថាបនា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលតែប៉ុណ្ណោះ ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំនឹងរងចាំទទួលការស្រាយបំភ្លឺពីសំណាក់សាមីខ្លួននិងភាគីពាក់ពន្ធ័ទាំងអស់រៀងរាល់ម៉ោងធ្វើការ តាមរបបច្បាប់អ្នកសារព័ត៌មាននៅព្រះរាជាណាចក្រកម្ពុជា៕