
អាជីវករលក់ដូរក្នុងខេត្តកំពង់ឆ្នាំងស្លន់ស្លោបិទទ្វារតូបខ្លាចគយចាប់ផាកពិន័យបង្កឱ្យមានការភ្ញាក់ផ្អើល តាមការពិតមន្ត្រី (ក.ប.ប) ធ្វើសុីសោះ
(កំពង់ឆ្នាំង)៖ ក្រោយពីផ្ទុះរឿងគយលើកគ្នា ចុះចាប់ និងដកហូតយកទូរស័ព្ទកន្លងមក តាមតូបលក់ដូរទូរស័ព្ទយ៉ាងប្រញាប់ប្រញាល់ ស្ថិតនៅក្នុងស្រុកមេម៉ត់ ខេត្តត្បូងឃ្មុំ គឺបង្កឱ្យមានការភ័យខ្លាចដល់ក្រុមអាជីវករ រឿងនេះធ្វើឱ្យមានភាពល្បីល្បាញទូទាំងប្រទេស ។ រឿងមួយមិនទាន់ស្ងប់ស្ងាត់ផងស្រាប់តែនៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ អាជីវករលក់ទូរស័ព្ទ និងគ្រឿងសំអាងនៅក្នុងផ្សាររមាស ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានស្ទុះស្ទានាំគ្នាបិទតូបលក់ដូរយ៉ាងប្រញាប់ប្រញាល់ធ្វើឱ្យមានការភ្ញាក់ផ្អើលពេញផ្សារតែម្តង ដោយសារតែមានមន្ត្រីប្រើប្រាស់ឯកសណ្ឋាន ដែលគេមិនទាន់ស្គាល់អត្តសញ្ញាណបានចុះទៅប្រមូលគ្រឿងសំអាងតាមតូបដោយប្រើពាក្យថាមិនមានពន្ធ។
ក្រោយពីកើតមានរឿងនេះមក នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤នេះ ដែលជាថ្ងៃបន្ទាប់ សមត្ថកិច្ចចម្រុះស្រុកទឹកផុសដែលដឹកនាំដោយលោក សូត្រ សង អភិបាលស្រុកទឹកផុសបានចុះទៅធ្វើការណែនាំដល់បងប្អូន អាជីវករលក់ដូរ សូមកុំមានការភ័យខ្លាចអីពីព្រោះមន្ត្រីដែលចុះចាប់អនុវត្តច្បាប់កាលពីថ្ងៃទី០៤ ម្សិលមិញគឺជាមន្ត្រីនៃមន្ទីរពាណិជ្ជកម្មខេត្តចុះត្រួតពិនិត្យគ្រឿងសំអាងដែលហួសសុពលភាព និងផលិតផលក្លែងក្លាយតែប៉ុណ្ណោះទេ។
ជុំវិញបាតុភាពបង្កឱ្យអាជីវករក្នុងផ្សាររមាស កើតការភ័យខ្លាចនេះដែរ ម្ចាស់តូបដែលមាន ឈ្មោះ រ័ត្ន បញ្ញា លក់ទូរស័ព្ទដៃក្នុងផ្សារមាស បានបញ្ជាក់ថា គាត់បិទតូបលក់តាំងពីថ្ងៃម្សិលមិញ និងទើបបើកនៅថ្ងៃនេះបន្ទាប់ពីអភិបាលស្រុកចុះណែនាំឱ្យលក់ដូរឡើងវិញ និងម្យ៉ាងវិញទៀតគាត់សំអាងទៅក្រុមហ៊ុនបានចុះមកពិនិត្យទូរស័ព្ទក្នុងតូបហើយបានបិទក្រដាសពន្ធលើទូរស័ព្ទរួចអស់ហើយ។
ទោះយ៉ាងនេះក្តីគាត់ក៏នៅតែភ័យខ្លាចព្រោះតែរបស់មួយចំនួនមួយទឹកដែលគាត់បានដូរពីប្រជាពលរដ្ឋយកចាស់មកដូរថ្មី រូបគាត់សំណូមពរថា តើឱ្យគាត់លក់ដូរបែបណាឱ្យបានត្រឹមត្រូវ? ព្រោះបច្ចុប្បន្នកំពុងតែមានការភ័យខ្លាចខ្លាំងណាស់រឿងចុះដកទូរស័ព្ទឆៅៗ បែបនេះនោះ។
ដោយឡែកអ្នកលក់គ្រឿងសំអាងឈ្មោះ ចែ នី បានផ្ដល់កិច្ចសម្ភាសន៍ទាំង២នាក់ប្ដីប្រពន្ធថា នៅថ្ងៃម្សិលមិញមានមន្ត្រីស្លៀកឯកសណ្ឋានដែលគាត់មិនស្គាល់មកដល់តូបរបស់គាត់ ហើយសុំត្រួតពិនិត្យ និងនិយាយថា របស់ទាំងនេះសុទ្ធតែអត់មានពន្ធទាំងអស់សូម្បីតែស្បៃសម្រាប់ដុះក្អែល និងសាប៊ូដុំក៏គ្មានពន្ធដែរហើយបើត្រូវបង់ពន្ធមួយតូបនេះប្រហែល ៣លានរៀលឯណោះ។ គាត់ក៏សុំសម្រួលត្រឹម៤០ម៉ឺនរៀលហើយការចរចារក៏ត្រូវគ្នាត្រឹម៧០ម៉ឺនរៀលទើបពួកគេឈប់ប្រមូលអីវ៉ាន់របស់គាត់ដាក់ឡានរួចយកលុយ៧០ម៉ឺនរៀល និងបានចេញអស់ទៅ ។ គាត់បានឃើញខ្នងអាវមានអក្សរសរសេរថា (ក.ប.ប ) ដូចជាប់រូបក្នុងកាមេរ៉ាសុវត្ថិភាព។
ពាក់ព័ន្ធនឹងការលើកឡើងរបស់ក្រុមអាជីវករលក់ដូរនៅក្នុងផ្សាររមាសនេះដែរ លោក ហ៊ី រតនា ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ឆ្នាំងបានបញ្ជាក់តាមទូរស័ព្ទថា ថ្ងៃនោះមន្ត្រីនៃមន្ទីរពាណិជ្ជកម្មខេត្តកំពង់ឆ្នាំងគ្រាន់តែបានសហការជាមួយ (ក.ប.ប) សាខារបស់ក្រសួងពាណិជ្ជកម្មតែប៉ុណ្ណោះហើយការយកលុយពីអាជីវករក៏ពួកគេមិនបានរាយការណ៍មកខ្ញុំដែរ ។
ប្រជាពលរដ្ឋក៏ដូចជាអាជីវករនៅស្រុកទឹកផុសរួមទាំងអាជ្ញាធរផងឆ្ងល់ថា បើចុះពិនិត្យរបស់ហួសសុពលភាព ឬក្លែងក្លាយម៉េចចាំបាច់ប្រើពាក្យរបស់គេចពន្ធហើយតម្រូវឱ្យគេប្រគល់លុយទើបមិនយករបស់គេ តើទាំង នេះជាអំពើពុករលួយដែរឬទេ? សូមបងប្អូនជួយពិចារណាទាំងអស់គ្នា៕