ព្រោះតែរឿងផលប្រយោជន៍ និងលាភសក្ការៈធ្វើឱ្យមនុស្សបាត់បង់អស់នូវគុណធម៌ និងតម្លៃជាមនុស្សអស់

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

(ខេត្តកំពង់ស្ពឺ)៖ ព្រោះតែរឿងផលប្រយោជន៍ លាភសក្ការៈ មុខរបររកសុីដូចគ្នា មានមនុស្សមួយក្រុមព្រួតគ្នាធ្វើបាបថៅកែឈ្មោះសាន្ត ហើយនាំគ្នាលើកជ្រោងថៅកែឈ្មោះ លឹម ចាន់ថុល ដោយសារ (លុយ៥កាក់ដុល្លារ) ក្នុង១ម៉ែត្រត្រីគុណ។ ពេលនេះការពិតត្រូវលាតត្រដាងហើយករណីព្រួតគ្នាផ្តួលរំលំថៅកែសាន្តឱ្យខ្ទាតចេញពីរណ្តៅដីក្នុងអាងទំនប់អូរក្រាំងអំបិលហើយនាំគ្នាជ្រោងលោកថៅកែឈ្មោះ លឹម ចាន់ថុលនោះ។ រវាងថៅកែរកសុីចាក់អាចម៍ដីនៅក្នុងទំនប់អូរក្រាំងអំបិលពេលនេះការពិតបានបើកបង្ហាញច្បាស់ហើយ ក្រោយពីមនុស្សមួយក្រុមមានមន្ត្រីអាវុធហត្ថខេត្តម្នាក់ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទងរួមទាំងគ្នីគ្នាម្នាក់ទៀតឈ្មោះលាង អេង ជាមន្ត្រីយោធា និងជាអ្នករកសុីគួកជេរដីផងដែរ។

ប្រភពព័ត៌មានបង្ហើបឱ្យដឹងថា បន្ទាប់ពីថៅកែសាន្តត្រូវបានជំនាញរ៉ែ និងថាមពលបញ្ជាឱ្យផ្អាកសកម្មភាព ក្រុមថៅកែជនជាតិចិនចាក់ដីបម្រុងធ្វើរោងចក្របានទំនាក់ទំនងលោកថៅកែ លឹម ចាន់ថុល ចាក់អាចម៍ដីលើដីរបស់ខ្លួនដែលថៅកែសាន្តធ្លាប់បានចាក់កន្លងមក។ ឥឡូវ​នេះប្រភពដែលស្និតក្រុមថៅកែចាក់ដីទាំងអស់នោះបានបង្ហើបប្រាប់ថា ថៅកែ លឹម ចាន់ថុល រាសីឡើងហើយដែលទទួលបានការចាក់ដីបន្តពីថៅកែសាន្តកន្លងមកនោះក្នុងតម្លៃ១រៀល៣កាក់(ដុល្លារ)។

ប្រភពព័ត៌មានបន្តថា ដោយឡែកមនុស្សចំនួន០៣នាក់ក្នុងនោះមានមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺមួយរូប មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង និងមន្ត្រីយោធាឈ្មោះលាង អេងឈ្មួញគួកជេរដីម្នាក់ទៀតបានទទួលលុយ០៥កាក់ដុល្លារ(ស្មើនិង២០០០រៀល) ក្នុង១ម៉ែត្រត្រីគុណព្រោះតែមូលហេតុទាំងនេះហើយទើបបានជាក្រុមមនុស្សទាំងអស់នោះខំប្រឹងរួមដៃគ្នា ព្រួតគ្នាធ្វើបាប និងផ្តួលរំលំថៅកែសាន្តឱ្យខ្ទាតចេញពីការជីកកាយដីទំនប់អូរក្រាំងអំបិលនេះ។ សញ្ញានេះអាចបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថា កន្លងមកមនុស្សម្នាក់ (ដែលគេស្គាល់ច្បាស់ថាជាមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺមួយរូបមានឋានន្តរសក្តិអនុសេនីយ៍ទោ) ធ្លាប់ប្រកាសក្តែងៗថា ខ្លួនគឺជាបងថ្លៃរបស់លោកថៅកែ លឹម ចាន់ថុល រហូតឱ្យអ្នកជុំវិញខ្លួនបានស្គាល់ និងបានដឹងថារូបខ្លួនជាបងថ្លៃរបស់លោកថៅកែ លឹម ចាន់ថុល។ ប៉ុន្តែតាមការពិតនោះលោកថៅកែ លឹម ចាន់ថុល និងមន្ត្រីរូបនោះគឺមិនមិនមានជាប់សាច់ឈាមនឹងគ្នាទាល់តែសោះ។ អ្វីដែលមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺរូបនោះធ្វើបែបនេះ និយាយបែបនោះ ពីព្រោះគេមានមហិច្ឆតាចង់កកូរកកាយដើម្បីឱ្យជំនាញពាក់ព័ន្ធនានាផ្អាកសកម្មភាព ការធ្វើអាជីវកម្មរបស់ថៅកែសាន្តប៉ុណ្ណោះ។ ហើយឱ្យថៅកែ លឹម ចាន់ថុល ចូលទៅចាក់អាចម៍ដីនៅកន្លែងដែលលោកថៅកែសាន្តធ្លាប់ចាក់កន្លងមកគឺក្នុងន័យខ្លួនចង់បានប្រាក់ភាគលាភក្នុង១ម៉ែត្រត្រីគុណស្មើនឹងលុយ៥កាក់ដុល្លារ (២០០០រៀល) តែប៉ុណ្ណោះ នេះគឺជាការប្រជែងគ្នាដោយទុច្ចរិតក្នុងការរកសុីការរកសុីរបស់ក្រុមជនខិលខូចមួយក្តាប់តូចនេះ។

បើយោងតាមប្រភពព័ត៌មានពីមន្ត្រីរ៉ែ និងថាមពលបានបង្ហើបប្រាប់ថាដោយសារក្រុមការងាររកឃើញថាក្រុមគ្រឿងចក្ររបស់ថៅកែលឹម ចាន់ថុល ជីកកាយខុសទីតាំងច្បាប់អនុញាតិទើបក្រុមការងារសម្រេចឱ្យផ្អាកបណ្តោះអាសន្នសិន។ ក្រោយពេលត្រូវផ្អាកក្រុមឡានសុីឈ្នួលដឹកដីមួយចំនួនក៏បានដកឡានចេញពីរណ្តៅអស់ខ្លះហើយដែរ។

ពាក់ព័ន្ធនឹងការលើកឡើងខាងលើនេះដែរ អ្នកយកព័ត៌មានយើងបានទូរស័ព្ទទៅលោក វិន ឡេងហួង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង លោកបានឆ្លើយថា លោកមិនមានភាគហ៊ុននៅក្នុងការជីកកាយដីអូរក្រាំងអំបិលនោះទេ គេរកសុីតែគេ លោកធ្វើការងាររបស់លោកតែប៉ុណ្ណោះ។

អង្គភាពសារព័ត៌មានយើងពុំមានចេតនាណាមួលបង្កាច់ ឬជាន់ពន្លិចឡើយហើយបណ្ដាសារព័ត៌មានយើងខ្ញុំសូមរងចាំទទួលនូវរាល់ការបកស្រាយពីបុគ្គលពាក់ព័ន្ធដោយយោងតាមច្បាប់ស្ដីពីរបបសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា៕

 

 

 

 

 

 

 

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

រំលង​ទៅ​របារ​ឧបករណ៍