
សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មានផ្តល់អំណោយអង្ករវីតាមីនចំនួន ៤០០ កេសជូនកាកបាទក្រហមកម្ពុជា
សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មានដឹកនាំដោយលោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា ប្រធានកិត្តិយសសមាគមបាននាំយកអំណោយអង្ករវីតាមីនចំនួន ៤០០ កេសជូនកាកបាទក្រហមកម្ពុជានៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះ។ ពិធីប្រគល់ទទួលនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា។
លោកជំទាវអគ្គលេខាធិការបានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តាំផ្ញើសួរសុខទុក្ខ និងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរសធម៌របស់សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មានដែលបានបរិច្ចាគអង្ករវីតាមីនចំនួន ៤០០កេសដែលជាការឧបត្ថម្ភលើកទី៣ ជូនដល់កាកបាទក្រហមកម្ពុជាសម្រាប់ប្រតិបត្តិការមនុស្សធម៌ជួយ សម្រាលការលំបាកដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត។
លោកជំទាវអគ្គលេខាធិការបានឱ្យដឹងថា ជារៀងរាល់ឆ្នាំ កាកបាទក្រហមកម្ពុជាទាំងថ្នាក់កណ្តាល និងសាខាទាំងអស់តែងតែធ្វើការកៀងគររកជំនួយពីសប្បុសជននានាក្នុងឱកាសទិវា ៨ ឧសភា ដើម្បីទុកជួយទៅដល់ប្រជាពលរដ្ឋដែលត្រូវការជំនួយជាចាំបាច់។
លោកជំទាវបានបញ្ជាក់ថា ការកៀងគររកជំនួយនេះដែរបើសាខាណាមិនមានលទ្ធភាពគ្រប់គ្រាន់ និងផ្តល់ជំនួយទៅដល់ប្រជាពលរដ្ឋបានទាន់ពេលវេលាទេ ថ្នាក់កណ្តាលនឹងយកទៅបំពេញបន្ថែមហើយអំណោយទាំងអស់ នឹងយកទៅចែកជូនដល់ដៃប្រជាពលរដ្ឋដោយផ្ទាល់។ លោកជំទាវបញ្ជាក់ថា អំណោយដែលទទួលបានពីសប្បុរសនានា កាកបាទក្រហមកម្ពុជានឹងយកទៅប្រើប្រាស់ឱ្យចំគោលដៅមនុស្សធម៌ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយណាមួយឡើយ។ ជាពិសេសជនចាស់ជរាឥតទីពឹង និងកុមារកំព្រា ស្ត្រីមេម៉ាយកូនច្រើន និងផ្ទុកមេរោគអេដស៍ជាដើម។
លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្រ្តា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មានបានឱ្យដឹងថា លោកជំទាវ និងក្រុមការងារ មានការពេញចិត្តគោរពស្រឡាញ់ និងកោតសសើរយ៉ាងខ្លាំងក្លាចំពោះកាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធានបានខិតខំប្រឹងប្រែងជួយដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្សត់ខ្សោយ និងជួបទុក្ខលំបាកបានទាន់ពេលវេលា។ លោកជំទាវជឿជាក់ថាអង្ករវីតាមីនទាំងនេះនឹងទៅដល់ដៃប្រជាពលរដ្ឋងាយគ្រោះ និងជួយឱ្យប្រជាពលរដ្ឋមានសុខភាពល្អហើយលោកជំទាវ និងបន្តជួយដល់ កាកបាទក្រហមកម្ពុជានូវអង្ករវីតាមីននេះជាបន្តបន្ទាប់ទៀត។
សូមជម្រាបថា សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន បានឧបត្ថមអង្ករវីតាមីនដល់កាកបាទក្រហមកម្ពុជាចំនួន ៣ លើករួចមកហើយដោយលើកទី១ នៅថ្ងៃទី២៣ ខែកក្តដា ឆ្នាំ២០១៦ ឧបត្ថមអាហារវីតាមីនចំនួន២០០កេស, លើកទី២ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ ឧបត្ថម្ភអង្ករវីតាមីនចំនួន២០០កេស, និងលើកទី៣ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះបានឧបត្ថម្ភអង្ករវីតាមីនចំនួន ៤០០កេស។