
បុរសម្នាក់វង្វេងស្មារតី ដើរអុកឡុកតាមផ្លូវ បង្កអសន្តិសុខក្នុងមូលដ្ឋាន និងយកជំពាមកៅស៊ូ ដុំថ្ម ទៅបាញ់ និងគប់កញ្ចក់ហាងចិនមួយកន្លែង
(ភ្នំពេញ)៖ បុរសម្នាក់វង្វេងស្មារតី ដើរអុកឡុក តាមផ្លូវ បង្កអសន្តិសុខក្នុងមូលដ្ឋាន និងយកជំពាមកៅស៊ូ ដុំថ្ម ទៅបាញ់ និងគប់កញ្ចក់ហាងចិនមួយកន្លែង នៅតាមផ្លូវជាតិលេខ៤ ក្រោមស្ពានអាកាសជម្ពូវ័ន ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បណ្តាលឱ្យបែកខ្ទេច ផ្អើលអាជ្ញាធរសមត្ថកិច្ចតាមចាប់ឃាត់។
ប្រភពព័ត៌មានបានបញ្ជាក់ថា បុរសនេះ កន្លងមកជាកម្មករលើកបន្លែ អីវ៉ាន់តែប្រើប្រាស់គ្រឿងញៀនដល់កម្រិតរហូតដល់វង្វេងស្មារតី (បែក) ដើរអុកឡុក និងបង្កអសន្តិសុខក្នុងមូលដ្ឋាន ស្រាប់តែនៅរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤នេះ បុរសម្នាក់នេះបានប្រដាប់ដោយជំពាមកៅស៊ូ ដុំថ្ម បាញ់ និងគប់កញ្ចក់ទ្វារហាងចិន ចំណុចខាងលើ បណ្តាលឱ្យបែកខ្ទេច ។
ដោយបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ ជនបែកថ្នាំនេះត្រូវបានកម្លាំងអាជ្ញាធរសមត្ថកិច្ច ចាប់ឃាត់ និងស្នើសុំទៅមន្ទីរសង្គមកិច្ចដើម្បីយកទៅសំចត៕