
មួកសុវត្ថិភាពចំនួន ១៤៣មួកដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានចែកជូនដល់សិស្សានុសិស្សនៅវិទ្យាល័យ ហ៊ុន សែន កំចាយមារ
(ព្រៃវែង)៖ នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ ២០២៤ លោក ឌុច គន្ធា អភិបាលរងខេត្ត តំណាង ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែងបាននាំយកមួកសុវត្ថិភាពចំនួន ១៤៣ មួកដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្តល់ជូនសិស្សានុសិស្សនៅវិទ្យាល័យ ហ៊ុន សែន កំចាយមារ និងវិទ្យាល័យជាច ស្រុក កំចាយមារ ខេត្តព្រៃវែង។
មានប្រសាសន៍នៅក្នុងឱកាសនោះផងដែរ លោក ឌុច គន្ធា អភិបាលរងខេត្តបានមានប្រសាសន៍លើកឡើងថា ដើម្បីពង្រឹង និងអនុវត្តសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅតាមដងផ្លូវពីសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាពខ្លាំងឡើងទ្វេដងបន្ថែមទៀតនោះសូម ក្មូយៗ សិស្សានុសិស្ស យុវជន បងប្អូនប្រជាពលរដ្ឋ គ្រប់ស្រទាប់វណ្ណៈ ទាំងអស់រាល់ពេលធ្វើដំណើរទីជិតឆ្ងាយ សូមចូលរួមពាក់មួកសុវត្ថិភាពឱ្យបានគ្រប់ៗគ្នាព្រោះថាការពាក់មួកសុវត្ថិភាពនេះអាចជួយដល់អាយុជីវិតរបស់អ្នកបើកបរហើយនិងមិនបង្កឱ្យប៉ះពាល់ដល់ក្បាលនោះទេ។
ក្នុងនោះដែរ លោកអភិបាលរងខេត្តបានផ្ដាំផ្ញើដល់ក្មួយៗ សិស្សានុសិស្សដែលកំពុងតែសិក្សានៅតាមវិទ្យាល័យទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់សិក្សារៀនសូត្រឱ្យបានពូកែត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន មិនត្រូវគេចសាលា មិនត្រូវជិះម៉ូតូលឿន ត្រូវពាក់មួកសុវត្ថិភាពឱ្យបានជាប់ជាប្រចាំរាល់ពេលធ្វើដំណើរ និងត្រូវធ្វើខ្លួនជាកូនល្អ សិស្សល្អនៅក្នុងសង្គម ធ្វើយ៉ាងណាដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិយើងឱ្យកាន់តែរីកចម្រើនទៅមុខជាលំដាប់៕