
សមត្ថកិច្ចក្រុងព្រះសីហនុបំបែកសំណុំរឿងអគ្គិភ័យ ឆេះសណ្ឋាគារអន្តរជាតិនៅម្តុំចំណោតអូរសំអាត
(ខេត្តព្រះសីហនុ)៖ សមត្ថកិច្ចបំបែកសំណុំរឿងអគ្គិភ័យ ឆេះសណ្ឋាគារ អន្តរជាតិនៅម្តុំចំណោតអូរសំអាត ក្រុងព្រះសីហនុ កាលពីល្ងាចថ្ងៃ១៤មិថុនា ថ្មីៗនេះដែលបណ្តាលឱ្យបុរសជនជាតិចិនម្នាក់ឆេះស្លាប់ដោយបញ្ជាក់ថា ករណីនេះជារឿងឃាតកម្ម។
បើតាមសមត្ថកិច្ចនគរបាលខេត្តព្រះសីហនុបានឱ្យដឹងជាបឋមនៅថ្ងៃ២១ ខែមិថុនា ឆ្នាំ២០២៤ថា បច្ចុប្បន្នក្រោមកិច្ចសហការពីសមត្ថកិច្ចចំរុះ និងផ្នែកជំនាញពាក់ព័ន្ធសមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យជាជនជាតិខ្មែរម្នាក់ដែលសមត្ថកិច្ចអះអាងថា ជាអ្នកចាក់ប្រេងដុតទៅលើជនរងគ្រោះ បង្កទៅជាអគ្គិភ័យឆេះរលាកជនរងគ្រោះ និងរាលដាលឆេះផ្នែកខាងក្រោមក្នុងសណ្ឋាគារអន្តរជាតិនោះ ប៉ុន្តែបានរលត់ទៅវិញក្រោយសមត្ថកិច្ចចំរុះ និងក្រុមសង្គ្រោះអន្តរាគមន៍ពន្លត់។
សុំបញ្ជាក់ថា ក្រោយកើតហេតុជនសង្ស័យ (ដែលទើបចាប់បាននេះ) បានរត់គេចខ្លួន ចំណែកជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យតែដោយសារស្ថានភាពរលាកធ្ងន់ធ្ងរ ជនរងគ្រោះក៏បានស្លាប់នៅពេលបន្ទាប់។ ករណីនេះ សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុកំពុងបន្តនិតិវិធីទៅលើជនសង្ស័យតាមផ្លូវច្បាប់៕