
បង្ក្រាបគ្រឿងញៀនចំនួន១៤៥ គីឡូក្រាម ឃាត់ខ្លួនជនបរទេស ០៥នាក់ នៅខណ្ឌជ្រោយចង្វារ
(ភ្នំពេញ)៖ បង្ក្រាបករណីជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំមួយដោយរឹបអូសវត្ថុតាងគ្រឿងញៀនបានចំនួន១៤៥គីឡូក្រាម និងឃាត់ខ្លួនឧក្រិដ្ឋជនដែលជាជនបរទេស ចំនួន៥នាក់។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ នៅខណ្ឌជ្រោយចង្វារ។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានអះអាងថា ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ លោកឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ឧក្រិដ្ឋជនទាំង៥នាក់ដែលសមត្ថកិច្ចបង្ក្រាបបាននេះ ម្នាក់ជាជនជាតិជប៉ុន និង៤នាក់ទៀត ជាជនជាតិចិនតៃវ៉ាន់។ លោកបានគូសបញ្ជាក់ថា ឆ្លងតាមការស្រាវជ្រាវស៊ើបអង្កេតអស់រយៈពេលជាច្រើនថ្ងៃទៅលើមុខសញ្ញាជនជាតិចិនតៃវ៉ាន់មួយក្រុមដែលកំពុងធ្វើសកម្មភាពជួញដូរចែកចាយគ្រឿងញៀនយ៉ាងសកម្មក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តមួយចំនួន។ លុះនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ២០:៣០នាទី កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនបានសហការជាមួយកម្លាំងនគរបាលខណ្ឌជ្រោយចង្វារបើកប្រតិបត្តិការបង្ក្រាបជាក់ស្តែង ករណីជួញដូរគ្រឿងញៀនខាងលើដោយឃាត់ខ្លួនបានជនសង្ស័យជនជាតិតៃវ៉ាន់ម្នាក់ឈ្មោះ ហ្វាន យានគួយ ភេទប្រុស អាយុ២៦ឆ្នាំ នៅចំណុចក្នុងបុរីមួយកន្លែង សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងដកហូតវត្ថុតាងថ្នាំញៀនប្រភេទកេតាមីនចំនួន ៣ដុំ ស្មើនឹង៣គីឡូក្រាម។ បន្ទាប់មកនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ១៤:១០នាទី កម្លាំងបន្តស្រាវជ្រាវ បង្ក្រាបបានបក្សពួកជនសង្ស័យចំនួន ០៤នាក់បន្ថែមទៀតដែលជាជនជាតិតៃវ៉ាន់ ០៣នាក់ និងជនជាតិជប៉ុន ០១នាក់ នៅចំណុចបុរីអ័រគីដេ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញរួមមាន៖
ទី១. ឈ្មោះ ស៊ូ ឈិនហៅ អាយុ២៣ឆ្នាំ
ទី២. ឈ្មោះ ហ័ង ហឺជៀន អាយុ៣៥ឆ្នាំ
ទី៣. ឈ្មោះ ហ្វាង ចឹងជីន អាយុ២០ឆ្នាំ
ទី៤. ឈ្មោះ ណូមូរ៉ា សូគីជី អាយុ៧៦ឆ្នាំ។
កម្លាំងជំនាញបានឆែកឆេរទីតាំងស្នាក់នៅ និងទីតាំងស្តុកគ្រឿងញៀនរបស់ក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀនខាងលើចំនួន ០៣ទីតាំងផ្សេងគ្នាជាលទ្ធផលរកឃើញ ថ្នាំញៀនប្រភេទកេតាមីនចំនួន១៤២ដុំស្មើនឹង ១៤២គីឡូក្រាម, ម្សៅសារធាតុផ្សំគ្រឿងញៀនចំនួន ០២គីឡូក្រាម, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន ០៣, ឧបករណ៍សម្ភារៈសម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន និងសំបកកញ្ចប់ថង់រូបតែសម្រាប់ច្រកថ្នាំញៀន (ខ្នាត១គីឡូក្រាម) ចំនួន ២០០កញ្ចប់។
សរុបលទ្ធផលប្រតិបត្តិការនេះ កម្លាំងជំនាញឃាត់ខ្លួនជនជាតិចិនតៃវ៉ាន់ ០៤នាក់ និងជនជាតិជប៉ុន ០១នាក់ ដកហូតថ្នាំញៀនប្រភេទកេតាមីនសរុបទម្ងន់ ១៤៥គីឡូក្រាម។
លោកបានឱ្យដឹងទៀតថា ក្រោយបញ្ចប់ការសួរនាំ កម្លាំងនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនឹងកសាងសំណុំរឿងបញ្ជូនឧក្រិដ្ឋទាំង ០៥នាក់ និងវត្ថុតាងគ្រឿងញៀនទៅកាន់សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤៕