រដូវប្រមូលផលផ្លែទុរេននៅសំឡូតឆ្នាំនេះបានទាក់ទាញអតិថិជនយ៉ាងច្រើនកុះករ

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

អាជ្ញាធរស្រុកសំឡូតបញ្ជាក់ថា ២សប្តាហ៍មកហើយដែលមានរថយន្តភ្ញៀវក្នុងខេត្ត និងក្រៅខេត្តជិះបន្តកន្ទុយគ្នាខ្ទង់រយគ្រឿងសំដៅឆ្ពោះទៅស្រុកសំឡូតដែលធ្វើឱ្យមានការស្ទះផ្លូវដោយកន្លែងតាមច្រកឆ្ពោះទៅចំការទុរេន។

លោកសើ សាម៉េត អភិបាលស្រុកសំឡូតបានឱ្យដឹងថា នេះជារដូវកាលដែលកសិករនៅស្រុកសំឡូតកំពុងពេញប្រមូលផល «ទុរេន» ទុំលើកទី១ ។

ម្ចាស់ចំការបានបញ្ជាក់ថា ភ្ញៀវមកភ្លូកទឹកភ្លូកដីនេះដោយសារតែភាពល្បីល្បាញនៃរសជាតិទុរេននៅស្រុកសំឡូតនេះថា ផ្អែមឈ្ងុយឆ្ងាញ់បើប្រៀបទៅនឹងប្រទេសជិតខាងដែលនាំចូលហើយតម្លៃក៏សមរម្យ។

លោក សើ សាម៉េត អភិបាលស្រុកសំឡូតខេត្តបាត់ដំបងបានមានប្រសាសន៍ឱ្យដឹងថាទុរេនវគ្គទីមួយនេះទុំប្រមាណ៩០ភាគរយហើយដែលម្ចាស់ចំការបានលក់ឱ្យភ្ញៀវមួយថ្ងៃៗរាប់តោនទាំងភ្ញៀវមកទិញដល់ចំការលក្ខណៈគ្រួសារ និងឈ្មួញកណ្តាលយកទៅលក់បន្តផងដែរ។

យោងតាមរបាយការណ៍មួយរបស់ការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថានស្រុកសំឡូតខេត្តបាត់ដំបងបានបញ្ជាក់ថា គិតត្រឹមខែមិថុនា ស្រុកសំឡូតមានដាំដំណាំទុរេន៦ឃុំសរុបចំនួន៥៩៣ហិកតា ដែលក្នុងនោះឃុំសំឡូត និងឃុំស៊ុងដាំដុះច្រើនជាងគេក្នុងនោះឃុំសំឡូតដាំបាន២៨០ហិតា ឃុំស៊ុង២១៥ហិកតា ឃុំមានជ័យ៤១ហិកតា ឃុំតាសាញ២០ហិកតា ឃុំតាតោក៣៥ហិកតា និងឃុំកំពង់ល្ពៅមានចំការទុរេនចំនួន៥ហិកតា ។

របាយការណ៍របស់មន្រ្តីកសិកម្មស្រុកបញ្ជាក់ថា ក្នុងចំណោមដំណាំទុរេនខាងលើមានចំនួន៤៥៧ហិកតាអាចប្រមូលផលបាន ដែលគិតទិន្នផលជាមធ្យមពី៧តោនដល់១០តោនក្នុងមួយហិកតាដែលជាទិន្នផលយ៉ាងខ្ពស់។

បើតាមទិន្នន័យការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថានស្រុកសំឡូតខេត្តបាត់ដំបងឱ្យដឹងថា ឆ្នាំនេះកសិករប្រមូលផលផ្លែទុរ៉េនបានជិត ៤៥០០តោន ដែលលក់បានតម្លៃក្នុងមួយគីឡូ ១៥០០០រៀល។

លោក ម៉ែន រីម អធិការស្រុកសំឡូតបានឱ្យដឹងថាភ្ញៀវមកដំណើរកំសាន្តនិងទិញផ្លូវទុរេនតាមចំការច្រើននៅថ្ងៃចុងសប្តាហ៍រយៈពេល ពីរសប្តាហ៍មកហើយ។

ភ្ញៀវខ្លះក្រោយពីបានចូលចំការទុរេនហើយបានបន្តដំណើរកំសាន្តនៅតាមរមណីយដ្ឋានធម្មជាតិនានា ៕

 

 

 

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

រំលង​ទៅ​របារ​ឧបករណ៍