អតិថិជនរបស់ស្រាបៀរកម្ពុជាកើតទុក្ខមិនសុខចិត្ដខណៈត្រូវរង្វាន់ឡានតែបែរជាបានទូរស័ព្ទដៃទៅវិញ

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

(ព្រៃវែង)៖ អតិថិជនប្ដីប្រពន្ធពីរនាក់រស់នៅឃុំកោះរការ ស្រុកពាមជរ ខេត្ដព្រៃវែង បានរៀបរាប់ប្រាប់អង្គភាពសារព័ត៌មានយើងខ្ញុំ ជុំវិញការមិនសុខចិត្ដចំពោះក្រុមហ៊ុន ស្រាបៀរកម្ពុជា ខណៈដែលរូបគាត់ត្រូវរង្វាន់ឡាន តាមរយៈការចាប់ឆ្នោតបែរជាបុគ្គលិករបស់ក្រុមហ៊ុនបើកឱ្យជាទូរស័ព្ទទៅវិញប៉ុន្ដែរូបគាត់មិនព្រមទទួល។

សូមបញ្ជាក់ផងដែរថា អ្នកដែលត្រូវរង្វាន់តាមរយៈការចាប់ឆ្នោតមានឈ្មោះ វ៉ា ង៉ុយ ជាប្ដី និង តុង ស្រៀង ជាប្រពន្ធ អ្នកទាំងពីរបានរៀបរាប់ដូច្នេះថា កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ពួកគាត់ទាំងពីរបានទិញស្រាបៀរកម្ពុជាចំនួន ១៣២កេស ដើម្បីធ្វើពិធីឡើងគេហដ្ឋានបន្ទាប់ពីបានបញ្ជាទិញខាងតំណាងក្រុមហ៊ុនជាបុគ្គលិកបានដឹកជញ្ជូនស្រាបៀរនោះទៅដល់គេហដ្ឋានរបស់ពួកគាត់ បុគ្គលិកផ្នែកលក់បានប្រាប់ថា ក្រុមហ៊ុននឹងផ្ដល់សន្លឹកឆ្នោតចំនួន ២សន្លឹកដើម្បីចាប់យករង្វាន់មានដូចជារថយន្ដ និងរង្វាន់ជាច្រើនទៀតជាការលើកទឹកចិត្ដអតិថិជនហើយបុគ្គលិករូបនោះក៏បានជួយសរសេរបំពេញឈ្មោះ តាមលក្ខខណ្ឌលើកន្ទុយឆ្នោត ជូនអ្នកទិញទៀតផងដែរដើម្បីធ្វើការផ្សងសំណាងខណៈអតិថិជនពោលថាពួកគាត់មិនចេះអក្សរក្រោយពីបានបំពេញរួចរាល់ បុគ្គលិកតំណាងក្រុមហ៊ុនបានហែកយកកន្ទុយសន្លឹកឆ្នោតនោះដែលមានលេខសំគាល់ ០១៦៩៥៥ និង០១៦៩៥៦។

អ្នកទាំងពីរជាប្ដីប្រពន្ធខាងលើបានបញ្ជាក់ទៀតថា រហូតដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ក្រុមហ៊ុនបានចាប់ឆ្នោតផ្សងសំណាង មានឈ្មោះប្ដីប្រពន្ធខាងលើជាអ្នកត្រូវ និងទទួលបានរង្វាន់ជារថយន្ដម៉ាក Ford មួយគ្រឿង ហើយក្រុមហ៊ុនក៏បានធ្វើសេចក្ដីប្រកាសតាមរយៈហ្វេសប៊ុកផេក ផ្លូវការរបស់ក្រុមហ៊ុនផងដែរស្រាប់តែដល់ពេលដែលត្រូវប្រគល់រវង្វាន់រថយន្ដនោះបែរជាបុគ្គលិក តំណាងរបស់ក្រុមហ៊ុនមកប្រាប់ពួកគាត់ទាំងពីរថា ការត្រូវរង្វាន់រថយន្ដនោះគឺខុសលក្ខខណ្ឌរបស់ក្រុមហ៊ុនគឺផ្ដល់ជូនសម្រាប់តែអាពាហ៍ពិពាហ៍ប៉ុណ្ណោះគឺពុំផ្ដល់សម្រាប់អតិថិជនដែលទិញស្រាបៀរកម្ពុជាក្នុងពិធីឡើងគេហដ្ឋាននោះទេ។

ប្ដីប្រពន្ធទាំងពីរជាអ្នកបានត្រូវរង្វាន់រថយន្ដ Ford ខាងលើនោះបានទទូចស្នើសុំឧកញ៉ា លាង ឃុន អគ្គនាយកក្រុមហ៊ុន Khmer Beverages មេត្ដាផ្ដល់នូវភាពត្រឹមត្រូវ និង យុត្ដិធម៌ជូនពួកគាត់ផងដើម្បីភាពសុក្រឹត្យ ចំពោះអតិថិជនទោះមិនបាន១០០% ក៏គួរឱ្យបានសមរម្យដែរ។

ការលើកឡើងក៏ដូចជាការរៀបរាប់ខាងលើរបស់ប្ដីប្រពន្ធទាំងពីរនាក់រស់នៅក្នុងឃុំកោះរការ ស្រុកពាមជរ ខេត្ដព្រៃវែង គឺគ្រាន់តែជាការស្នើសុំឱ្យក្រុមហ៊ុនពិនិត្យ និងផ្ដល់ភាពសុក្រឹត្យជូនអតិថិជនដែលតាំងតែគាំទ្រ ផលិតផលរបស់ក្រុមហ៊ុនប៉ុណ្ណោះពុំមានចេតនាមួលបង្កាច់បង្ខូចឈ្មោះក្រុមហ៊ុនឡើយ។

ក្រោយពីអង្គភាពយើងខ្ញុំទទួលបានដំណឹងនេះក៏បានធ្វើការសម្ភាសន៍ផ្ទាល់ជាមួយអតិថិជនដែលបានត្រូវរង្វាន់ និងពុំអាចស្នើសុំការសម្ភាសន៍ពីតំណាងក្រុមហ៊ុនបានទេព្រោះគ្មានលេខទំនាក់ទំនង។

អង្គភាពសារព័ត៌មានយើងខ្ញុំរង់ចាំការបំភ្លឺ ឬ ការបកស្រាយពីសំណាក់ក្រុមហ៊ុនគ្រប់ម៉ោងធ្វើការ។

 

 

 

 

 

 

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

រំលង​ទៅ​របារ​ឧបករណ៍