
ល្បីខ្លាំងលោក គង់ មង្គល ប្រធានសហគមន៍បឹងជ្រាវចាស់ដាក់គ្រឿងចក្រឈូសឆាយរំលោភយកដីព្រៃលិចទឹកតំបន់៣ (តំបន់ហាមឃាត់) ធ្វើជាកម្មសិទ្ធិឯកជនទុកលក់ខ្ទង់លានដុល្លារ តើអាជ្ញាធរនិងជំនាញណាខ្លះបានដឹង និងមានវិធានការទប់ស្កាត់?
(ខេត្តសៀមរាប)៖ តើពិតឬទេដែលបងប្អូនប្រជាពលរដ្ឋ និងបណ្តាញសង្គមមួយចំនួនធ្លាប់ល្បីខ្លាំងហើយថា លោក គង់ មង្គល ជាប្រធានសហគមន៍បឹងជ្រាវចាស់ ដែលសម្បូរទៅដោយរឿងអាស្រូវ ល្បីឈ្មោះខាងដើរឈូសឆាយរំលោភយកដីព្រៃរបស់រដ្ឋធ្វើជាកម្មសិទ្ធិ និងរំលោភឈូសឆាយយកដីព្រៃលិចទឹកក្នុងតំបន់៣ (តំបន់ហាមឃាត់) ស្ថិតនៅក្នុងខេត្តសៀមរាបហើយមានបណ្ដាញសារព័ត៌មានជាង១០អង្គភាពបាននាំគ្នាធ្វើសេចក្តីបំភ្លឺថា ដីដែលលោក គង់ មង្គល បានធ្វើការឈូសឆាយនោះមានទំហំ៧៧ហិកតា ដែលជាកម្មសិទ្ធិឯកជនរបស់លោក គង់ មង្គល ជាដីដែលកាន់កាប់អាស្រ័យផងតាំងពីឆ្នាំ១៩៩២ របស់បុគ្គលដែលសំបូរទៅដោយរឿងអាស្រូវប្រចាំខេត្តសៀមរាបនោះ។
សូមរំលឹកផងដែរថា កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅក្រុមការងារអ្នកសារព័ត៌មានយើងបានចុះផ្តិតយករូបភាពសកម្មភាពជនឆ្លៀតឱកាសដាក់គ្រឿងចក្រឈូសឆាយដីព្រៃលិចទឹកនៅក្នុងតំបន់៣ ចំណុចទំនប់៧៨ នៅសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប យ៉ាងអនាធិបតេយ្យរាប់រយហិកតា ទោះជាសម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល ចាត់វិធានការក្ដៅគគុក និងដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់យ៉ាងណាក៏ដោយនេះបើតាមប្រភពពីពលរដ្ឋបានបង្ហើបថា ដីដែលធ្វើការឈូសឆាយនោះជាដីកម្មសិទ្ធិឯកជនរបស់លោក គង់ មង្គល មានចំនួន៧៧ហិកតា តែពួកគាត់ឆ្ងល់ថាហេតុអ្វីបានជាស្ថិតនៅក្នុងបង្គោលតំបន់៣(តំបន់ហាមឃាត់)ទៅវិញ តើលោក គង់ មង្គល មានអំណាចធំប៉ុណ្ណា?
ប្រភពបានបង្ហើបទៀតថា ការឈូសឆាយដីព្រៃលិចទឹកក្នុងតំបន់ខាងលើ គឺគ្រោងឈូសឆាយរាប់រយហិកតាបន្ថែមទៀតដើម្បីយកដីព្រៃតំបន់៣នេះលក់ពីបុគ្គលអ្នកមានលុយមានអំណាចមួយចំនួនដោយយកលេសថាមានលិខិតកាន់កាប់ស្របច្បាប់ចំនួន ៧៧ហិកតា របស់ឈ្មោះ គង់ មង្គល នេះជាល្បិចកន្ទេរធំបន្លំដេកមានឱកាសគឺត្របាក់តែម្ដង។
ប្រជាពលរដ្ឋហាក់អស់ជំនឿលើមន្ដ្រីអាជ្ញាធរក្នុងមូលដ្ឋាន និងមន្ទីរជំនាញពាក់ព័ន្ធចំពោះចំណាត់ការទប់ស្កាត់ និងអភិរក្សដីព្រៃលិចទឹក ដែលជាសម្បត្ដិរបស់រដ្ឋក្នុងបំណងបង្កបង្កើនផលនេសាទទុកបម្រុងសម្រាប់ជីវភាពប្រជាពលរដ្ឋក្នុងទឹកដីខេត្ដសៀមរាប។
ប្រជាពរលដ្ឋម្នាក់និយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានប្រាប់អង្គភាពសារព័ត៌មានយើងខ្ញុំថា ជនខិលខូចមួយក្ដាប់តូច និងអ្នកមានអំណាចមួយចំនួនតូចប្រើល្បិចខ្ពស់ ដីមួយចំអាមច្បាមយក ១ហិកតា ដី៧៧ហិកតា ឈូសយករាប់រយហិកតាហើយពោលថា ឱ្យតែដីដែលគេឈូសឆាយនោះសុទ្ធតែមានច្បាប់ហើយកុំចាំបាច់ឆ្ងល់អីនៅឱ្យស្ងៀមទៅកុំខ្វល់។
ជុំវិញការលើកឡើងខាងលើនេះដែរ អង្គភាពសារព័ត៌មានយើងបានទំនាក់ទំនងទៅកាន់លោកគង់ មង្គល តាមលេខទូរស័ព្ទដើម្បីសុំការបកស្រាយបំភ្លឺបន្ថែមតែទូរស័ព្ទមិនអាចទាក់ទងបាន និងបានព្យាយាមផ្ញើសារតាមប្រព័ន្ធតេឡេក្រាមទៅលោកដែរតែមិនឃើញលោកចូលមើល។
បើយោងតាមកំណត់ហេតុចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ ស្តីពីការចុះជួបជុំពិនិត្យស្ថានភាពទន្ទ្រាន និងភ្លើងឆេះព្រៃលិចទឹក ស្ថិតក្នុងភូមិសាស្ត្រសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាបរបស់ឯកឧត្តម សរ គឹមសាន្ត អគ្គលេខាធិការនៃអាជ្ញាធរទន្លេសាបបានដឹកនាំក្រុមការងារមន្ត្រីបច្ចេកទេសនៃអាជ្ញាធរទន្លេសាប ការចុះជួបជុំពិនិត្យ ស្ថានភាពទន្ទ្រាន និងភ្លើងឆេះព្រៃលិចទឹកស្ថិតក្នុងភូមិសាស្ត្រសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ដោយមានកិច្ចសហការចូលរួមពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប ស្នងការនគរបាលខេត្ត អភិបាលរងក្រុង ចៅសង្កាត់ ប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប មន្ទីរធនធានទឹកនិងឧតុនិយមខេត្ត មន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មន្ទីរបរិស្ថាន ការិយាល័យ ភូមិបាលស្រុក ដែលមានសមាសភាពចូលរួមសរុប ចំនួន ២៤នាក់ដូចមានជូនភ្ជាប់នូវបញ្ជីវត្តមាន ។
ទិដ្ឋភាពទូទៅនៃកិច្ចប្រជុំដោះស្រាយបាននាំគ្នាពិនិត្យមើលដល់ទីតាំងជាក់ស្តែងដែលដល់តំបន់ឈូសឆាយនៅតំបន់២ និងករណីការឆេះព្រៃនៅតំបន់ជាក់ស្តែងនៅតំបន់ព្រំសង្កាត់ជ្រាវជា មួយឃុំកណ្តែក។
កិច្ចប្រជុំបានលើកយកបាតុភាពនេះយកមកពិភាក្សានៅសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាបដោយទទួលបានលទ្ធផលដូចខាងក្រោម៖
១.ចុះពិនិត្យជាក់ស្តែងដោយមិនមានការទន្ទ្រានដីថ្មីនៅតំបន់ ៣ ទេ ប៉ុន្តែមានការឈូសឆាយនៅក្នុងតំបន់២ ដែលបានកាត់ឆ្កៀល។
២.ចំណុចដែលមានការទន្ទ្រានដីថ្មីចំនួន ២៣.៨៣ ហិកតា នៅក្នុងតំបន់៣ ដែលបញ្ជាក់ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (លិខិតលេខ១១៧៧ ដនស/ខុទ្ទកាល័យ ចុះថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២៤) វាជាដីបាតបឹងចាស់នោះទេ។
៣.ពិតជាមានស្លាកស្នាមភ្លើងឆេះព្រៃពិតប្រាកដមែនដែលស្ថិតនៅព្រំប្រទល់សង្កាត់ជ្រាវ ជិតឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ក្រុងសៀមរាប។
៤. ស្នើអាជ្ញាធរមូលដ្ឋានជួយទប់ស្កាត់ការកាប់ទន្ទ្រានថ្មី បង្ការកុំឱ្យភ្លើងឆេះព្រៃ និងពង្រឹងការអនុវត្ត អនុក្រឹត្យលេខ ០៨៣ អនក្រ.បក ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២៣។ កិច្ចប្រជុំបានបញ្ចប់នៅវេលាម៉ោង ១១:៣០ នាថ្ងៃខែឆ្នាំដដែលប្រកបដោយការយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់។
ចម្ងល់ប្រជាពលរដ្ឋក៏ដូចជាមហាជនបានលើកឡើងថា ក្រុមការងារមន្ត្រីបច្ចេកទេសនៃអាជ្ញាធរទន្លេសាប ការចុះជួបជុំពិនិត្យ ស្ថានភាពទន្ទ្រាន និងភ្លើងឆេះព្រៃលិចទឹកស្ថិតក្នុងភូមិសាស្ត្រសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ដោយមិនបានបញ្ជាក់ថា ទីតាំងដីព្រៃលិចទឹកដែលស្ថិតនៅក្នុងបង្គោលតំបន់ ៣ (តំបន់ហាមឃាត់) ដែលលោក គង់ មង្គល ប្រធានសហគមន៍បឹងជ្រាវចាស់យកគ្រឿងចក្រទៅឈូសឆាយរំលោភយកធ្វើជាកម្មសិទ្ធិដោយយកលេសថា មានលិខិតកាន់កាប់ស្របច្បាប់ចំនួន ៧៧ហិកតា ស្ថិតនៅត្រង់ចំណុចណាឱ្យពិតប្រាកដ និងមិនបានកំណត់ឱ្យជាក់លាក់ណាមួយនោះទេនេះបើយោងទៅតាមកំណត់ហេតុក៏ដូចជាចម្ងល់របស់ប្រជាពលរដ្ឋនឹងមហាជន។
មតិមហាជនមានចម្ងល់ថា ប្រសិនបើការចុះកាត់ឆ្វៀលនោះជូនប្រជាពលរដ្ឋមែន តើប្រជាពលរដ្ឋដែលអាស្រ័យផលជាក់ស្តែងនោះនៅឯណា? ហើយប្រសិនបើដីដែលអាស្រ័យផលមែនហេតុអ្វីមកធ្វើការឈូសឆាយក្នុងបង្គោលតំបន់បីដីព្រៃលិចទឹកទៅវិញ? ដីក្នុងតំបន់ខាងលើនោះតាំងពីដូនតាមកហើយជាដីព្រៃលិចទឹក៕
ជុំវិញក្រោយពីអន្តរក្រសួងបានធ្វើការចុះដល់ទីតាំងខាងលើ និងមានកំណត់ហេតុដែលបានចុះដោយអន្តរក្រសួងកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅនេះក្រុមការងារនៃការចុះអង្កេតនូវអង្គហេតុខាងលើបានលួចខ្សឹបប្រាប់ដល់ក្រុមការងារយើងថា កំពុងធ្វើការស៊ើបអង្កេតជាបន្តទៀតលើករណីដី៧៧ហិកតា ដែលមានប្រភពពីបណ្តាញព័ត៌មានថា និងមានឯកសារច្បាស់ៗថា ជាដីស្របច្បាប់របស់លោក គង់ មង្គល ដែលលោក ក្អោប រ៉ន ចៅសង្កាត់ជ្រាវជាអ្នកធ្វើការអះអាងក្តែងៗតាមបណ្តាញសង្គមព័ត៌មានថាបុគ្គលឈ្មោះ គង់ មង្គល បានអាស្រ័យផលតាំងពីឆ្នាំ១៩៩២ហើយនឹងរង់ចាំបំភ្លឺនៅពេលក្រោយ។
ប្រជាពលរដ្ឋសូមធ្វើការសំណូមពរដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលក៏ដូចជាក្រសួងមន្រ្តីជំនាញ និង អាជ្ញាធរអន្តរក្រសួងព្រមទាំងអជ្ញាធរខេត្ដសៀមរាប ជួយដាក់ការស៊ើបអង្កេតស្រាវជ្រាវ និងចាត់វិធានការផ្លូវច្បាប់ផងទាន ដើម្បីធានាឱ្យបាននូវការថែរក្សាការពារដីព្រៃលិចទឹកតំបន់បីឱ្យមានប្រសិទ្ធភាពផងដើម្បីជាប្រយោជន៍ដល់សង្គមជាតិស្របទៅតាមយុទ្ធសាស្រ្តគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល។
អង្គភាពសារព័ត៌មានយើងខ្ញុំគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ជាំងពីបញ្ហាសង្គម និងជាអ្នកនាំដំណឹង ឬនាំសារពីប្រជាពលរដ្ឋទៅថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល មកប្រជាពលរដ្ឋវិញ ឬរាយការណ៍ជូនដល់ប្រមុខថ្នាក់ដឹកនាំឱ្យលោកបានជ្រាបនៅរាល់បញ្ហាអសកម្មផ្សេងៗមួយចំនួន ឬរិះគន់ក្នុងន័យស្ថាបនាតែប៉ុណ្ណោះ។
អង្គភាពសារព័ត៌មានយើងពុំមានចេតនាណាមួលបង្កាច់ ឬជាន់ពន្លិចឡើយ បណ្ដាសារព័ត៌មានយើងខ្ញុំសូមរងចាំទទួលនូវរាល់ការបកស្រាយពីបុគ្គលពាក់ព័ន្ធបើមានព្រឹត្តិកម្មណាមួយនោះដោយយោងតាមច្បាប់ស្ដីពីរបបសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា៕ សូមអរគុណ!