
បទល្មើសនេសាទនៅតែបន្តរីករាលដាលពេញផ្ទៃបឹងទន្លេសាប ក្នុងស្រុកក្រគរខេត្តពោធិ៍សាត់ នៅរដូវបិទនេសាទ
(ខេត្តពោធិ៍សាត់)៖ បទល្មើសរបាំងស្បៃក្រឡាញឹក និងរបាំងណរ៉ាវវែងៗរាប់រយខ្សែដាក់យ៉ាងរំភើយចាប់ពីតំបន់កំពង់ហ្លួងរហូតមកដល់ភូមិផ្ទួលក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ ទាំងក្នុងរដូវបិទនេសាទនេះ តាមការបញ្ជាក់ពីប្រជាពលរដ្ឋដែលដាក់មងចងសន្ទូចជាលក្ខណៈគ្រួសារបានឱ្យដឹងថា កន្លងមកគេឃើញមានមន្ត្រីជំនាញចុះជាញឹកញាប់ដែរ ប៉ុន្តែហាក់មិនថយចុះអ្វីនោះទេគឺបទល្មើសនៅតែមានដដែល ។ ប្រភពពីប្រជាពលរដ្ឋរស់នៅជិតទីតាំងខាងលើបានបញ្ជាក់បន្ថែមថា ពួកគាត់មានការងឿយឆ្ងល់ថា ប្រហែលជាមានការបិទបាំងបានជាបទល្មើសនៅតែមានក្នុងរដូវបិទនេសាទបែបនេះ។
ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍មកកាន់អង្គភាពសារព័ត៌មានភ្លាមនោះ ក្រុមការងារសារព័ត៌មានយើងបានចុះទៅដល់ទីតាំងបទល្មើសដូចប្រជាពលរដ្ឋបានរាយការណ៍មកពិតប្រាកដមែនហើយក៏បានថតផ្តិតយករូបភាពជាក់ស្ដែង។ ក្នុងករណីបទល្មើសនេះដែរ ប្រជាពលរដ្ឋបានស្នើសុំបន្ថែមឱ្យអង្គភាពសារព័ត៌មានយើងចុះផ្សាយ ដើម្បីបង្ហាញជូនដល់ថ្នាក់ដឹកនាំខេត្ត ស្រុក បានដឹង និងលោក ហៃ ធូរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ភិន សុវណ្ណា នាយផ្នែករដ្ឋបាលជលផលស្រុកក្រគរ និងជាពិសេសឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដែលជាប្រធានគណៈប្រជាការឯកភាពខេត្ត ជួយដាក់អធិការកិច្ច និងត្រួតពិនិត្យមើលបទល្មើសខាងលើនេះផង ។
សូមបញ្ជាក់ផងដែរថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលជលផល លេខ ១៤៤១ ជផ បានចេញសេចក្តីជូនដំណឹងស្តីពីរដូវបិទនេសាទ ឆ្នាំ២០២៤។ចាប់ពីថ្ងៃទី០១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែកញ្ញា ចំពោះដែននេសាទទឹកសាបរួមមាន ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប កំពង់ធំ ព្រះវិហារ រតនគិរី មណ្ឌលគីរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម។
ពាក់ព័ន្ធនឹងការចុះផ្សាយស្ដីពីបទល្មើសនេសាទខាងលើនេះ យើងខ្ញុំជាអ្នកសារព័ត៌មានគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងបង្ហាញការពិតជូនថ្នាក់ដឹកនាំតាមអ្វីដែលជាការរាយការណ៍ និងការស្នើសុំរបស់ប្រជាពលរដ្ឋឱ្យផ្សព្វផ្សាយតែប៉ុណ្ណោះ អង្គភាពសារព័ត៌មានយើងខ្ញុំរង់ចាំទទួលការបកស្រាយបំភ្លឺរៀងរាល់ម៉ោងធ្វើការតាមច្បាប់ស្តីពីរបបអ្នកសារព័ត៌មាននៅកម្ពុជា ៕ សូមអរគុណ!