
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ កម្ពុជាគឺជាផ្ទះដែលពេញដោយស្នាមញញឹម និងឱកាសវិនិយោគជាច្រើនសម្រាប់មិត្តធុរជនជាតិ-អន្តរជាតិ
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានថ្លែងស្វាគមន៍យ៉ាងកក់ក្តៅចំពោះវិនិយោគិនជាតិ អន្តរជាតិទាំងអស់ ដែលមានបំណងជួយឱ្យកម្ពុជាមានភាពស្អាត កម្ពុជាមានភាពបៃតង និងរក្សាបានភាពស្អាត និងភាពបៃតងនេះជារៀងរហូតទៅ។
ប្រសាសន៍ស្វាគមន៍ដ៏កក់ក្តៅរបស់រដ្ឋមន្រ្តីក្រសួងបរិស្ថានបានធ្វើឡើងនៅក្នុងសន្និសីទស្តីពីការបង្កើតកិច្ចសហប្រតិបត្តិការរួមគ្នា កម្ពុជា-ជប៉ុន ក្រោមប្រធានបទចាប់យកឱកាសធុរកិច្ចនៃឥណទានកាបូននៅកម្ពុជាដោយប្រើប្រាស់បច្ចេកវិទ្យាបៃតង និងលំហអាកាសទំនើបចុងក្រោយបំផុតរបស់ប្រទេសជប៉ុន នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ ក្នុងសណ្ឋាគារហ៊ីយ៉ាត់រេជិនស៊ី (Hyatt Regency) រាជធានីភ្នំពេញ។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងបញ្ជាក់ដែរថា កម្ពុជាគឺជាផ្ទះដែលពេញដោយស្នាមញញឹម និងឱកាសវិនិយោគជាច្រើនសម្រាប់មិត្តធុរជនជាតិ-អន្តរជាតិ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីបានកោតសរសើរចំពោះការប្តេជ្ញាចិត្តរបស់ធុរជនគ្រប់រូបដែលបានរួមចំណែកក្នុងការធ្វើឱ្យមានកំណើនសេដ្ឋកិច្ច និងប្រកបដោយភាពបៃតង ស្អាត និងចីរភាព ជាមួយគ្នានេះ ការនាំមកនូវបច្ចេកវិទ្យាគឺជាកត្តាជំរុញឱ្យល្បឿននៃការវិនិយោគវិវឌ្ឍទៅបានលឿន និងឆាប់រហ័សប៉ុន្តែយ៉ាងណា ត្រូវតែគិតមុនគេទៅដល់ប្រាក់ចំណូល និងផលប្រយោជន៍របស់ប្រជាកសិករខ្មែរដែលស្របនឹងគោលនយោបាយជាតិឆ្ពោះទៅជាប្រទេសមានចំណូលខ្ពស់កម្រិតមធ្យមនៅឆ្នាំ ២០៥០ និងក្លាយជាប្រទេសអព្យាក្រឹតកាបូន តាមរយៈការបង្កើនគម្របព្រៃឈើ ៦០% នៅឆ្នាំ ២០៥០។
សូមរំលឹកជូនថា សន្និសិទស្តីពីការបង្កើតកិច្ចសហប្រតិបត្តិការរួមគ្នាកម្ពុជា-ជប៉ុន ក្រោមប្រធានបទចាប់យកឱកាសធុរកិច្ចនៃឥណទានកាបូននៅកម្ពុជាដោយប្រើប្រាស់បច្ចេកវិទ្យាបៃតង និងលំហអាកាសទំនើបចុងក្រោយបំផុតរបស់ប្រទេសជប៉ុននេះបានរៀបចំដោយអង្គការពាណិជ្ជកម្មក្រៅប្រទេស របស់ប្រទេសជប៉ុន (JETRO) ទីភ្នាក់ងាររុករកអវកាសជប៉ុន (JAXA) និងសមាគមឧកញ៉ាកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អ្នកឧញ៉ា លី យ៉ុងផាត ប្រធានសមាគមឧញ៉ាកម្ពុជា ឯកឧត្តម Atsushi Ueno ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជារួមជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ធុរជនជាតិ និងអន្តរជាតិជាច្រើននាក់។ វេទិកានេះប្រព្រឹត្តទៅក្នុងគោលបំណងបង្កើនការយល់ដឹងដល់ធុរជនតាមរយៈបច្ចេកវិទ្យា និងបង្កើននូវឱកាសអាជីវកម្មថ្មីៗ ដើម្បីបង្កើតប្រភពចំណូលមួយផ្សេងទៀតតាមរយៈការលក់ឥណទានកាបូន និងពង្រីកអាជីវកម្មតាមរបៀបបៃតង និងនិរន្តរភាព៕