
តើលោក យូ សុវិចិត្រ ដែលជានាយសង្កាត់រដ្ឋបាលជលផលកំពង់លួងកំពុងធ្វើអ្វីដែរ បានជាបណ្តោយឱ្យមានបទល្មើសនេសាទខុសច្បាប់រីកដូចផ្សិតពាសពេញផ្ទៃបឹងទន្លេសាបនារដូវបិទនេសាទបែបនេះ?
(ខេត្តពោធិ៍សាត់)៖ ប្រជាពលរដ្ឋបានរាយការណ៍ថា បទល្មើសនេសាទ របាំងលប ណររ៉ាវសាច់ក្រហម ស្បៃមុងក្រឡាញឹកដែលមានប្រវែងវែងៗរាប់រយខ្សែកំពុងតែបណ្ដែតខ្លួនលើផ្ទៃទឹកបឹងទន្លេសាបយ៉ាងព្រោងព្រាតជារៀងរាល់ថ្ងៃទោះក្រសួងចេញសេចក្តីជូនដំណឹងស្ដីពីរដូវបិទនេសាទក៏ដោយប៉ុន្តែសមត្ថកិច្ចជំនាញពាក់ព័ន្ធហាក់គ្មានឆន្ទៈក្នុងការបង្ក្រាបសោះដែរស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំអន្សារចំបក់ ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់។
ជាក់ស្ដែងនៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ក្រុមអ្នកសារព័ត៌មានយើងបានចុះទៅដល់ទីតាំងមួយចំនួនរួមមាន៖
១.ចាប់ពីចំណុចជ្រោយតាអិន និងកំពុងស្ទឹងស្ថិតក្នុងចំណុចនេះដែរតាមប្រភពប្រជាពលរដ្ឋបានបង្ហើបឱ្យដឹងថា ម្ចាស់របាំងដែលមានឈ្មោះ វៀត. ដាំ. ម៉ាម់. ក្ដី. បងរ៉េត. តាអាត។
២.ចាប់ពីចំណុចជ្រោយផ្កាយដែលមានឈ្មោះម្ចាស់របាំង តាសឹង. ជា. ។
៣.ចាប់ពីចំណុច អ្នកតាជ័យសង្គ្រាម. ផ្លូវជ័យ ដែលមានមានឈ្មោះ ឆៃលី ។
ប្រជានេសាទដាក់មងរាយសន្ទូចលក្ខណៈគ្រួសារនៅតំបន់នោះប្រាប់ឱ្យដឹងថា បើគ្មានការឃុបឃិតពីមន្ត្រីជំនាញនោះទេ បទល្មើស ទាំងនោះពុំអាចដាក់បានយ៉ាងរលូនដែរ ជាពិសេសលោក យូ សុវិចិត្រ ដែលជានាយសង្កាត់រដ្ឋបាលជលផលកំពង់លួងកន្លងទៅគ្រាន់តែកាត់យកលបតែប៉ុណ្ណោះ ពុំមានការទប់ស្កាត់ឬបង្ក្រាបនោះទេសង្ស័យមន្ត្រីជំនាញពាក់ព័ន្ធ និងលោក យូ សុវិចិត្រ ដែលជានាយសង្កាត់រដ្ឋបាលជលផលកំពង់លួងត្រូវមន្តអាគមគាថា ឬត្រូវបានគេសែនព្រេនឱ្យអស់ហើយទេដឹងទើបស្រវឹងភ្នែកមើលមិនឃើញអ្វីសោះ ឬមួយនេះគ្រាន់តែជាយុទ្ធសាស្ត្រវាយទឹកបង្អើលត្រីឱ្យចូលស៊ូង។
គួរបញ្ជាក់ផងដែរថា កាលពីកន្លងមកថ្នាក់ដឹកនាំបានបញ្ជាឱ្យទប់ស្កាត់បទល្មើសធនធានធម្មជាតិ និងជីវ:ចម្រុះដែលរស់នៅក្នុងទឹកនៃខេត្តពោធិ៍សាត់ ឥឡូវនេះកំពុងរងនូវការវិនាសដោយសារក្រុមអ្នកនេសាទល្មើសច្បាប់ជាក់ជាមិនខាន។
ការលើកឡើងខាងលើនេះដែរ អង្គភាពសារព័ត៌មានយើងមិនអាចសុំការបកស្រាយបំភ្លឺពីលោក ភិន វណ្ណា ផ្នែករដ្ឋបាលជលផលកំពង់លួងបានទេពាក់ព័ន្ធបទល្មើសនេសាទដែលកំពុងតែកើតមាននៅក្នុងដែនសមត្ថកិច្ចរបស់លោកនារដូវបិទនេសាទដោយសារទូរស័ព្ទខលមិនចូល។
ករណីខាងលើនេះសុំលោក ហៃ ធូរ៉ា ដែលជាប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មេត្តាជួយពិនិត្យមើលលោក យូ សុវិចិត្រ នាយសង្កាត់រដ្ឋបាលជលផលកំពង់លួង និងលោក ភិន វណ្ណា ផ្នែករដ្ឋបាលជនផលកំពង់លួង តើហេតុអ្វីបានជាបណ្ដែតបណ្ដោយឱ្យមានបទល្មើសនេសាទនៅក្នុងដែនរបស់លោកគ្រប់គ្រងពេញផ្ទៃទន្លេដោយមិនមានការបង្ក្រាប ឬមួយកន្ទេលធំបន្លំដេក។
ប្រជាពលរដ្ឋបានស្នើដល់ក្រសួងកសិកម្មចុះធ្វើអធិការកិច្ចទៅលើបុគ្គលមន្ត្រីដែលអសកម្ម ក្នុងការអនុវត្តច្បាប់ស្ដីពីជលផលបើពុំដូច្នោះទេមច្ឆាជាតិជីវៈចម្រុះនឹងត្រូវវិនាសហិនហោចក្នុងផ្ទៃបឹងទន្លេសាបជាក់ជាមិនខានឡើយ។
អង្គភាពយើងខ្ញុំគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង និងជាព្រាបនាំសារជូនថ្នាក់ដឹកនាំ និងរាជរដ្ឋាភិបាលតែប៉ុណ្ណោះ ជុំវិញការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំរង់ចាំទទួលការស្រាយបំភ្លឺពីស្ថាប័នពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការតាមច្បាប់ស្តីពីរបបអ្នកសារព័ត៌មាននៅកម្ពុជា៕ សូមអរគុណ!