
ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ៖ អង្គការសង្គមស៊ីវិល គឺជាដៃគូដ៏សំខាន់របស់រាជរដ្ឋាភិបាលក្នុងចូលរួមចំណែកធ្វើឱ្យសម្រេចបាននូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១
(ព្រៃវែង)៖ វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស) បានរៀបចំវេទិកាសន្ទនាជាមួយអង្គការសង្គមស៊ីវិលនៅខេត្តព្រៃវែង ប្រធានបទស្តីពី «ការឈ្វេងយល់ពីតួនាទីអង្គការសង្គមស៊ីវិលក្នុងក្របខ័ណ្ឌយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១» ដែលពិធីនេះស្ថិតក្រោមអធិបតីភាពឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស ដោយមានការចូលរួមពីឯកឧត្តម អន ភារៈ អភិបាលរងខេត្តព្រៃវែងតំណាងអង្គការសង្គមស៊ីវិលនៅក្នុងខេត្តរួមទាំងសមាជិកដៃគូសហការរបស់ វ.ស.ស. នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ នៅសាលាខេត្តព្រៃវែង។
វេទិកានេះគឺជាកិច្ចប្រជុំដែល វ.ស.ស រៀបចំធ្វើជារៀងរាល់ឆ្នាំដើម្បីស្វែងយល់ពីសុខទុក្ខរបស់អង្គការសង្គមស៊ីវិលនៅថ្នាក់ក្រោមជាតិ និងដើម្បីពង្រឹងពង្រីកភាពជាដៃគូសហការជាមួយអង្គការស៊ីវិល។ បន្ថែមលើនេះ ឆ្នាំនេះ វ.ស.ស បានជ្រើសរើសប្រធានបទស្តីពី «ការឈ្វេងយល់ពីតួនាទីអង្គការសង្គមស៊ីវិលក្នុងក្របខ័ណ្ឌយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១» និងផ្សព្វផ្សាយពីអត្ថប្រយោជន៍ជាច្រើនដែលអង្គការសង្គមស៊ីវិលទទួលបានពីកម្មវិធីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ដោយមានការចូលរួមធ្វើបទបង្ហាញពីតំណាង ប.ស.ស. ប្រចាំខេត្តព្រៃវែង។
ក្នុងឱកាសនោះផងដែរ ឯកឧត្តម អន ភារៈ អភិបាលរងខេត្តបានមានប្រសាសន៍លើកឡើងថា វេទិកានេះបានធ្វើឱ្យយល់ដឹងកាន់តែច្បាស់ក្នុងការយកចិត្តទុកដាក់គិតគូរដ៏ធំធេងពីសំណាក់រាជរដ្ឋាភិបាលទៅលើបេឡាជាតិសន្តិសុខសង្គមក៏ដូចជាវេទិកាសង្គមស៊ីវិលរួមទាំងសមាជិកដៃគូ
ក្នុងការចូលរួមចំណែកកាត់បន្ថយភាពក្រីក្រក៏លើកកម្ពស់កំណើនសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជាផងដែរ។
នៅក្នុងឱកាសនោះ ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ បានគូសបញ្ជាក់ថា ជានិច្ចជាកាល រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចមហាបវរតិបតី ហ៊ុន ម៉ាណែត នៅតែបន្តយកចិត្តទុកដាក់ និងផ្តល់សារសំខាន់ដល់តួនាទីរបស់អង្គការសង្គមស៊ីវិលដែលជាដៃគូដ៏សំខាន់ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់អង្គការសង្គមស៊ីវិលជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម។ រាជរដ្ឋាភិបាលតែងតែបង្កឱ្យមានលំហបរិយាកាសសេរី និងបើកចំហរដល់អង្គការសង្គមស៊ីវិលអាចធ្វើសកម្មភាពទៅតាមតួនាទីនិងភារកិច្ចរៀងៗខ្លួន។ អង្គវេទិកាទាំងមូលបានបើកឱ្យមានការពិភាក្សាយ៉ាងផុសផុល និងមានការចូលរួមយ៉ាងសកម្មពីសំណាក់អង្គការសង្គមស៊ីវិលដែលចូលរួម ដោយពួកគាត់បង្ហាញពីការពេញចិត្តចំពោះការរៀបចំវេទិកានេះដែលផ្តល់ឱកាសឱ្យពួកគាត់ទទួលបាននូវពុទ្ធិថ្មីៗ អាចចែករំលែកបទពិសោធន៍ជាមួយគ្នាទៅវិញទៅមក និងផ្លាស់ប្តូរមតិយោបល់ដោយត្រង់ទៅត្រង់មកអំពីបញ្ហាប្រឈម និងសំណូមពរនានាស្ថិតក្នុងបរិយាកាសស្និទ្ធស្នាលក្នុងនាមជាគ្រួសារសង្គមស៊ីវិលក្នុងខេត្ត។ ពួកគាត់មានក្តីរីករាយជាមួយនឹងបរិយាកាសប្រកបដោយភាពសុខដុមរមនាក្នុងទំនាក់ទំនងរវាងអង្គការសង្គមស៊ីវិលជាមួយអាជ្ញាធរមូលដ្ឋានដែលអនុញ្ញាតឱ្យពួកគាត់ចូលរួមចំណែកអភិវឌ្ឍន៍សង្គមជាតិដោយគ្មានការរារាំងព្រមទាំងពេញចិត្តយ៉ាងខ្លាំងជាមួយនឹងអត្ថប្រយោជន៍ដែលអាចទទួលបានពីប.ស.ស.ដែលនេះបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលដល់សុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋទូទៅនិយាយរួម និងជាពិសេសរបស់អង្គការសង្គមស៊ីវិលនិយាយដោយឡែក។
ថ្លែងក្នុងកិច្ចពិភាក្សានោះ ឯកឧត្តមប្រធានបានផ្តាំផ្ញើអង្គការសង្គមស៊ីវិលបន្តធ្វើសកម្មភាពរបស់ខ្លួនប្រកបដោយភាពស្មោះត្រង់ក្នុងកិច្ចសហការជាមួយក្រសួង-ស្ថាប័ន និងអាជ្ញាធរថ្នាក់ក្រោមជាតិក្នុងការអនុវត្តសកម្មភាពរបស់ខ្លួនដោយគោរពតាមគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន និងលក្ខន្តិកៈរបស់ខ្លួន។ ឯកឧត្តមបានក្រើនរំលឹកដល់អង្គការសង្គមស៊ីវិលទាំងអស់ឱ្យបានយល់ជ្រួតជ្រាបអំពីការខិតខំប្រឹងរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសង្គមជាតិជាពិសេសគឺការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ សំដៅនាំកម្ពុជាសម្រេចបានចក្ខុវិស័យឆ្នាំ២០៣០ និង២០៥០។
ក្នុងនោះដែរ ឯកឧត្តមប្រធានក៏បានក្រើនរំលឹកកុំឱ្យមានការភ័ន្តច្រឡំជឿតាមការញុះញង់ពីសំណាក់មជ្ឈដ្ឋានអគតិពាក់ព័ន្ធនឹងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ -វៀតណាម (CLV-DTA) ដែលនេះជាក្របខ័ណ្ឌសហប្រតិបត្តិការរវាងប្រទេសទាំងបី ក្នុងគោលបំណងសំខាន់តែមួយគត់គឺដើម្បីជំរុញការអភិវឌ្ឍ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅតាមតំបន់ជាប់ព្រំដែនរបស់ប្រទេសទាំង៣ដូចប្រសាសន៍ដ៏ក្បោះក្បាយនិងមានអត្ថន័យថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាក្នុងសេចក្តីថ្លែងការណ៍ពិសេសផ្ញើជូនជនរួមជាតិកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤។
ឯកឧត្តមបានលើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិលជួយពន្យល់ណែនាំដល់ប្រជាជន ជាពិសេសយុវជននៅក្នុងដែនប្រតិបត្តិការងាររបស់គាត់ឱ្យបានយល់ជ្រួតជ្រាបផងដែរ ជៀសវាងការយល់ភ័ន្តច្រឡំជឿតាមការឃោសនាអកុសលរបស់ជនអគតិ។ ជាងនេះទៀត ឯកឧត្តមប្រធានបានសម្តែងនូវទឹកចិត្តរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមយ៉ាងផុសផុលពីសំណាក់អង្គការសង្គមស៊ីវិលទាំងអស់ ជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋក្នុងការអបអរសាទរយ៉ាងក្លៀវក្លាដល់ពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ កាលពីថ្ងៃទី០៥ ខែសីហា កន្លងទៅដែលជាគម្រោងជាប្រវត្តិសាស្រ្តរបស់កម្ពុជាដែលនឹងផ្តល់ផលប្រយោជន៍សេដ្ឋកិច្ចយ៉ាងធំធេងដល់ប្រទេសជាតិ និងប្រជាជនយើងទាំងអស់គ្នា៕