
ឯកឧត្តម សួន សុម៉ាលីន ៖ មនុស្សម្នាក់ត្រូវដាំដើមឈើឱ្យបានមួយដើមដើម្បីជាប្រយោជន៍ដល់មនុស្ស សត្វ និងភពផែនដី
(ព្រៃវែង)៖ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានអញ្ជើញជាអធិបតីក្នុងកម្មពិធីដាំកូនឈើក្រោមប្រធានបទ «មនុស្សម្នាក់ ដើមឈើមួយដើម» នៅវត្តពោធិរតនារាម(ហៅវត្តត្នោត) ក្នុងស្រុកពោធិ៍រៀង ដែលស្ថិតនៅក្នុងបរិវេណវត្តរតនារាម(ហៅវត្តត្នោត) ក្នុងភូមិត្នោត ឃុំកំពង់ឫស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។
ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តបានមានប្រសាសន៍ថា ដើមឈើមានសារសំខាន់ខ្លាំងណាស់សម្រាប់មនុស្សសត្វ និងផែនដីក្នុងការទាក់ទាញនៅទឹកភ្លៀង កាត់បន្ថយកំដៅ និងផ្តល់ជម្រកសត្វ ផ្តល់ឈើសម្រាប់ប្រើប្រាស់ ជួយរក្សាលំនឹងនៃ សីតុណ្ហភាព ជួយបន្សុទ្ធបរិយាកាស ជារបាំងខ្យល់ព្យុះ ជួយទប់ទឹកជំនន់ និងធ្វើឱ្យដីមានជីជាតិ ជួយទាក់ទាញទឹកភ្លៀង និងការពារសំណកដីជាដើម។ល។
ឯកឧត្តម អភិបាលខេត្តបានបន្តថា ការដាំដើមឈើ គឺជាសកម្មភាពដែលយើងទាំងអស់គ្នាត្រូវចូលរួម និងអភិរក្សប្រភពធនធានដ៏សំខាន់នេះឱ្យបានគង់វង្សដើម្បីជំរុញការអភិវឌ្ឍន៍តំបន់បៃតងនៅតាមបណ្តាក្រុង ស្រុកនីមួយៗ និងលើកទឹកចិត្តឱ្យមានយុទ្ធនាការដាំដើមឈើក្រោមប្រធានបទ «មនុស្សម្នាក់ ដើមឈើមួយដើម»។
ឯកឧត្តមអភិបាលខេត្តក៏បានអំពាវនាវដល់ព្រះសង្ឃ បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបន្តចូលរួមដាំដើមឈើនៅតាមទីវត្តអារាម និងនៅតាមផ្ទះឱ្យបានគ្រប់គ្នាៗ ដើម្បីចូលរួមចំណែកក្នុងការបង្កើននូវបរិស្ថាននៅតាមទីវត្តអារាម និងនៅតាមផ្ទះក៏ដូចជាការចូលរួមចំណែកកាត់បន្ថយការកើនឡើងនូវកំដៅនៅលើផែនដីយើងនេះផងដែរ។
លោក យស់ ស៊ីណាត អភិបាលស្រុកពោធិ៍រៀងបានលើកឡើងថា ដើម្បីអបអរសាទរបុណ្យរុក្ខទិវា ០៩ កក្កដា ឆ្នាំ២០២៤ ផង ដោយមានការឯកភាពពីឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តព្រៃវែង មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង ខណ្ឌរដ្ឋបាល ព្រៃឈើព្រៃវែងបានកំណត់យកទីតាំងបរិវេណវត្តរតនារាម(ហៅវត្តត្នោត) ក្នុងភូមិត្នោត ឃុំកំពង់ឫស្សី ស្រុកពោធិ៍រៀង ដាំដើមឈើចម្រុះគ្រប់ប្រភេទប្រមាណជាង ១,០០០ ដើម មានបេង គគីរ ឈើទាល ក្រញូង ធ្នង់ នាងនួនជាដើម។ល។ ដាំនៅក្នុងវត្តនេះដើម្បីទុកជាប្រយោជន៍រួមដល់ក្មេងជំនាន់ក្រោយស្គាល់ផងដែរ ៕