
ព្រះសង្ឃជាព្រះចៅអធិការស្ដីទីត្រូវបណ្ដេញចេញពីវត្ដខណៈប្រជាពលរដ្ឋចំណុះជើងវត្ដកើតទុក្ខមិនសុខចិត្ដ
(កំពង់ចាម)៖ អនុគុណស្រុកព្រៃឈរបានបញ្ចប់មុខតំណែង និងបណ្ដេញព្រះសង្ឃ ឈុន ណន ចេញពីវត្ដប្រាសាទស្ថិតនៅក្នុងភូមិប្រាសាទ ឃុំតុងរ៉ុង ស្រុកព្រៃឈរ ខេត្ដកំពង់ចាម។
បើតាមសម្ដីប្រជាពលរដ្ឋជាច្រើនគ្រួសារដែលជាចំណុះជើងវត្ដបានលើកឡើងថា ពួកគាត់ពិតជាមានការសោកស្ដោយជាពន់ពេកចំពោះការសម្រេចបញ្ចប់មុខតំណែងព្រះសង្ឃ ឈុន ណន និងបានបណ្ដេញលោកឱ្យចាកចេញពីវត្ដទាំងដែលលោកបានខិតខំកសាងនូវសមិទ្ធផលជាច្រើនក្នុងវត្ដប្រាសាទនៅអំឡុងពេលដែលលោកបាននិមន្ដមកកាន់ជាព្រះចៅអធិការស្ដីទីប្រមាណជាង ៧ខែ។
ប្រជាពលរដ្ឋបានបន្ដទៀតថា បញ្ហាដ៏ចម្រូងចម្រាស់នេះកើតមានឡើងដោយការខ្វែងគំនិតគ្នា និងមានការប្រកាន់បក្សពួកនិយមដោយលោកអាចារ្យ លឹម ហ៊ី ដែលជាគណៈកម្មាការអាចារ្យវត្ដមានគំនិតប្រឆាំងនឹងការកសាង របងវត្ដ និងការចំណាយផ្សេងៗដែលព្រះចៅអធិការស្ដីទីបានផ្ដួចផ្ដើមគំនិត។
ប្រជាពលរដ្ឋម្នាក់បានប្រាប់ទៀតថា លោកអាចារ្យ លឹម ហ៊ី កន្លងមកតែងតែមានគំនិតបក្សពួកនិយម ប្រកាន់យកតែព្រះសង្ឃអង្គណាដែលត្រូវរ៉ូវជាមួយខ្លួនតែប៉ុណ្ណោះហើយបើព្រះសង្ឃអង្គណាមិនធ្វើតាមការណែនាំ ឬ ខ្វែងគំនិតនោះ លោកអាចារ្យ លឹម ហ៊ី នឹងស្នើទៅអនុគុណស្រុកព្រៃឈរឱ្យដក ឬ បណ្ដេញចេញពីវត្ដតែម្ដងហើយកន្លងមកធ្លាប់បានបណ្ដាញព្រះសង្ឃ ០១អង្គរួចទៅហើយ។
រយៈពេលបីខែកន្លងមកបន្ទាប់ពីអនុគុណស្រុកព្រៃឈរបានបញ្ចប់មុខតំណែង ព្រះសង្ឃឈុន ណន បានសម្រេចឱ្យលោកចាកចេញ និងឱ្យលោកទៅគង់នៅវត្ដផ្សេងនោះ ពុទ្ធបរិស័ទចំណុះជើងវត្ដប្រមាណជាង ១៥០គ្រួសារ មានការតវ៉ា និងស្នើសុំទៅអាជ្ញាធរមូលដ្ឋានក៏ដូចជាអនុគុណស្រុកព្រៃឈរដើម្បីឱ្យព្រះសង្ឃ ឈុន ណន បន្ដនូវកាន់តំណែងជាព្រះចៅអធិការស្ដីទីបន្ដ និងឱ្យលោកបន្ដការសាងសង់ និងអភិវឌ្ឍក្នុងវត្ដប្រាសាទជាបន្ដទៅទៀត។ ក៏ប៉ុន្ដែអស់រយៈពេលជាង ០៣ខែទៅហើយរាប់ចាប់ពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤មក ពុំមានកិច្ចដោះស្រាយណាមួយនោះទេ បច្ចុប្បន្នព្រះសង្ឃ ឈុន ណន គឺគង់តែក្រោមដើមឈើ ក្បែរវត្ដប្រាសាទ។ ម្យ៉ាងវិញទៀត គណៈកម្មការអាចារ្យវត្ដដែលមានលោកអាចារ្យ លឹម ហ៊ី ជាអ្នកមើលការខុសត្រូវបានដាក់បំរាមហាមផ្ដាច់មិនឱ្យព្រះសង្ឃ ឈុន ណន ចូលក្នុងវត្ដនោះទេ និងបានបិទទ្វារសាលាឆាន់ ធ្វើឱ្យពុទ្ធបរិស័ទមិនអាចនាំយកចង្ហាន់ប្រគេនព្រះសង្ឃបាននោះទេ។
ក្រោយពីទទួលបានព័ត៌មានដូចខាងលើ អង្គភាពសារព័ត៌មានយើងខ្ញុំបានធ្វើការសាកសួរទៅលោកអាចារ្យ លឹម ហ៊ី តែលោកបាននិយាយថា លោកមិនមែនជាអាចារ្យនោះទេគឺគ្រាន់តែជាគណៈកម្មការហើយលោកមិនដឹងរឿងអីច្រើននោះទេព្រោះលោករវល់រកស៊ីនៅខាងក្រៅមិនសូវបានមកវត្ដជាប់លាប់ប៉ុន្មានទេ។ ចំណែកលោក មេភូមិ ប្រាសាទ មិនព្រមផ្ដល់បទសម្ភាសន៍ជូនអ្នកសារព័ត៌មាននោះទេក្រោយពីមានការស្នើសុំ។ រីឯលោកមេប៉ុស្ដិ៍តុង រ៉ុង លោកបាននិយាយថា លោកមិនបានដឹងរឿងនេះច្បាស់នោះទេហើយលោកក៏គ្មានសិទ្ធិចេះដឹងរឿងនេះដែរហើយចំពោះ លោក រ៉េត សារ៉ាត ប្រធានមន្ទីរធម្មការ និងសាសនាខេត្ដកំពង់ចាមបានប្រាប់អ្នកសារព័ត៌មានយើងថា រូបលោកក៏បានទទួលការរាយការណ៍អំពីករណីនៅវត្ដប្រាសាទដែរប៉ុន្ដែរបាយការណ៍នោះមិនទាន់មកដល់ដៃលោកនោះទេ ហើយក៏បន្ដប្រាប់ឱ្យទៅសួរលោកអភិបាលស្រុក និងអនុគុណស្រុកព្រៃឈរ ទើបដឹងពីរឿងនេះច្បាស់ដូចគ្នាទៅនឹងលោកអាចារ្យ លឹម ហ៊ី លោកមេប៉ុស្ដិ៍តុង រ៉ុង ក៏ឱ្យអ្នកសារព័ត៌មានទៅសាកសួរលោកអភិបាលស្រុកព្រៃឈរ និងលោកអនុគុណស្រុកព្រៃឈរដដែរ។
ជុំវិញករណីការបញ្ចប់មុខតំណែង និងបណ្ដេញព្រះសង្ឃ ឈុន ណន ចេញពីវត្ដបា្រសាទ ស្ថិតនៅភូមិប្រាសាទ ឃុំតុងរ៉ុង ស្រុកព្រៃឈរហាក់ដូចជាមានអាថ៌កំបាំង និងមានអ្នកនៅពីក្រោយរៀបចំការបណ្ដេញលោកចេញពីវត្ដ។
បើតាមពលរដ្ឋដដែលបានប្រាប់ទៀតថា លោកអាចារ្យ លឹម ហ៊ី ជាគណៈកម្មការអាចារ្យវត្ដ និងលោក លឹម ហ៊ាន ជាអាចារ្យធំគឺត្រូវជាពូក្មួយនឹងគ្នាហើយលោកអនុភូមិម្នាក់ក៏ជាសាច់ញាតិរបស់លោក លឹម ហ៊ី ផងដែរ ប្រជាពលរដ្ឋបានបន្ដប្រាប់ទៀតថា លោកអនុគុណស្រុកព្រៃឈរក៏មានទំនាក់ទំនងស៊ីជម្រៅនឹងលោកអាចារ្យ លឹម ហ៊ី ផងដែរ។
ប្រជាពលរដ្ឋពុទ្ធបរិស័ទចំណុះជើងវត្ដជាច្រើនគ្រួសារ និងព្រះសង្ឃ ឈុន ណន បានស្នើសុំ មេគុណខេត្ដ និងឯកឧត្ដម ចាយ បូរិន រដ្ឋមន្ដ្រីក្រសួងធម្មការ និងសាសនាជាពិសេស សម្ដេចតេជោ សម្ដេចគតិព្រឹទ្ធបណ្ឌិត សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មេត្ដាផ្ដល់យុត្ដិធម៌ និងសូមឱ្យបានចូលគង់ក្នុងវត្ដវិញផង។