
ក្រុមហ៊ុន ថាប់ រស្មី ចេញសេចក្តីបំភ្លឺព័ត៌មាន ជុំវិញការចុះផ្សាយរបស់គណនីហ្វេសប៊ុកឈ្មោះ គេហទំព័រ ស៊ីអេចខេ-ញូស៍.ខម CHK-News.com បានធ្វើការបង្ហោះផ្សព្វផ្សាយក្នុងរូបភាពចោទប្រកាន់មកលើក្រុមហ៊ុន ថាប់ រស្មី
(ខេត្តបន្ទាយមានជ័យ)៖ ក្រុមហ៊ុន ថាប់ រស្មី មានកិត្ដិយសសូមជម្រាបជូនសាធារណជន និងបណ្ដាញសារព័ត៌មានជាតិ និងអន្ដរជាតិ មេត្ដាជ្រាបថា ជុំវិញការចុះផ្សាយរបស់គណនីហ្វេសប៊ុកឈ្មោះ គេហទំព័រ ស៊ីអេចខេ-ញូស៍.ខម CHK-News.com មានចំណងជើងថា «កសិករយ៉ាប់ហើយបើចឹងនោះក្រុមហ៊ុនថាប់រស្មី (ឧកញ៉ាណាន់) នៅខេត្ដបន្ទាយមានជ័យមានអំណាចធំម៉្លេះចាប់បង្ខំពលរដ្ឋដឹកគោ ក្របី លក់ដូរតិចតួច បង់លុយរាប់លានខណៈក្រុមហ៊ុនមានតែច្បាប់នាំគោ ក្របីពីថៃតាមច្រករបៀងអូរបីជាន់ទៅវៀតណាម តែធាតុពិតគឺ..» កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ ម្សិលមិញនេះ។
នេះបើតាមការចុះផ្សាយដោយគ្មានមូលដ្ឋាន និងគ្មានប្រភពច្បាស់លាស់របស់គណនីហ្វេសប៊ុកខាងលើជាការមួលបង្កាច់បង្ខូចនូវ សេចក្ដីថ្លៃថ្នូរ និងកិត្ដិយសរបស់ក្រុមហ៊ុន និងលោកឧកញ៉ាយ៉ាងធ្ងន់ធ្ងរដែលផ្ទុយពីក្រមសីលធម៌ វិជ្ជាជីវៈអ្នកសារព័ត៌មានបង្កឱ្យមានការយល់ច្រឡំ។
ជាក់ស្ដែងសាវតានៃអង្គហេតុ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ក្នុងនាមក្រុមហ៊ុនដែលមានច្បាប់អនុញ្ញាតត្រឹមត្រូវលើការនាំឆ្លងកាត់-នាំចេញសត្វគោ ក្របី បានទទួលដំណឹងថា មានការនាំចូលសត្វគោ ក្របី ខុសច្បាប់តាមច្រករបៀងស្ថិតនៅក្នុងស្រុកម៉ាឡៃ ខេត្ដបន្ទាយមានជ័យ ក្រុមហ៊ុនបានធ្វើសេចក្ដីរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ច និងមន្ដ្រីគយដើម្បីធ្វើការទប់ស្កាត់ការនាំចូល សត្វដោយគ្មានច្បាប់អនុញ្ញាតដែលជាបទល្មើសផ្ទុយពីច្បាប់លើការគ្រប់គ្រងនាំចូលសត្វគ្រប់ប្រភេទ។
ក្រោយពីបានធ្វើសេចក្ដីរាយការណ៍ កម្លាំងសមត្ថកិច្ចចម្រុះរួមមានព្រះរាជ្ញារងខេត្ដបន្ទាយមានជ័យ មន្ដ្រីគយ កងរាជអាវុធហត្ថ ពេទ្យសត្វ និងមន្ដ្រីនគរបាលបានធ្វើការចុះអនុវត្ដ និងបង្ក្រាបទាន់ពេលនៅនឹងកន្លែង ហើយបានចាត់វិធានការទៅតាមផ្លូវច្បាប់ បង់ពន្ធជូនរដ្ឋស្របតាមនីតិវិធី។ ចំពោះខ្លឹមសារដែលធ្វើការចុះផ្សាយជាព័ត៌មានមានចរិតមូលបង្កាច់ផ្ទុយទៅនឹងទិដ្ឋភាពពិតដោយបានចោទប្រកាន់ថា លោកឧកញ៉ាធ្វើការទាមទារលុយពីប្រជាពលរដ្ឋ ៥លាន-១០លានរៀលនោះគឺជាព័ត៌មានដែលគ្មានមូលដ្ឋាន និងប្រភពច្បាស់លាស់នោះទេ។
សូមអង្គភាព គេហទំព័រ ស៊ីអេចខេ-ញូស៍.ខម CHK-News.com មេត្ដាពិនិត្យ និងធ្វើការកែសម្រួលនូវខ្លឹមសារ និងអត្ថបទព័ត៌មានដែលបានចុះផ្សាយឡើងវិញក្នុងករណី មិនព្រមធ្វើការកែសម្រួលខ្លឹមសាររាល់អត្ថបទដែលបានចុះផ្សាយដូចករណីខាងលើនេះទេ ក្រុមហ៊ុន ថាប់ រស្មី នឹងចាត់វិធានការទៅតាមនីតិវិធីច្បាប់ក្នុងអំឡុងរយៈពេល ៧ថ្ងៃ បន្ទាប់ពីប្រកាសសេចក្ដីបំភ្លឺនេះ។