
អគារសិក្សាពីរខ្នងស្មើ៤បន្ទប់ ត្រូវបានជួសជុល និងកែលម្អសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្រោមការជំនួយជួយឧបត្ថម្ភពីធនាគារ ABA Bank តាមរយៈសមាគមអាម៉ះណះតាកាហ្វូលកម្ពុជា ក្នុងក្រុងកំពង់ឆ្នាំង
(កំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ អាគារសិក្សាពីរខ្នងស្មើនឹង ៤ បន្ទប់ ត្រូវបានជួសជុលនិងកែលម្អ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ជាជំនួយឧបត្ថម្ភរបស់ធនាគារ ABA Bank តាមរយៈសមាគមអាម៉ះណះតាកាហ្វូលកម្ពុជាក្រោមអធិបតីភាពឯកឧត្តម សាន់ យូ អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងលោកស្រី លី វិឡា អគ្គនាយិកាធនធានមនុស្សនៃធនាគារ ABA Bank លោក សេន សាម៉ាន នាយកប្រតិបត្តិនៃសមាគមអាម៉ះណះតាកាហ្វូលកម្ពុជាស្ថិតនៅភូមិទី៤ ក្នុងសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង និងមានការអញ្ជើញចូលរួមពីសំណាក់គណៈអ៊ីម៉ាំខេត្ត និងសហការី នាយកកម្រងគ្រូអ៊ីស្លាមខេត្តកំពង់ឆ្នាំង និងសហការី តំណាងមន្ទីរអប់រំយុវជន និងកីឡា ខេត្តកំពង់ឆ្នាំង លោកសាន់ អូស្មាន់ អភិបាលរងក្រុងកំពង់ឆ្នាំង អាជ្ញាធរសង្កាត់ កម្លាំងយុវជន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សព្រមទាំងប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករផងដែរ។
ក្នុងកិច្ចពិធី លោកសាន់ អូស្មាន់ អភិបាលរងក្រុងកំពង់ឆ្នាំងតំណាងឱ្យលោក ហ៊ីង ភ័ព្វមីនា អភិបាលនៃគណៈអភិបាល ក្រុងកំពង់ឆ្នាំង បានឡើងអាននូវកិច្ចស្វាគមន៍គណៈអធិបតី អស់លោក លោកស្រី អមដំណើរអញ្ជើញចូលរួម និងបានអានរបាយការណ៍ រាយការណ៍ពីស្ថានភាព ការគ្រប់គ្រងរដ្ឋបាលដែនដី និងអំពីការងារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ហើយអំពីសេដ្ឋកិច្ចជីវភាពប្រជាពលរដ្ឋ និងស្ដីអំពីវិស័យការអប់រំនូវទូទាំងក្រុងកំពង់ឆ្នាំង លោក សាន់ អូស្មាន់ អភិបាលរងក្រុងកំពង់ឆ្នាំងបានលើកឡើងបន្ថែមពាក់ព័ន្ធនឹងការអប់រំ លោកបានបញ្ជាក់ថា នៅទូទាំងក្រុងកំពង់ឆ្នាំង មានសាលារៀនសរុបចំនួន ១២ សាលា ក្នុងនោះមានសាលាមត្តេយ្យសិក្សាចំនួន ៣កន្លែង សាលាបឋមសិក្សាមានចំនួន ៧កន្លែង និងវិទ្យាល័យមានចំនួន ២កន្លែង ដោយឡែក សាលារៀនដែលស្ថិតនៅក្នុងវិស័យអប់រំបែបសាសនាឥស្លាមគឺមានចំនួន ៣កន្លែងទូទាំងក្រុងកំពង់ឆ្នាំង ។
លោកស្រី លី វីឡា នាយិកាធនធានមនុស្សនៃធនាគារ ABA Bank ក៏បានលើកឡើង និងសំណេះសំណាលយ៉ាងរីករាយរាក់ទាក់ក្រៃលែង យ៉ាងសប្បាយចិត្តយើងខ្ញុំទាំងអស់គ្នា និងក្រុមការងារធនាគារ ABA Bank សប្បាយចិត្តក្នុងការចូលរួមជួយលើកស្ទួយក្នុងវិស័យអប់រំ និងបានការស្នើសុំពីសមាគមអាម៉ះណះតាកាហ្វូលកម្ពុជា យើងខ្ញុំនឹងផ្ដល់ថវិកាជួយក្នុងការជួសជុលកែលម្អ សាលា និងឧបត្ថម្ភតាមលទ្ធភាពនៃគោលការណ៍មនុស្សធម៌របស់ធនាគារ ABA Bank យើងសង្ឃឹមថាក្មួយៗសិស្សានុសិស្សនឹងបន្តការសិក្សាដើម្បីមានចំណេះដឹង សម្រាប់សហគមន៍យើងមានធនធានមនុស្សដែលមានចំណេះដឹងល្អជួយបម្រើការងារសង្គមនាពេលអនាគត។
ក្នុងឱកាសដល់ឧត្តុង្គឧត្តមនៃពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សាពីខ្នងស្មើនឹង៤បន្ទប់ដែលជាអំណោយមនុស្សធម៌របស់ធនាគារ ABA Bank ឯកឧត្តម សាន់ យូ អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តមអភិបាលខេត្ត និងបានសំណេះសំណាល និងបានថ្លែងអំណរគុណចំពោះម្ចាស់ជំនួយដែលបានជួយឧបត្ថម្ភ ឯកឧត្តមក៏បានលើកឡើងបន្តទៀតថា ដោយសារកត្តាសន្តិភាពក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងពេលបច្ចុប្បន្នដែលយើងមានថ្នាក់ដឹកនាំប្រមុខរាជរដ្ឋាភិបាល សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ទៅលើវិស័យអប់រំចំពោះធនធានមនុស្សកម្ពុជាដើម្បីដឹកនាំឆ្ពោះទៅរកភាពរីកចម្រើនបន្ថែមទៀត នេះសរបញ្ជាក់ឱ្យឃើញថា ភាពជាអ្នកដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលបានគិតគូរចាប់តាំងពីសុខទុក្ខ ប្រជាពលរដ្ឋ និងដូចជាការជួបនូវគ្រោះមហន្តរាយនានាពេលកន្លងមកតែងតែចុះជួយសុខទុក្ខប្រជាពលរដ្ឋ និងការអប់រំព្រានប្រដៅគ្រប់ទីកន្លែង មិនថាវត្តអារាម សាលារៀន និងការផ្ដល់សិទ្ធិសេរីភាពស្មើៗគ្នា ជូនបងប្អូនប្រជាពលរដ្ឋខ្មែរ និងបងប្អូនប្រជាពលរដ្ឋខ្មែរឥស្លាមជាពិសេសទៅទៀតនោះ គឺការយកចិត្តទុកដាក់យ៉ាងខ្លាំងនៅអំឡុងកាលសម័យកូវីដ19 ដែលបានរៀបចំទីកន្លែងបញ្ចុះសពមិនថាបងប្អូនខ្មែរ បងប្អូនខ្មែរឥស្លាម និងបងប្អូនអន្តោប្រវេសន៍វៀតណាមនោះឡើយបើទោះជាអ្នកទាំងអស់នោះជាអ្នកកាន់សាសនាព្រះពុទ្ធ ឬកាន់សាសនាឥស្លាម ឬក៏កាន់សាសនាកាតូលិក សាសនាគ្រឹស្ទានអ្វីនោះឡើយ គឺថ្នាក់ដឹកនាំតែងតែយកចិត្តទុកដាក់មិនរើសអើងពូជសាសន៍អ្វីឡើយគឺផ្ដល់អាទិភាពនិងផ្ដល់សិទ្ធិស្មើៗគ្នា ។
ជាទីបញ្ចប់ឯកឧត្តមអភិបាលរងខេត្តក៏បានលើកឡើងចំពោះការខិតខំប្រឹងប្រែងរបស់លោក ម៉ាត់ សារី ដែលបានខំប្រឹង គៀងគង និងរៀបចំភូមិស្រុកមួយនេះឱ្យកើតឡើងមានសាលារៀន វត្តអារាមបែបសាសនាឥស្លាម និងបានជួយទៅដល់បងប្អូនអ្នករស់នៅក្នុងមូលដ្ឋានជាពិសេសទៅលើប្រព័ន្ធអប់រំដែលលោកខិតខំប្រឹងប្រែងស្វែងរកជំនួយដើម្បីបង្កើតនូវសមិទ្ធផលផ្សេងៗ ដែលជាការអភិវឌ្ឍន៍ភូមិស្រុកដែលទើបនឹងបង្កើតថ្មីប៉ុន្មានឆ្នាំមកនេះ ។