
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ការដាក់ចេញយុទ្ធនាការជាជំហានៗ ដើម្បីធ្វើយ៉ាងណាឱ្យប្រទេសកម្ពុជាយើងទទួលបានភាពស្អាត ជាពិសេសថង់ប្លាស្ទិកលែងមានហើរតាមដងផ្លូវនៅឆ្នាំ២០២៥
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានថ្លែងថា ក្រសួងបរិស្ថាន តាមរយៈយុទ្ធសាស្ត្រចក្រាសម្រាប់វិស័យបរិស្ថានបានដាក់ចេញនូវយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលសំដៅដល់ការទប់ស្កាត់ការប្រើប្រាស់ថង់ប្លាស្ទិក។ ជាលទ្ធផលរហូតមកដល់ពេលនេះ មានការចូលរួមយ៉ាងផុលផុសពីសិស្សានុសិស្សទូទាំងប្រទេសរួមទាំងកម្មករ កម្មការិនី និងប្រជាពលរដ្ឋគ្រប់ស្រទាប់ព្រមទាំងព្រះសង្ឃ បានចូលរួមប្ដេជ្ញាចិត្តមិនប្រើថង់ប្លាស្ទិកសរុបប្រមាណ ៩,២លានអង្គ/នាក់។
ឯកឧត្តមរដ្ឋមន្រ្តីបានបន្ថែមថា បន្ទាប់ពីបានទទួលបានជោគជ័យពីយុទ្ធនាការប្ដេជ្ញាចិត្តហើយ ក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធនាការអនុវត្តនោះគឺ «កម្ពុជាស្អាត ខ្មែរធ្វើបាន»។ នេះគឺជាយុទ្ធនាការអនុវត្តរួមគ្នារើសសំរាម ប្លាស្ទិក សម្អាតតាមដងវីថិ តាមទីសាធារណៈ ជុំវិញបរិវេណផ្ទះ រោងចក្រសហគ្រាស សាលារៀន និងនៅតាមទីអារាមផងដែរ។ ជាថ្មីម្ដងទៀត យុទ្ធនាការនេះកំពុងទទួលបានជោគជ័យគួរជាទីមោទនៈដោយបានទទួលការគាំទ្រ និងចូលរួមពីសំណាក់អាជ្ញាធរដែនដី បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្សចូលរួមយ៉ាងផុសផុលជាបណ្តើរៗនៅទូទាំងប្រទេស។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងថា យុទ្ធនាការដែលក្រសួងដាក់ចុះខាងលើគឺចាប់ផ្ដើមឡើងជាមួយសិស្សានុសិស្ស កម្មករ និងកម្មការិនី ដើម្បីបណ្ដុះពន្លកនៃភាពស្អាតក្នុងផ្នត់គំនិតរបស់ពួកគាត់ដើម្បីភាពស្អាតដែលនឹងទទួវលបាន គឺសម្រាប់រយៈពេលវែង។ នាពេលខ្លីខាងមុខនេះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបង្ហាញសុទិដ្ឋិនិយមថា ការដាក់ចេញនូវយុទ្ធនាការជាជំហានៗរបស់ក្រសួងបរិស្ថាន នឹងនាំឱ្យប្រទេសកម្ពុជាយើងទទួលបានភាពស្អាតជាពិសេសថង់ប្លាស្ទិកលែងមានហើរតាមដងផ្លូវនៅឆ្នាំ២០២៥។
សូមបញ្ជាក់ថា ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នារសៀលថ្ងៃអង្គារ ទី១៣ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃមន្ទីរបរិស្ថានរាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញរួមជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងបរិស្ថាន រដ្ឋបាលរាជធានីភ្នំពេញ ជាច្រើននាក់។ ពិធីនេះប្រព្រឹត្តទៅក្នុងគោលបំណងពិនិត្យស្ថានភាព និងវឌ្ឍនភាពវិស័យបរិស្ថានដែលរាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភាបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ហើយតាមរយៈយុទ្ធសាស្ត្រនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការណែនាំ និងចង្អុលបង្ហាញដល់ក្រសួងបរិស្ថានឱ្យរៀបចំឡើងនូវយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានដែលមានសសរស្ដម្ភបី នោះគឺ ភាពស្អាត ភាពបៃតង និងចីរភាព៕