
កម្មករ-កម្មការិនីគាំទ្រកិច្ចសហប្រតិបត្តិការត្រីកោណអភិវឌ្ឍន៍ CLV-DTA របស់រាជរដ្ឋាភិបាលកម្ពុជា
កម្មករ កម្មការនី និងប្រជាពលរដ្ឋបានលើកឡើងថា ពួកគាត់ត្រូវការការអភិវឌ្ឍ ហើយបានទទូចស្នើសុំឯកឧត្តមរដ្ឋមន្រ្តី បណ្ឌិត អ៊ាង សុផល្លែត ជួយពាំនាំនូវការគាំទ្ររបស់គាត់លើកិច្ចសហប្រតិបត្តិការត្រីកោណអភិវឌ្ឍន៍ CLV-DTA របស់រាជរដ្ឋាភិបាលកម្ពុជា។»
ការគាំទ្ររបស់បងប្អូនកម្មករកម្មការិនីចំនួនជាង១ពាន់នាក់បានធ្វើឡើងនៅក្នុងយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន»រៀបចំឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែ សីហា ឆ្នាំ២០២៤ នៅខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដែលធ្លាប់ជាមន្រ្តីកត់ត្រានិងធ្វើការជាមួយសម្តេចតេជោ ហ៊ុន សែន រយៈពេល២៦ឆ្នាំ បានថ្លែងថា រាល់ជំនួបនិងកិច្ចប្រជុំរវាងសម្តេចតេជោ ហ៊ុន សែន ជាមួយអ្នកការទូត ភ្ញៀវបរទេស និងដៃគូអភិវឌ្ឍន៍ សម្តេចតេជោមិនដែលលើកឡើងពីការកាត់ទឹកដីសូម្បីតែមួយមីល្លីម៉ែត្រទៅអោយប្រទេសណាមួយនោះទេ។
ផ្ទុយទៅវិញសម្តេចតេជោមានតែស្វែងរក និងផ្តួចផ្តើមបង្កើតឱកាសដើម្បីប្រែក្លាយតំបន់ធ្លាប់មានសង្គ្រាម និងទំនាស់ទៅជាតំបន់មានសន្តិភាព មានការអភិវឌ្ឍ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសជាតិ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីបានប្រកាសជំរុញឱ្យរួមគ្នាគាំទ្រចំពោះកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណដែលជាកិច្ចសហប្រតិបត្តិការមួយដ៏ល្អសម្រាប់ការអភិវឌ្ឍតំបន់ជាប់ព្រំដែន និងការរីកចម្រើននៃសេដ្ឋកិច្ចជាតិ និងប្តេជ្ញាការពារដាច់ខាតនូវសុខសន្តិភាព ស្ថិរភាពសង្គម និងសេចក្តីសុខសាន្តរបស់ប្រជាជន៕