អភិបាលខេត្តប៉ៃលិន ជំរុញឱ្យមន្ត្រីជំនាញយកចិត្តទុកដាក់ខ្ពស់ក្នុងការដោះស្រាយរាល់សំណូមពរ និងផ្តល់សេវាសាធារណៈនានាជូនប្រជាពលរដ្ឋ

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

(ខេត្តប៉ៃលិន)៖ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិនបានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយមន្ទីរអង្គភាព ស្ថាប័នជុំវិញខេត្តដើម្បីជំរុញការបំពេញភារកិច្ច កាតព្វកិច្ច និងទិសដៅការងារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ក្នុងការដោះស្រាយរាល់សំណូមពរ និងផ្តល់សេវាសាធារណៈនានា ជូនដល់ប្រជាពលរដ្ឋ។

លោកជំទាវបាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានអនុវត្តន៍គោលនយោបាយកំណែទម្រង់រដ្ឋបាលសាធារណៈ និងមុខងារសាធារណៈនៅតែជាអាទិភាពក្នុងដំណើរការពីដំណាក់កាលមួយទៅដំណាក់កាលមួយទៀត ប្រកបដោយភាពរលូនល្អ និងរីកចម្រើនជាលំដាប់ដោយមានច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល និងច្បាប់គោលនយោបាយមួយចំនួនទៀត។

លោកជំទាវអភិបាលខេត្តបានមានប្រសាសន៍ជំរុញដល់អាជ្ញាធរក្រុង-ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ត្រូវបន្តខិតខំរួមសាមគ្គីគ្នា បំពេញភារកិច្ច កាតព្វកិច្ច និងទិសដៅការងាររបស់ខ្លួនឱ្យមានប្រសិទ្ធភាពដើម្បីឈានទៅរកការអភិវឌ្ឍ និងការកសាងសមិទ្ធផលថ្មីៗឱ្យបានច្រើនបន្ថែមទៀតនៅក្នុងខេត្តជាពិសេសត្រូវរួមគ្នាត្រួតពិនិត្យ ពិភាក្សាពីបញ្ហាប្រឈមដូចជាចំណុចខ្វះចន្លោះដែលនៅមិនទាន់បានអនុវត្ត និងការដោះស្រាយដើម្បីរួមគ្នាកែលម្អឱ្យបានកាន់តែល្អប្រសើរទាន់ពេលវេលា ឆ្លើយតបទៅនឹងការអភិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសជាតិសំដៅខិតខំបម្រើប្រជាជននៅក្នុងមូលដ្ឋានប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។

នៅក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ ក៏បានមានប្រសាសន៍ផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ត្រូវមានកិច្ចសហការល្អ មានសាមគ្គីភាពផ្ទៃក្នុងរវាងថ្នាក់លើ និងថ្នាក់ក្រោមតាមតួនាទីភារកិច្ចដែលខ្លួនទទួលខុសត្រូវហើយត្រូវបន្តយកចិត្តទុកដាក់លើការផ្តល់សេវា និងការសម្របសម្រួលដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងឆាប់រហ័សប្រកបដោយប្រសិទ្ធភាព គុណភាព និងតម្លាភាព៕

 

 

 

 

 

 

 

 

 

 

 

 

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

រំលង​ទៅ​របារ​ឧបករណ៍