អភិបាលខេត្តប៉ៃលិនណែនាំដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ត្រូវការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលស្របច្បាប់

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

(ប៉ៃលិន)៖ ក្នុងឱកាសចុះល្បាតពង្រឹងការការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណ:បញ្ជាការឯកភាពខេត្តបានណែនាំឱ្យអាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ត្រូវអនុវត្តការងារព្រមៗគ្នា និងម៉ឺងម៉ាត់បំផុតក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលស្របច្បាប់ខណៈក្រុមអគតិ និងពួកជ្រុលនិយមគ្រោងនឹងរៀបចំធ្វើបាតុកម្មដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ នាថ្ងៃទី១៨ សីហា ខាងមុខនេះ។

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍ក្រើនរំលឹកដល់អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ កុំឱ្យមើលស្រាលសភាពការណ៍ព្រោះថា ក្រុមអគតិ និងពួកជ្រុលនិយមដែលគ្រោងនឹងរៀបចំធ្វើបាតុកម្មដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់គឺពួកគេមិនមែនមកធ្វើបាតុកម្ម ដោយការបញ្ចេញមតិនោះទេគឺមានគម្រោងប្រើអំពើហឹង្សាតែម្តងដូច្នេះកម្លាំងទាំងអស់ ត្រូវតែម៉ត់ចត់បំផុតបើមានការសង្ស័យត្រូវឃាត់ខ្លួនសួរនាំ និងធ្វើកំណត់ហេតុឱ្យបានច្បាស់លាស់ជាពិសេសកងកម្លាំងនគរបាលប៉ុស្តិ៍ និងប្រជាការពារគឺមានភារកិច្ចការពារសន្តិសុខនៅក្នុងមូលដ្ឋានរបស់ខ្លួនដោយធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋទទួលបានការរស់នៅប្រកបដោយក្តីសុខ សប្បាយរីករាយ គ្មានប៉ះពាល់ដល់សម្រាប់ធ្នាប់ ឬការរំខានណាមួយ និងត្រូវទប់ស្កាត់នូវរាល់បទល្មើសផ្សេងៗ មានដូចជា អំពើចោរកម្ម ក្មេងទំនើង ការបង្កសំឡេងរំខាន និងបញ្ហាបទល្មើសគ្រឿងញៀនផងដែរ ។

លោកជំទាវបណ្ឌិតអភិបាលខេត្តបានមានប្រសាសន៍លើកឡើងពីស្ថានភាពនៃការអភិវឌ្ឍប្រទេសជាតិនាពេលបច្ចុប្បន្នដែលមានការរីកចម្រើនលើគ្រប់វិស័យក្នុងនោះបងប្អូនប្រជាពលរដ្ឋក៏មានការងារធ្វើគ្រប់ៗគ្នា មានជីវភាពធូរធារដោយសាររាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំបន្តរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានគិតគិតគូខ្ពស់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋព្រមទាំងផ្សាភ្ជាប់ និងការអនុវត្តផ្ទាល់ដោយមានក្រុមការងារចុះជួយពង្រឹងគ្រប់ ភូមិឃុំស្រុកខេត្ត នៅទូទាំងប្រទេសហើយទាំងអស់នេះ មិនអាចប្រកែកបានឡើយគឺកើតចេញពីគោលនយោបាយឈ្នះ-ឈ្នះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពប៉ិនប្រសប់របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឱ្យសង្គមជាតិទទួលបាននូវសុខសន្តិភាព សុវត្ថិភាព និងស្ថិរភាពលើផ្ទៃប្រទេស ។

នៅក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៏បានមានប្រសាសន៍សំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះបងប្អូនជាកងកម្លាំងទាំងអស់ដែលបានលះបង់នូវពេលវេលា កម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតីចូលរួមសហការជាមួយអាជ្ញាធរដែនដីធ្វើឱ្យភូមិឃុំរបស់យើងមានសន្តិសុខ សណ្តាប់ធ្នាប់ល្អ ជាភូមិឃុំ ប្រកបដោយសុវត្ថិភាពពិសេសគឺចូលរួមការពារសមិទ្ធផលនានាដែលជាសម្បត្តិរួមរបស់យើងឱ្យបានគង់វង់យូរអង្វែងដើម្បីជាប្រយោជន៍របស់យើងទាំងអស់គ្នា និងកូនចៅជំនាន់ក្រោយ ។

 

 

 

 

 

 

 

 

 

 

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

រំលង​ទៅ​របារ​ឧបករណ៍