
កិច្ចប្រជុំផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់សៀវភៅផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតប សង្គ្រោះបន្ទាន់គ្រោះមហន្តរាយទឹកជំនន់ ឆ្នាំ២០២៤
(ព្រៃវែង)៖ ព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ លោក ឌុច គន្ធា អភិបាលរងខេត្ត ជាអនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋាន គ.គ.ម.ខ. បានអញ្ជើញដឹកនាំក្នុងកិច្ចប្រជុំផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់សៀវភៅផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតបសង្រ្គោះបន្ទាន់គ្រោះមហន្តរាយ ទឹកជំនន់ ឆ្នាំ២០២៤ ខេត្តព្រៃវែង។
លោក ឌុច គន្ធា អភិបាលរងខេត្ត បានលើកឡើងថា ក្នុងឆ្នាំ២០២៤នេះ ទឹកជំនន់មានកម្រិតទាបនៅឡើយតែវានឹងអាចបង្កឱ្យមានហានិភ័យដល់ការងារកសិកម្ម កង្វះខាតទឹក កើតជំងឺឆ្លង កើតសត្វល្អិតចង្រៃ សត្វកណ្តុរជាដើម។ ហើយរីឯការប្រែប្រួលអាកាសធាតុគឺបានបង្កឱ្យកើតមានឡើងនូវមុខសញ្ញាគ្រោះថ្នាក់ផ្សេងៗ ដូចជា ទឹកជំនន់, រាំងស្ងួត, ខ្យល់ព្យុះ, ខ្យល់កន្ត្រាក់, ភ្លៀងមិនទៀងទាត់, រន្ទះ, ជំងឺឆ្លង, សត្វល្អិតចង្រៃ។ល។ ធ្វើឱ្យប៉ះពាល់ ខូចខាតដល់ផលដំណាំ ទ្រព្យសម្បត្តិ អាយុជីវិតមនុស្ស សត្វ ហេដ្ឋារចនាសម្ព័ន្ធជាដើម។
លោកអភិបាលរងខេត្តបន្ថែមថា គោលបំណងនៃការបង្កើតផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតបគ្រោះអាសន្នទឹកជំនន់នេះ គឺដើម្បីប្រើប្រាស់សម្រាប់ជាជំនួយដល់ដំណើរការក្នុងការគ្រប់គ្រងប្រតិបត្តិការឆ្លើយតបគ្រោះអាសន្ន ឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។ ផែនការត្រៀមបម្រុងនេះក៏ជាផែនទីបង្ហាញផ្លូវសម្រាប់ការសម្រេចចិត្ត និងជាមូលដ្ឋានក្នុងការបង្កើតនូវផែនការឆ្លើយតបគ្រោះអាសន្ន នៅពេលដែលគ្រោះមហន្តរាយទឹកជំនន់មួយបានកើតឡើង។ ផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតបគ្រោះអាសន្ននេះ ត្រូវធ្វើបច្ចុប្បន្នភាពជារៀងរាល់ឆ្នាំនៅពេលដែលមាន
ការព្រមានស្តីពីមុខសញ្ញាគ្រោះថ្នាក់ដែលបានព្យាករណ៍ដោយប្រភពព័ត៌មានផ្លូវការដែលទទួលស្គាល់ដោយស្ថាប័នរដ្ឋ។ ផែនការត្រៀម បម្រុងសម្រាប់ឆ្លើយតបគ្រោះអាសន្នត្រូវបានចែកចេញជា ៧ ផ្នែកសំខាន់ៗដែលរួមមាន (១)ស្ថានភាពទូទៅបច្ចុប្បន្ននៃមុខសញ្ញាគ្រោះថ្នាក់ (២)សេណារីយ៉ូ (សន្មតដំណើរសាច់រឿង) (៣)លក្ខណៈវិនិច្ឆ័យសម្រាប់ការចាប់ផ្តើមអនុវត្តផែនការ (៤)និតិវិធីប្រតិបត្តិស្តង់ដាគ.គ.ម.ខ. (៥) យុទ្ធសាស្ត្រឆ្លើយតប (៦) យន្តការសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធ និង(៧)ឧបសម្ព័ន្ធផ្សេងៗ ។
លោកអភិបាលរងខេត្តបន្តថា ដោយសារបញ្ហាទាំងអស់នេះ រាជរដ្ឋាភិបាលមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើការងារ គ្រប់គ្រងហានិភ័យនៃការប្រែប្រួលអាកាសធាតុដែលបង្កឱ្យមានគ្រោះមហន្តរាយ ហើយក៏បានរិះរកវិធានការ និងមានការរៀបចំផែនការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីត្រៀមបង្ការ ទប់ស្កាត់ កាត់បន្ថយការបន្សំទៅនឹងការប្រែប្រួលអាកាសធាតុ។
លោកអភិបាលរងខេត្តបន្តថា រដ្ឋបាលខេត្តបានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់សៀវភៅផែនការត្រៀមបម្រុង សម្រាប់ឆ្លើយតបគ្រោះមហន្តរាយទឹកជំនន់សម្រាប់ឆ្នាំ២០២៤ ដែលជាត្រីវិស័យ ជាប្រយោជន៍ដល់ការធ្វើអន្តរាគមន៍ និងជួយសង្គ្រោះបន្ទាន់នៅពេលកើតមានគ្រោះអាសន្ននៅក្នុងវិស័យនីមួយៗ ឬនៅថ្នាក់ក្រុងស្រុក ឃុំ សង្កាត់ និងសហគមន៍ ៕