ការដឹកជញ្ជូនឈើជារៀងរាល់យប់ថ្ងៃតាមម៉ូតូកែច្នៃជាច្រើនគ្រឿងរបស់ក្រុមឈ្មួញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធហាក់គ្មានវិធានការទប់ស្កាត់សោះ

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

(ខេត្តមណ្ឌលគិរី)៖ មេឈ្មួញចំនួន០៣ក្រុមកំពុងធ្វើសកម្មភាពដឹកជញ្ជូនផលអនុផលព្រៃឈើតាមម៉ូតូកែច្នៃទាំងថ្ងៃ ទាំងយប់ ចេញពីដែនជម្រកសត្វព្រៃ កែវសីមា យ៉ាងអនាធិបតេយ្យចេញត្រង់ចំណុចភូមិអូត្រូន កាត់ឃុំស្រែព្រះ ឆ្ពោះទៅស្រុកកែវសីមាដែលមានលេខយាមការ 48 P7043301348776។

បើតាមប្រភពពីអ្នកបើកម៉ូតូកែច្នៃដឹកអនុផលព្រៃឈើបានបង្ហើបឱ្យដឹងថា ថៅកែធំដែលចាំទទួលទិញមានឈ្មោះ លោក ងួន ជាអ្នកទិញបន្តយកទៅលក់នៅប្រទេសវៀតណាមបានដោយរលូនមិនដែលឃើញមានអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធណាហ៊ានបង្ក្រាបឡើយ។

ជាក់ស្ដែងនាយប់ថ្ងៃទី២៣-២៤-២៥ ខែកញ្ញាឆ្នាំ២០២៤ ក្រុមការងារអ្នកសារព័ត៌មានយើងបានឃើញម៉ូតូកែច្នៃរាប់សិបគ្រឿងដឹកជញ្ជូនអនុផលព្រៃឈើចេញពីភូមិអូត្រូនក៏បានថតផ្ដិតយករូបភាពរាយការណ៍ជូនលោក សុីន សត្ថា ប្រធានដែនជម្រកសត្វព្រៃកែវសីមា តាមរយៈប្រព័ន្ធតេឡេក្រាម លោកបានសរសេរមកដាក់ថា«សកម្មភាពត្រួសៗដែលបង្ក្រាបបាននៅមានរថយន្តមួយចំនួនទៀត ចោរនៅតែលួចសមត្ថកិច្ចនៅតែខិតខំបន្តទប់ស្កាត់ និងបង្ក្រាប» និងបានដាក់រូបថ្នាក់ដឹកនាំមកឱ្យអ្នកសារព័ត៌មានវិញ។

បើតាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំស្រែព្រះបានបង្ហើបប្រាប់ក្រុមការងារ អ្នកសារព័ត៌មានយើងឱ្យដឹងថា សកម្មភាពដឹកឈើតាមម៉ូតូកែច្នៃចេញបានរលូននោះគឺមេឈ្មួញបានសែនព្រេនមន្ត្រីពាក់ព័ន្ធតាមដងផ្លូវរួចរាល់អស់ហើយទើបបានចេញដោយស្រួលយ៉ាងនេះប្រភពបន្តទៀតថា មេឈ្មួញដឹកជញ្ជូនឈើតាមម៉ូតូកែច្នៃសព្វថ្ងៃរស់ នៅក្នុងឃុំស្រែព្រះ។

បើតាមប្រភពព័ត៌មានពីក្រុមឈ្មួញបានប្រាប់ឱ្យដឹងថា មេឈ្មួញដុះស្លែមានចំនួន ៣ក្រុមគឺ ទី១ ក្រុមជាងទូច ទី២ក្រុមលោករុន និងទី៣ ក្រុមលោកខ្និត។

សូមបញ្ជាក់ផងដែរថា រយៈពេល ៣ថ្ងៃ៣យប់មកហើយ ក្រុមការងារអ្នកសារព័ត៌មានយើងសង្កេតឃើញថា ម៉ូតូកែច្នៃដឹកឈើនៅតែដឹកដដែលមួយយប់មួយយប់រាប់សិបរឿងដូចជាមិនញញើតនឹងសមត្ថកិច្ចពាក់ព័ន្ធឈរជើងនៅចាំបង្ក្រាបបទល្មើសព្រៃឈើដែលនៅប្រចាំការនៅក្នុងឃុំស្រែព្រះ។

ទោះបីជាយ៉ាងណាក្តីប្រជាពលរដ្ឋទទូចស្នើសុំដល់មន្ត្រីជំនាញពាក់ព័ន្ធក្នុងមូលដ្ឋាន និងលោក ឌិន ប៊ុនធឿន អនុប្រធានមន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរី លោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេប៉េអឹមខេត្តមណ្ឌលគិរី និងជាពិសេសគោរពស្នើសុំឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត មេត្តាមានវិធានការណ៍ចាត់កម្លាំងជំនាញក្រោមឱវាទចុះត្រួតពិនិត្យបទល្មើសដឹកជញ្ជូនអនុផលព្រៃឈើនៅទីតាំងខាងលើនេះផងទានដើម្បីរក្សាការពារធនធានធម្មជាតិ ពិសេសជម្រកសត្វ និងជីវ:ចម្រុះដែលរស់នៅក្នុងព្រៃសត្វកម្រដែលកំពុងនឹងដាច់ពូជឱ្យបានគង់វង្សផងទាន។

សូមរំលឹកដែរថា ក្នុងស្រុកកែវសុីម៉ាគឺមានការល្បីល្បាញជាយូរមកហើយក្នុងករណីក្រុមបំផ្លាញព្រៃឈើរដ្ឋនេះ។

ជាពិសេសនោះជាសេចក្តីរាយការណ៌មួយជូនទៅក្រសួងបរិស្ថានដែលដឹកនាំដោយឯកឧត្តម អ៊ាង សុផល្លែត ជាប្រធានតែងតែផ្ដាំផ្ញើឱ្យមន្ត្រីថ្នាក់ក្រោមគោរពតាមបទបញ្ជារបស់ថ្នាក់ដឹកនាំបានឱ្យរក្សាការពារសម្បត្តិធនធានធម្មជាតិឱ្យនៅគង់វង្សផងដែរ ការផ្សព្វផ្សាយខាងលើនេះនឹងជ្រាបជាព័ត៌មានដល់ឯកឧត្តមហើយអង្គភាពសារព័ត៌មានយើងសង្ឃឹមយ៉ាងមុតមាំថា ឯកឧត្តមនឹងចាត់កម្លាំងចុះមកបើកការស៊ើបអង្កេតក្នុងចំណុចដូចការរៀបរាប់ខាងលើនេះទាន់ពេលវេលាផងដែរ។

អង្គភាពសារព័ត៌មានយើងចុះផ្សាយខាងលើនេះគ្មានគោលបំណងអ្វីក្រៅពីចូលរួមជាមួយរដ្ឋាភិបាល និងសេចក្តីរាយការណ៍ជូនថ្នាក់ដឹកនាំខាងលើឱ្យលោកបានជ្រាបជាព័ត៌មានពីមន្ត្រីថ្នាក់ក្រោមដើម្បីឱ្យមានភាពស្មោះត្រង់ និងជាមន្ត្រីគំរូល្អដែលមានបេសកកម្ម និងកាតព្វកិច្ចចុះមកធ្វើការព្រមទាំងការពារផងដែរមិនមែនមកធ្វើការរបៀបអ៊ែលៗកន្ទេលធំបន្លំដេករបៀបនេះនោះទេ។

អង្គភាពសារព័ត៌មានយើងខ្ញុំសូមស្វាគមន៍រាល់ការបកស្រាយពីមន្រ្តីជំនាញពាក់ព័ន្ធ និងសាមីខ្លួនជានិច្ចរៀងរាល់ម៉ោងធ្វើការគឺដើម្បីឆ្លុះបញ្ចាំងពីរការពិតសុក្រឹត និងយុត្តិធម៌តែប៉ុណ្ណោះ។ សូមអរគុណ!

 

 

 

 

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

រំលង​ទៅ​របារ​ឧបករណ៍