បំផ្ទុះថ្មភ្នំបណ្តាលឱ្យរងរបួសមនុស្សក្មេងចាស់ ចំនួន​៤នាក់​ នៅខេត្ត​កំពត

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

(កំពត)៖ ប្រជាពលរដ្ឋក្មេងចាស់ចំនួន៤នាក់ បានរងរបួសធ្ងន់ស្រាលត្រូវបានសាច់ញាតិដឹកយកទៅសង្គ្រោះព្យាបាលភ្លាមៗ សត្វគោ២ក្បាលក៏រងរបួសព្រមទាំងលំនៅឋានរបស់ប្រជាពលរដ្ឋជាច្រើនខ្នងបានរងការខូចខាតក្នុងករណីបំផ្ទុះថ្មភ្នំរបស់ក្រុមហ៊ុន ម្សៅបៀក ស្ថិតនៅភូមិចក្រខ្លី ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។

បើយោងតាមប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិ-ឃុំ ខាងលើបានឱ្យដឹងថា រឿងបំផ្ទុះថ្មភ្នំរបស់ក្រុមហ៊ុនម្សៅបៀកខាងលើនេះមិនមែនកើតឡើងជាលើកទី១នោះទេ ករណីនេះប្រជាពលរដ្ឋស្នើសុំដល់អាជ្ញាធរមេត្តាជួយទប់ស្កាត់ករណីបំផ្ទុះថ្មភ្នំនៅភូមិចក្រខ្លី ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពតនេះផងពីព្រោះថា បានធ្វើឱ្យរងផលប៉ះពាល់ជាខ្លាំងដល់លំនៅដ្ឋានផ្ទះពួកគាត់ ក៏ដូចជាអាយុជីវិតមនុស្ស និងសត្វពាហនៈ ព្រោះរឿងនេះជារឿងដដែលៗកើតមានជាយូរមកហើយ។

តាមប្រភពពីពលរដ្ឋបានបញ្ជាក់ថា ករណីនេះបានកើតឡើងកាលពីវេលាម៉ោង ០៣:១០នាទីរសៀលនាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤កន្លងទៅ។  ហេតុការនេះទី១. ការបំផ្ទុះនេះគឺផលប៉ះពាលធ្វើឱ្យខូចខាតជាខ្លាំងដល់ផ្ទះសម្បែងប្រជាពលរដ្ឋ ផ្ទះរងនូវការបាក់បែកស្ទើរទាំងស្រុងក៏ដូចជាទ្រព្យសម្បត្តិដូចជាពាងទឹក របស់របរ និងវត្ថុផ្សេងៗ។ ទី២. រងផលប៉ះពាល់សំខាន់បំផុតគឺទៅលើអាយុជីវិត និងបង្កឱ្យរងរបួសទៅលើក្មេងទើបតែមានអាយុ០៥ឆ្នាំ [ប្រាំឆ្នាំ] រងរបួសធ្លុះក្បាល០២កន្លែង និងប៉ះពាល់ទៅដល់ខួរក្បាលធ្ងន់ធ្ងរ និងបង្កឱ្យបុរសម្នាក់រងរបួសឆ្អឹងជំនីម្ខាងហើយនិងស្មាផងដែរ។

បើតាមការបញ្ជាក់បន្ថែមថា បង្កឡើងដោយក្រុមហ៊ុនម្សៅបៀក ដោយមានឈ្មោះ លីគឹមវុន ជាម្ចាស់ក្រុមហ៊ុន ហើយការបំផ្ទុះនេះមានរយៈច្រើនឆ្នាំណាស់ហើយៗប្រជាពលរដ្ឋក៏មានការប្ដឹងទៅដល់អាជ្ញាធរឃុំ/ស្រុក/ខេត្ត ផងដែរតែមិនទានមានដំណោះស្រាយដល់ប្រជាពលរដ្ឋ។

ករណីក្រុមហ៊ុនបំផ្ទុះថ្មភ្នំដែលធ្វើឱ្យប្រជាពលរដ្ឋរងរបួសខាងលើនេះដែរ លោកអភិបាលស្រុកបន្ទាយមាសបានឱ្យដឹងថា ខ្ញុំបានទទួលព័ត៌មាននេះហើយ ហើយខ្ញុំកំពុងហៅក្រុមហ៊ុនមក ចំណែកឯអ្នករងផលប៉ះពាល់ ឥឡូវខាងអាជ្ញាធរបានបញ្ជូនទៅមន្ទីរពេទ្យអស់ហើយ។

លោកបានបន្តទៀតថា ខ្ញុំបានហៅខាងក្រុមហ៊ុនមកដើម្បីជជែកជាមួយក្រុមហ៊ុន ព្រោះខាងក្រុមហ៊ុនគេមានអាជ្ញាប័ណ្ណត្រឹមត្រូវ តែលោកមិនដឹងថាក្រុមហ៊ុនដែលបានបំផ្ទុះថ្មភ្នំនោះមិនដឹងឈ្មោះក្រុមហ៊ុនអ្វីទេ។

ប្រជាពលរដ្ឋដែលរស់នៅកន្លែងនោះបានទទូចស្នើសុំទៅដល់ឯកឧត្តម ម៉ៅ ធនិន្ទ អភិបាលនៃគណៈអភិបាលខេត្តកំពត សូមមេត្តាជួយអន្តរាគមន៍ដោះស្រាយជូនទៅដល់ពលរដ្ឋដែលរងផលប៉ះពាល់ដោយសារក្រុមហ៊ុនមួយនេះ។

អង្គភាពសារព័ត៌មានយើងខ្ញុំរង់ចាំទទួលការបកស្រាយបំភ្លឺពីម្ចាស់ក្រុមហ៊ុនក៏ដូចជាអាជ្ញាធរដែលពាក់ព័ន្ធជុំវិញនូវបញ្ហាដែលប្រជាពលរដ្ឋបានលើកឡើងខាងលើ៕ សូមអរគុណ!

 

 

 

 

 

 

 

 

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

រំលង​ទៅ​របារ​ឧបករណ៍