
បទល្មើសនេសាទ (លប) ស្ទាក់ចាប់ត្រីនៅតែមានវត្តមានក្នុងចំណុចភូមិថ្កូល ស្រុកក្រគរ ខេត្តពោធិ៍សាត់មិនទាន់ឃើញមន្ត្រីជំនាញចុះទៅបង្ក្រាបឡើយ
(ពោធិ៍សាត់)៖ កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤ នេះ អង្គភាពសារព័ត៌មានយើងបានចុះទៅផ្ដិតរូបភាពនូវបទល្មើសនេសាទរបាំង (លប) ស្ថិតនៅក្នុងចំណុចភូមិថ្កូល ស្រុកក្រគរ ខេត្តពោធិ៍សាត់ ឃើញថាការរាយដាក់បទល្មើស (លប) ស្ទាក់ចាប់ត្រីមិនថាក្នុងរដូវបិទដែលជារដូវត្រីកំពង់ពងកូនក៏ដូចជារដូវបើកនេសាទនោះទេនៅតែឃើញបន្តមានវត្តមានមិនចេះអស់ធ្វើឱ្យចរាចរត្រីតាមព្រែកត្រូវក្រុមល្មើសធ្វើសកម្មភាពសំរុកដាក់ (លប) យ៉ាងអនាធិបតេយ្យដោយប្រើឧបករណ៍ខុសច្បាប់មានដូចជារបាំងសាច់អួនក្រឡាញឹកទំនើបៗ សាច់ក្រហមខៀវជាច្រើនកន្លែងដែលមានចាប់ពីចំណុច (ថ្កោល និងផ្លូវថ្មី) (ជ្រោយឃ្នាស) (កំអួតភេ) និងតំបន់អភិរក្ស {តាអួរឆ័ត្រ} ស្ថិតក្នុងតំបន់អភិរក្សរហូតជាប់ព្រំប្រទល់ខេត្តសៀមរាបស្ថិតក្នុងស្រុកកណ្ដៀងដែលជាតំបន់ត្រីកំពង់ចរាចតាមព្រែកស្ថិតក្នុងខេត្តពោធិ៍សាត់។
ប្រភពពីប្រជានេសាទតាមបែបគ្រួសារបានបង្ហើបឱ្យដឹងថា ក្រុមឈ្មួញធ្វើការនេសាទដោយប្រើឧបករណ៍ល្មើសច្បាប់ទាំងនោះគឺត្រូវបានចំណាយលុយជាច្រើនលានរៀលឱ្យទៅក្រុមជំនាញសមត្ថកិច្ចដែលជាប់ពាក់ព័ន្ធទើបអាចដាក់ (លប) បានដោយរលូនមកទល់ពេលនេះហើយក្រុមឈ្មួញដែលពូកែខាងរត់ការនោះត្រូវគេស្គាល់ឈ្មោះយ៉ាងច្បាស់ថាជាមេឈ្មួញនៅតំបន់នោះហើយរបាំងសាច់អួនទំនើបដែលក្រុមល្មើសដាក់ស្ទាក់ចាប់ត្រីដែលធ្វើឱ្យស្ទះចរាចរណ៍ត្រីកំពុងពងកូន និងធ្វើចរាចរក្នុងព្រែកមានប្រវែងចាប់ពី ៥០០ម៉ែត្រទៅ ១០០០ម៉ែត្រក្នុងមួយម្ចាស់ៗ។
តាមប្រភពដដែលខាងលើបានបន្តឱ្យដឹងទៀតថា កន្លងមកឃើញមន្ត្រីជំនាញជាច្រើនស្ថាប័នបានមកដល់ចំណុចទីតាំងរបាំងសាច់អួនទំនើបខាងលើជាញឹកញាប់ និងបានបង្ក្រាបបានច្រើនដងដែរតែភាគច្រើនគេសង្ខេបឃើញថា ការបង្ក្រាបនេះភាគច្រើនបានតែរបាំងអួនតូចតាចតែប៉ុណ្ណោះរីឯរបាំងដែលមានប្រវែងរាប់ពាន់ម៉ែត្រគឺមិនទាន់បានបង្ក្រាបបានអស់ឡើយ ឬមួយជាស្នៀតសម្ដែងរបស់សមត្ថកិច្ចជំនាញក្នុងការរកលុយដែលគេហៅថាវ៉ៃអាតូចគំរាមអាធំព្រោះថាអាធំបានលុយច្រើនក្រោយពីការបង្ក្រាបរបាំងសាច់អួនតូចតាចរួចមកក៏ក្រុមជំនាញនាំគ្នាដកខ្លួនចេញក៏រង់ចាំមើលអ្នករត់ការរបាំងធំៗមកជួបហើយមើលទៅ។
ជុំវិញបទល្មើសខាងលើកនេះធ្វើប្រជានេសាទលក្ខណៈគ្រួសារបានដាក់ការសង្ស័យទៅលោកនាយខណ្ឌរដ្ឋបាលជលផលថា ប្រហែលមានការទទួលសំណូកសូកប៉ាន់ហើយមើលទៅទើបមិនមានការបង្ក្រាបនូវបទល្មើសទាំងនេះឱ្យអស់ទាល់តែសោះ។
ទាក់ទងករណីក្រុមឈ្មួញប្រើប្រាស់ឧបករណ៍បទល្មើសនេសាទនៅចំណុចខាងលើអ្នកសារព័ត៌មានបានទូរស័ព្ទទៅកាន់លោកនាយខណ្ឌរដ្ឋបាលជលផលតាមរយៈលេខទូរស័ព្ទរបស់លោកតែមិនអាចទាក់ទងបាននៅឡើយទេនាថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ០២:៣៥នាទីនេះ។
ប្រជានេសាទលក្ខណៈគ្រួសារបានសំណូមពរទៅលោកនាយសង្កាត់រដ្ឋបាលជលផលលោកយូ សុវិចិត្រ និងលោក ភំុ វិមល នាយខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ព្រមទាំងលោក ហៃ ធូរ៉ា ប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់ សូមមេត្តាចាត់ក្រុមការងារចុះមកសិក្សា និងបង្ក្រាបនូវបទល្មើសទាំងនេះកុំចាំតែអង្គុយស្ដាប់តែរបាយការណ៍នៅតែក្នុងប៊ុយរ៉ូម៉ាស៉ីនត្រជាក់ និងកុំឱ្យមជ្ឈដ្ឋានទូទៅមានការរិះគន់ចោទប្រកាន់ក្នុងការទទួលសំណូកដោយលោកមិនបានដឹង។
ស្របតាមការបង្ក្រាបបទល្មើសនេសាទនេះលុបបំបាត់ភាពអនាធិបតេយ្យក្នុងវិស័យជលផលអនុវត្តន៍តាមបទបញ្ជា-០១របស់រាជរដ្ឋាភិបាលដែលបានដាក់ចេញឱ្យមានប្រសិទ្ធិភាពឡើង។
ជុំវិញការផ្សព្វផ្សាយព័ត៌មានខាងលើនេះអង្គភាពព័ត៌មានយើងរង់ចាំការបំភ្លឺពីអាជ្ញាធរពាក់ព័ន្ធរាល់ម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន៕