
កីឡាដេីម្បីសន្ដិភាព និងបរិស្ថាននៅកម្ពុជា វគ្គផ្តាច់ព្រ័ត្រ
(ត្បូងឃ្មុំ)៖ ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី ក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជ រដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំបានអញ្ជើញជាអធិបតីក្នុងពិធីប្រកួតកីឡាបាល់ទាត់មហាជន ស្រុកពញាក្រែក វគ្គផ្តាច់ព្រ័ត្រដណ្តើមពានរង្វាន់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង លោកជំទាវក្រោមមូលបទ «កីឡា ដើម្បីសន្តិភាព និងបរិស្ថាននៅកម្ពុជា» អបអរ សាទរខួបអនុស្សាវរីយ៍លើកទី ៤៦ នៃទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩ – ៧ មករា ២០២៥)។
ក្នុងឱកាសនោះផងដែរ ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថានមានប្រសាសន៍ថា «កីឡាមិនសំខាន់ រឿងឈ្នះចាញ់ទេតែនាំមកនូវសុខភាព មិត្តភាព សាមគ្គីភាព សន្តិភាព និងប្រាជ្ញាឈ្លាសវៃមានសុខភាពគឺមានអ្វីៗទាំងអស់ដូចប្រសាសន៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាថា «ក្នុងមួយជីវិតមនុស្សត្រូវមានកីឡាមួយសម្រាប់ខ្លួន»។
សូមបញ្ជាក់ថា ក្នុងពិធីប្រកួតកីឡាបាល់ទាត់មហាជន ស្រុកពញាក្រែក វគ្គផ្តាច់ព្រ័ត្រ ដណ្តើមពានរង្វាន់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង លោកជំទាវក៏មានការអញ្ជើញចូលរួមពីក្រុមការងារចុះមូលដ្ឋានស្រុកពញាក្រែក ឯកឧត្តម ម៉ាត់ ហ្គោហ្វូត អភិបាលរងខេត្តត្បូងឃ្មុំ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកពញាក្រែក ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស ក្រុមកីឡា និងបងប្អូនប្រជាពលរដ្ឋសរុបប្រមាណ ២០០០អង្គ/នាក់ នៅទីលានបាល់ទាត់ វិទ្យាល័យ ហ៊ុន សែន ពញាក្រែក ស្រុក ពញាក្រែក ខេត្តត្បូងឃ្មុំ។