
បន្ទាយមានជ័យជាខេត្តគំរូទីមួយក្នុងការចាត់វិធានការអ្នកមិនចូលរួមសម្អាតបរិស្ថាន
«បើមានសំរាមត្រូវជួលកម្មករប្រមូលចេញ ហើយត្រូវគិតថ្លៃពីម្ចាស់ផ្ទះដែលមិនបានចូលរួមសម្អាតបរិស្ថាន» ។ នេះជាប្រសាសន៍របស់ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យក្នុងសន្និបាតបូកសរុបការងារកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០២៤ នៅសាលប្រជុំសាលាខេត្ត ។
ក្នុងសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងទិសដៅឆ្នាំ២០២៥ ឯកឧត្តម អ៊ុំ រាត្រី បានណែនាំដល់អាជ្ញាធរក្រុង ស្រុក-ខណ្ឌ ឃុំ-សង្កាត់ ត្រូវពិនិត្យមើលបញ្ហាសំរាមដែលធ្វើឱ្យប៉ះពាល់បរិស្ថាន និងសុខភាពប្រជាពលរដ្ឋ និងបង្កឱ្យមានបញ្ហាស្ទះប្រព័ន្ធលូរំដោះទឹកប្រឈមការលិចលង់ ។ ឯកឧត្តមលើកឡើងថា «បើឃើញមានសំរាមត្រូវជួលកម្មករសម្អាតចេញហើយត្រូវទារលុយពីម្ចាស់ផ្ទះដែលមិនទុកដាក់សំរាមឱ្យបានល្អ» ។
ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា រយៈពេលកន្លងមកដូចជានៅក្រុងសិរីសោភ័ណ្ឌ និងក្រុងប៉ោយប៉ែតដែលជាកន្លែងទីប្រជុំជនសម្រាប់ទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិមកលេងកម្សាន្ត និងចូលរួមសម្អាតបរិស្ថានទីក្រុង មានសោភណ្ឌភាពដូចជានៅមានកម្រិតនៅឡើយព្រោះនៅរដូវវស្សាឃើញថា នៅក្រុងប៉ោយប៉ែតមានផ្លូវមួយចំនួននៅពេលមានភ្លៀងខ្លាំងទឹកលិចផ្លូវធ្វើឱ្យប្រជាពលរដ្ឋរស់នៅជួបការលំបាក។
ឯកឧត្តម អ៊ុំ រាត្រី បានណែនាំដល់អាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់ចំពោះសំរាម ដើម្បីការពារបរិស្ថាន និងសុខុមាលភាពប្រជាពលរដ្ឋនៅពេលឃើញសំរាមនៅកន្លែងណាត្រូវជួលកម្មករ ឬក្រុមអនាម័យសម្អាតចេញហើយត្រូវយកលុយពីម្ចាស់ផ្ទះដែលមិនបានចូលរួមសម្អាតតបរិស្ថានហើយត្រូវណែនាំធ្វើកិច្ចសន្យាបើនៅមិនស្តាប់ត្រូវមានចំណាត់ការ។
វិធានការរបស់ឯកឧត្តមអភិបាលខេត្ត ចាត់ទុកជាខេត្តទីមួយដែលមានឆន្ទៈស្រឡាញ់ និងថែរក្សាបរិស្ថានពិតប្រាកដរួមទាំងប្តេជ្ញាធ្វើឱ្យខេត្តរបស់លោកក្លាយជាខេត្តមួយស្អាត ស្អាតទាំងក្រៅ ស្អាតទាំងក្នុងមានន័យថា ស្អាតខាងក្រៅប្រៀបបាននឹងសម្រស់ឆោមលោមដែលធ្វើឱ្យភ្ញៀវទាក់ភ្នែកចង់គយគន់ និងចង់មកលេងប្រទេសកម្ពុជាចំណែកស្អាតខាងក្នុងគឺអត្តចរិតផ្នត់គំនិតធ្វើឱ្យមនុស្សជុំវិញខ្លួនគប្បីទាក់ចិត្តរស់នៅក្នុងភាពស្អាតជានិច្ច។
ដូចប្រសាសន៍របស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានធ្លាប់លើកឡើងថា កម្ពុជាស្អាតជាកម្មវិធីសម្អាតភពដែនដីដូចយើងសម្អាតផ្ទះរបស់យើងអញ្ចឹងដែរ។ បរិស្ថានជាជីវិតរបស់យើង បរិស្ថានមិនល្អ ខ្យល់អាកាសមិនល្អ វានឹងធ្វើឱ្យជីវិតយើងមិនល្អទៅតាមនោះដែរ។
សព្វថ្ងៃ ថ្វីត្បិតយើងខិតខំថែរក្សាបរិស្ថានបានយ៉ាងល្អក៏ដោយតែបញ្ហាសំរាមនៅតាមទីប្រជុំជនមួយចំនួននៅជួបបញ្ហាដូច្នេះមិនមែនក្រសួងបរិស្ថានតែមួយអាចសម្រេចគោលដៅនេះបានតែម្នាក់ឯងទេគឺត្រូវការឆន្ទៈ និងទឹកចិត្តយើងទាំងអស់គ្នាទេទើបសម្រេចបានគោលដៅដ៏ល្អបាន៕