
ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តស្វាយរៀង
នារសៀលថ្ងៃសុក្រ ១២កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥នេះ ឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀងបានអញ្ជេីញចូលរួមជាគណៈអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្ដី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ដស្វាយរៀង។
ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍ស្វាគមន៍ និងជម្រាបជូនដោយសង្ខេបអំពីសមិទ្ធផលការងារសំខាន់ៗដែលរដ្ឋបាលខេត្តសម្រេចបាន និងដំណើរការសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្ត ជាមួយនឹងការដឹកនាំដ៏ត្រឹមត្រូវ ស្វាហាប់ និងឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេចលោកបានខិតខំដោះស្រាយបញ្ហាប្រឈមនានាក៏ដូចជាការចាប់យកនូវកាលានុវត្តភាពទាំងឡាយដែលផុសឡើងក្នុងបរិការណ៍នៃការផ្លាស់ប្ដូរយ៉ាងរហ័សនៃស្ថានភាពសង្គម-សេដ្ឋកិច្ចតំបន់ និងពិភពលោកបានធ្វើឱ្យស្ថានភាពជារួមក្នុងប្រទេសជាតិយើងសម្រេចបាននូវវឌ្ឍនភាពធំៗជាច្រើនក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងទទួលបាននូវការផ្លាស់ប្ដូរមុខមាត់គួរជាទីមោទនៈនៅលើឆាកអន្តរជាតិ។
លោកជំទាវ ភឿង សកុណា មានប្រសាសន៍ថ្លែងនូវមានសេចក្តីសោមនស្សរីករាយដោយបានចូលរួមជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តស្វាយរៀងនៅថ្ងៃនេះដោយបានប្រព្រឹត្តទៅរយៈពេល ០២ថ្ងៃ និងដំណើរការទៅដោយរលូនស្របទៅតាមរបៀបវារៈ និងកម្មវិធីដែលបានគ្រោងទុកដោយមានសមាសភាពចូលរួមមកពីគ្រប់តួអង្គពាក់ព័ន្ធទាំងអស់នៅក្នុងរដ្ឋបាលខេត្តស្វាយរៀង។
លោកជំទាវបានផ្តាំផ្ញេីនូវកិច្ចការសំខាន់ៗ មួយចំនួនដល់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នៃខេត្តស្វាយរៀងនៅក្នុងឆ្នាំ២០២៥នេះមានដូចខាងក្រោម៖
១-ត្រូវខិតខំរួមគ្នាបន្តពង្រឹង និងថែរក្សាការពារនូវសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមឱ្យបានរឹងមាំ។
២-ត្រូវបង្ការទប់ស្កាត់ និងបង្ក្រាបឱ្យខានតែបាននូវរាល់សកម្មភាពឬទង្វើដែលប៉ុនប៉ងធ្វើឱ្យកម្ពុជាធ្លាក់ចូលទៅក្នុងស្ថានភាពសង្គ្រាម ភាពចលាចល វឹកវរក្នុងសង្គមដែលរៀបចំដោយក្រុមប្រឆាំងខុសច្បាប់។
៣-ត្រូវខិតខំស្រាវជ្រាវ និងបង្ការទប់ស្កាត់ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពនូវរាល់សកម្មភាព ឬការផ្សព្វផ្សាយព័ត៌មានមិនពិត ការញុះញង់ អុជអាលបង្កឱ្យមានអំពើហិង្សា ការប្រឆាំងនឹងអាជ្ញាធរសាធារណៈ និងអសន្តិសុខក្នុងសង្គមដែលអាចប៉ះពាល់យ៉ាងធ្ងន់ធរដល់សង្គមជាតិ។
៤-ត្រូវយកចិត្តទុកដាក់អប់រំប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាននៅតាមវេទិកាសាធារណៈ ឬមធ្យោបាយផ្សេងទៀតឱ្យជៀសវាងការចូលរួមក្នុងសកម្មភាពទាំងឡាយណាដែលខុសច្បាប់ និងប៉ះពាល់ដល់សន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់សាធារណៈ និងសង្គមជាតិ។
៥-ពង្រឹងយន្តការនានាក្នុងការគាំទ្រដល់ការអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព” ដោយមានផែនការច្បាស់លាស់ និងមានការចូលរួមពីគ្រប់អ្នកពាក់ព័ន្ធ។
៦-ត្រូវពង្រឹងយន្តការគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក នៅក្នុងការគ្រប់គ្រង ដឹកនាំថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមដោយត្រូវរៀបចំកិច្ចប្រជុំដើម្បីពិនិត្យ និងវាយតម្លៃសភាពការណ៍។
៧-ត្រូវបន្តជំរុញយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ឱ្យកាន់តែសកម្មព្រមៗគ្នានៅតាមមូលដ្ឋានរៀងៗខ្លួន និងត្រូវបំផុសចលនាប្រជាជនឱ្យចូលរួមកសាង “ភូមិ ឃុំ សង្កាត់គំរូគ្មានគ្រឿងញៀន”។
៨-ត្រូវបន្តជំរុញយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ឱ្យកាន់តែសកម្មព្រមៗគ្នានៅតាមមូលដ្ឋានរៀងៗខ្លួន និងត្រូវបំផុសចលនាប្រជាជនឱ្យចូលរួមកសាង “ភូមិ-ឃុំ សង្កាត់គំរូគ្មានគ្រឿងញៀន”។
៩-ត្រូវបន្តលើកកម្ពស់ការពង្រឹងសណ្តាប់ធ្នាប់ សុវត្ថិភាពសាធារណៈដោយផ្តល់អាទិភាពលើការផ្សព្វផ្សាយអប់រំ និងការណែនាំផ្ទាល់នឹងកន្លែងឱ្យប្រជាពលរដ្ឋបានយល់ដឹង និងចូលរួមសហការគោរពច្បាប់ទាំងអស់គ្នា។