
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់អគារសិក្សាថ្មី នៅវិទ្យាល័យ ហេង សំរិន ចក
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកអូររាំងឪ ស្រុកពញាក្រែក និងស្រុកត្បូងឃ្មុំបានអញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាថ្មីចំនួន០១ខ្នង កម្ពស់២ជាន់ មាន ១៦បន្ទប់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងមានការអញ្ជើញចូលរួមដោយឯកឧត្ដម ជា សុផារ៉ា ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានខេត្ដត្បូងឃ្មុំ និងជាសមាជិកអចិន្ត្រៃយ៍គណកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ព្រមទាំងមន្រ្ដីរាជការ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋប្រមាណជាង ៤០០០នាក់នាព្រឹកថ្ងៃសៅរ៍ ៥រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ ស្ថិតក្នុងបរិវេណវិទ្យាល័យ ហេង សំរិន ចក ក្នុងភូមិចំឡាក់ ឃុំចក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។
សូមបញ្ជាក់ថា៖ អគារសិក្សាថ្មី ០១ខ្នងនេះ ត្រូវបានបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ នៅវិទ្យាល័យ ហេង សំរិន ចក ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចកក្រកម្ពុជា គោរពជូនសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន តាមរយៈឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានដើម្បីចូលរួមចំណែកក្នុងការបណ្តុះបណ្តាល និងកសាងធនធានមនុស្សសម្រាប់កូនចៅប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន និងឆ្លើយតបនឹងបំណងប្រាថ្នារបស់សិស្សានុសិស្សនៃវិទ្យាល័យ ហេង សំរិន ចក សម្រាប់ការសិក្សាដើម្បីក្លាយជាយុវជន មានចំណេះដឹង ចំណេះធ្វើ មានគុណធម៌ ដើម្បីជាអ្នកបន្តវេនដ៏ល្អនាពេលអនាគត។ អគារសិក្សានេះសង់ឡើង កម្ពស់ ០២ជាន់ ស្មើនឹង ១៦បន្ទប់ មានរចនាបថខ្មែរ បំពាក់នូវសម្ភារៈប្រើប្រាស់សម្រាប់ការរៀន និងបង្រៀន និងជាអគារសិក្សាគិតគូរជាពិសេសលើបរិស្ថានទាញយកពន្លឺធម្មជាតិយកមកប្រើប្រាស់លំហូរខ្យល់អាកាសធម្មជាតិ ចេញចូលល្អ បំពាក់ថាមពលអគ្គិសនីដោយថាមពលកកើតឡើងវិញបំពេញបន្ថែមដោយការដាំដើមឈើ ថ្នាលបណ្តុះកូនឈើ សួនច្បារ ដែលផ្តល់នូវភាពស្អាត បៃតងដើម្បីលើកកម្ពស់សុខុមាលភាពរបស់សិស្សានុសិស្សនៅក្នុងការរៀនសូត្រ។