
ឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ ចំនួន៥នាក់ ក្រុមឧក្រិដ្ឋជនក្លែងបន្លំជាសមត្ថកិច្ចស្លៀកពាក់ឯកសណ្ឋានកងរាជអាវុធហត្ថ និងឯកសណ្ឋាននគរបាលជាតិធ្វើសកម្មភាពចាប់ជំរិតទារប្រាក់ (កំហែងយក)
(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ត្រី អេង ហុី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានឱ្យដឹងថា កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ចំនួន៥នាក់ ក្រុមឧក្រិដ្ឋជនក្លែងបន្លំជាសមត្ថកិច្ច ស្លៀកពាក់ឯកសណ្ឋានកងរាជអាវុធហត្ថ និងឯកសណ្ឋាននគរបាលជាតិធ្វើសកម្មភាពចាប់ជំរិតទារប្រាក់ (កំហែងយក) ។
សូមបញ្ជាក់ថា ថ្ងៃអាទិត្យ ៦រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពី លោកនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ខ្ញុំបាទ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមធ្វើសេចក្តីប្រកាសព័ត៌មានគោរពជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានជ្រាបអំពីក្រុមឧក្រិដ្ឋជនក្លែងបន្លំជាសមត្ថកិច្ច ស្លៀកពាក់ឯកសណ្ឋានកងរាជអាវុធហត្ថ និងឯកសណ្ឋាននគរបាលជាតិធ្វើសកម្មភាពចាប់ជំរិតទារប្រាក់ (កំហែងយក) ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។ ចាប់ថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តព្រះសីហនុ សហការជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងជំនាញព័ត៌មានសន្តិសុខនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេសធ្វើការស្រាវជ្រាវ ស៊ើបអង្កេត ពន្លាតដែនសមត្ថកិច្ចពីខេត្តព្រះសីហនុដល់រាជធានីភ្នំពេញឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ចំនួន៥នាក់ មានដូចខាងក្រោម៖
១- ឈ្មោះ ភិន សាឌីម ភេទប្រុស អាយុ២៦ឆ្នាំ។
២- ឈ្មោះ ហៃ ពិសិដ្ឋ ភេទប្រុស អាយុ២២ឆ្នាំ។
៣- ឈ្មោះ កុល មុន្នីរ័ត្ន ភេទប្រុស អាយុ៣០ឆ្នាំ។
៤- ឈ្មោះ ហែម សុគន្ធ ភេទប្រុស អាយុ៣៦ឆ្នាំ។
៥- ឈ្មោះ មឿន វិចិត្រ ភេទប្រុស អាយុ១៦ឆ្នាំ។