
ឃាត់ខ្លួនជនសង្ស័យបានម្នាក់ករណីកាប់រំលំដើមឈើទាលធំៗ នៅខេត្ដស្ទឹងត្រែង
(ស្ទឹងត្រែង)៖ ជនសង្ស័យម្នាក់មានឈ្មោះ លី សេន ភេទប្រុស អាយុ ៤៥ឆ្នាំ ត្រូវបានមន្ដ្រី កងរាជអាវុធហត្ថខេត្ដស្ទឹងត្រែងសហការជាមួយមន្ដ្រីជំនាញមន្ទីរបរិស្ថានខេត្ដស្ទឹងត្រែង ឃាត់ខ្លួនបានកាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥។ ជនសង្ស័យខាងលើជាមុខសញ្ញា ក្រុមមនុស្សដែលកាប់បំផ្លាញដើមឈើទាលជាច្រើនដើម មានទីលំនៅ ស្ថិតនៅភូមិរំដែង ឃុំចំការលើ ស្រុកថាឡាបរីវ៉ាត់ ខេត្ដស្ទឹងត្រែង។
បើយោងតាមប្រធានមន្ទីរបរិស្ថានខេត្ដស្ទឹងត្រែង លោក ស្រេង សុខហេង បានឱ្យដឹងថា នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ លោកបានទទួលដំណឹងថា មានការលបលួចចូលកាប់ និងផ្ដួលរំលំដើមឈើទាល និងអាជ្រៀកធ្វើគ្រឿងផ្ទះប្រមាណជា ៤៩ដើម ស្ថិតនៅភូមិទាល់ ឃុំអន្លង់ភេ ស្រុកឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង នៅថ្ងៃទី៣០ ខែមករា លោក និងមន្ដ្រីជំនាញរួមទាំងអាជ្ញាធរស្រុក និងកងកម្លាំងសមត្ថកិច្ចបានចុះទៅពិនិត្យក៏បានឃើញថា មានករណីកាប់រំលំដើមឈើទាលពិតប្រាកដមែនមានគល់សរុប ៥៦គល់ដែលបានកាប់ក្នុងនោះដើមនីមួយៗមានអង្កត់ផ្ចិតចាប់ពី ៤០សង់ទីម៉ែត្ររហូតដល់ ១០០សង់ទីម៉ែត្រ។
ក្រោយមក នៅថ្ងៃទី៣១ ខែមករា លោកបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្ដស្ទឹងត្រែងដើម្បីចាត់ការតាមនីតិវិធី។
ក្រោយពីតាមស៊ើប និងតាមដានមុខសញ្ញា រហូតមកដល់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំងកងរាជអាវុធហត្ថបានឃាត់ខ្លួនបុរសម្នាក់ឈ្មោះ លី សេន សង្ស័យជាជនបង្កចូលកាប់ផ្ដួលរំលំដើមឈើទាលខាងលើ និងបានបញ្ជូនជនសង្ស័យរូបនេះទៅកាន់សាលាដំបូង ខេត្ដស្ទឹងត្រែងនៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។
សូមបញ្ជាក់ផងដែរថា ករណីខាងលើនេះ រដ្ឋបាលខេត្ដស្ទឹងត្រែង ឯកឧត្ដម សរ សុពុត្រា និងគណៈបញ្ជាការឯកភាពខេត្ដនៅតែបន្ដវែកមុខជនបង្ក និងយកមកអនុវត្ដតាមនីតិវិធីច្បាប់ដោយមិនមានការលើកលែងនោះទេ៕