
លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ អញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ផ្នែកក្រៅប្រព័ន្ធនៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
(ភ្នំពេញ)៖ លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានផែ្នកក្រៅប្រព័ន្ធ យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាលបានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ផែ្នកក្រៅប្រព័ន្ធនៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល នាព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវិមាន ៧មករា រាជធានីភ្នំពេញ និងមានការអញ្ជើញចូលរួមពីអនុប្រធានផែ្នក និងសមាជិកជំនួយការចំនួន ២១២នាក់។
ក្នុងឱកាស មតិស្វាគមន៍បើកកិច្ចប្រជុំ លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានអង្គប្រជុំបានលើកឡើងថា ផ្នែកក្រៅប្រព័ន្ធដែលជាយន្តការ ចំណុះរបស់យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជាប្រធាន យុវជនគណបក្សថ្នាក់កណ្តាល។
បន្ដមក ឯកឧត្ដម ង៉ូវ បូរីណា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងជាអនុប្រធានផែ្នកក្រៅប្រព័ន្ធនៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាលបានអានរបាយការណ៍សរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៥ ជូនអង្គប្រជុំអំពីវឌ្ឍនភាពការងារ ឆ្នាំ២០២៤ និងទិសដៅការងារសម្រាប់ឆ្នាំ២០២៥។
ឯកឧត្ដម ម៉ឹង ពន្លក សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានផែ្នកក្រៅប្រព័ន្ធនៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល បានអានសេចក្តីជូនដំណឹង ស្តីពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥។
កិច្ចប្រជុំនេះបានលើកយករបៀបវារៈសំខាន់ៗ ចំនួន០៤ ដើម្បីធ្វើការពិភាក្សាដូចមានខាងក្រោម៖
– ផ្សព្វផ្សាយសេចក្តីជូនដំណឹងស្តីពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា។
– ពិនិត្យ ពិភាក្សាលើព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ ដែលបានអាន និងសុំអនុម័ត។
– ប្រកាសសមាសភាព ថ្នាក់ដឹកនាំ និងសមាជិកដែលបានចាត់តាំងថ្មីក្នុងនោះគឺ អនុប្រធានផ្នែកចំនួន ២រូបគឺ ឯកឧត្តម ង៉ូវ បូរីណា និងឯកឧត្តម សរ សុពុត្រា និងសមាជិកផ្នែក ចំនួន ២រូប គឺឯកឧត្តម ប្រាក់ សោភ័ណ និងលោក ស្រ៊ន សំឬទ្ធី។
– ប្រជុំបានពិភាក្សា អំពីសកម្មភាព បទពិសោធន៍ ចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម ឱកាស និងសំណូមពរក្នុងការកៀរគរយុវជនក្រៅប្រព័ន្ធឱ្យបន្តគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។
មុននឹងបិទបញ្ចប់ ឯកឧត្ដម ងួន រតនៈ អនុប្រធានផ្នែកនៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាលបានចូលរួមជាមតិពិភាក្សា និងផ្ដល់នូវបទពិសោធន៍ការងារលើការដឹកនាំ និងកិច្ចការមូលដ្ឋានជាយុទ្ធសាស្ដ្រជូនអង្គប្រជុំផងដែរ។
នៅវេលាម៉ោង ១១:៥០នាទី កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ ត្រូវបានបិទបញ្ចប់ប្រកបដោយភាតរភាព និងសេចក្ដីរីករាយយ៉ាងក្រៃលែងព្រមទាំងបានប្រគល់សេចក្ដីសម្រេចតែងតាំងសមាសភាពជូនថ្នាក់ដឹកនាំ និងសមាជិកជំនួយការផងដែរ។