
អាវុធហត្ថរាជធានីភ្នំពេញចូលរួមអបអរសាទរ ទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១១៤
នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ត្រី ច័ន្ទ វាសនា មេបញ្ជាការរងកងរាជអាវុធហត្ថរាជធានីភ្នំពេញទទួលការងារកសាងកម្លាំងតំណាង លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានជួបសំណេះសំណាល ជាមួយអាវុធហត្ថនារីនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញព្រមទាំងបុគ្គលិកនារីបម្រើការងារក្នុងអង្គភាពសរុប២៨នាក់ដើម្បីសម្តែងការអបអរសាទរ ខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប»។ តម្លៃនៃការចូលរួមរបស់ស្ត្រីគឺមិនអាចកាត់ថ្លៃបានក្នុងការថែរក្សាសុខសន្តិភាពក៏ដូចជាកំពុងចូលរួមយ៉ាងសកម្ម ក្នុងការពន្លឿនកិច្ចអភិវឌ្ឍន៍លើគ្រប់វិស័យ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី ច័ន្ទ វាសនា ក៏បាននាំយកអំណោយអនុស្សាវរីយ៍របស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រគល់ជូនដល់នារីទាំង២៨នាក់ផងដែរ៕