
លោកជំទាវ ជា សុផាកន្នី ដឹកនាំប្រតិភូនារីក្រសួងបរិស្ថានចូលជួបសម្តែងការគួរសម និងជូនពរសម្តេច ម៉ែន សំអន ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍បានអនុញ្ញាតឱ្យលោកជំទាវ ជា សុផាកន្នី ភរិយាឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានកិត្តិយសគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងបរិស្ថានដឹកនាំប្រតិភូនារីក្រសួងចូលជួបសម្តែងការគួរសម និងជូនពរក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ ” សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប ” នៅភូមិគ្រឹះសម្តេចនាព្រឹក ថ្ងៃសៅរ៍ ១០កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥។
ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានថ្លែងកោតសសើរចំពោះ លោកជំទាវ ជា សុផាកន្នី ដែលតែងតែបំពេញតួនាទីបានយ៉ាងសកម្មក្នុងការដឹកនាំនារីក្រសួងបរិស្ថានបំពេញការងារស្នូលផង និងការងារសង្គម មនុស្សធម៌ផងដែលសកម្មភាពទាំងនេះជាផ្នែកមួយក្នុងការចូលរួមចំណែកលើកកម្ពស់ សិទ្ធិ សេរីភាពនារីក្រសួងបរិស្ថាន ក្រោមជំនួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាង ពីសំណាក់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន។
សម្តេចបានបន្តទៀតថា នៅក្នុងអាណត្តិទី៧ នេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានបន្តកំណត់ការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្ត្រី និងក្មេងស្រីនៅគ្រប់វិស័យជាអាទិភាពនៅក្នុងរបៀបវារៈគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ តាមរយៈការពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដែលក្នុងនោះ «ស្រ្តីគឺជាស្នូល» ស្របទៅនឹងទិសស្លោករបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត ដែលបានថ្លែងថា «នៅក្នុងផ្ទះ បើមិនមានភរិយាខ្លាំង មិនមានម្តាយល្អ នោះស្វាមី និងឪពុកក៏ពិបាកនឹងមានឱកាសគ្រប់គ្រាន់ធ្វើរឿងជោគជ័យនៅខាងក្រៅដែរ»។
សម្តេចកិត្តិសង្គហបណ្ឌិតក៏បានជូនពរឱ្យលោកជំទាវ ជា សុផាកន្នី និងលោកជំទាវ លោកស្រី ដែលជាសមាជិកានៃសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងបរិស្ថានកាន់តែទទួលបានការគាំទ្រ និងជោគជ័យបន្ថែមទៀតក្នុងការងារ៕